ទាំងអស់នេះបានចាប់ផ្តើមតាំងពីឆ្នាំ ២០១៦ នៅពេលដែលក្រុមហ៊ុន Jaguar Land Rover បានសម្រេចចិត្តប្តឹងទៅក្រុមហ៊ុន Jiangling Motor Corporation ពីបទរំលោភលើការរក្សាសិទ្ធិ។ Land Wind X7 របស់ក្រុមហ៊ុនផលិតរថយន្តចិនមើលទៅស្រដៀងនឹង Range Rover Evoque ។ ការចម្លងម៉ូដដែលធ្វើដោយក្រុមហ៊ុននៅប្រទេសចិន មិនមែនជាលើកទីមួយនោះទេ។ តែចំពោះករណីរបស់ Land Wind X7 គឺពិតជាដូចខ្លាំងពេក ដែលធ្វើឱ្យ Jaguar Land Rover ទ្រាំមិនប្តឹងមិនបាន។

ទើបតែនៅខែមីនាឆ្នាំមុន ក្រុមហ៊ុន JLR អាចទាមទារយកជ័យជម្នះលើក្រុមហ៊ុនចិន ដោយពឹងផ្អែកលើលើច្បាប់ប្រកួតប្រជែងមិនយុត្តិធម៌។ លទ្ធផលនេះបានធ្វើឱ្យតុលាការប្រជាជនទីក្រុងឆាវយ៉ាងនៃទីក្រុងប៉េកាំងបញ្ជាឱ្យក្រុមហ៊ុន Jiangling បញ្ឈប់រាល់ការប្រកួតប្រជែងដោយអយុត្តិធម៌ រួមទាំងការផលិតការដាក់បង្ហាញនិងការលក់ឡាន Land Wind X7 ។ ទីបំផុតករណីនេះត្រូវបានដោះស្រាយ។ តែវាមិនចប់ត្រឹមនេះទេ។
ក្រុមហ៊ុន Jiangling Holdings Co Ltd បានដាក់ពាក្យបណ្តឹងឧទ្ធរណ៍ភ្លាមៗ ត្រឡប់ទៅវិញ។ មានតែថ្ងៃនេះទេ ដែលលទ្ធផលសម្រេចចេញជាផ្លូវការ។ យោងតាមការត្រួតពិនិត្យច្បាប់ជាតិតុលាការកំពូលរបស់ប្រជាជនចិនថ្មីៗនេះ បានច្រានចោលបណ្តឹងឧទ្ធរណ៍របស់ក្រុមហ៊ុនJiangling ។

រថយន្ត Land Wind X7 ថ្វីត្បិតតែជាការចម្លងម៉ូដរបស់រថយន្ត Range Rover Evoque ក៏ដោយ តែវាមានតម្លៃថោកជាងឆ្ងាយ។ វាមានតម្លៃត្រឹមតែ ២ម៉ឺនដុល្លារ ខណៈដែល Range Rover Evoque ថ្លៃចាប់ពី ៤២៦៥០ដុល្លារ។ ករណីនេះមិនត្រឹមតែជាបញ្ហាធំសម្រាប់ JLR ប៉ុណ្ណោះទេ ប៉ុន្តែវាក៏ជាគំរូថ្មីផងដែរ។
ក្រុមហ៊ុនផលិតរថយន្តចិនផ្សេងទៀត ឥឡូវនេះអាចងាយនឹងប្តឹងដោយក្រុមហ៊ុនផលិតរថយន្តលោកខាងលិច ចំពោះការរំលោភបំពានច្បាប់រក្សាសិទ្ធិផ្ទាល់ខ្លួន។ សម្រាប់ពេលនេះក្រុមហ៊ុន JLR បានទទួលជោគជ័យលើការជម្រះក្តី ដែលមិនសមនឹងចំណាយពេល៤ឆ្នាំក្នុងការរង់ចាំ ៕
ចែករំលែកព័តមាននេះ