មានករណីខ្លះ ការពង្រីកអាជីវកម្មប្រៀបដូចជាការព្យាយានសម្រកទម្ងន់ដែរ។ មនុស្សភាគច្រើនតែងតែមានគោលដៅច្បាស់លាស់នៅដើមឆ្នាំ និងចាប់ផ្តើមអនុវត្តវាដោយម៉ឺងម៉ាត់ បន្ទាប់មកបរាជ័យ និងត្រលប់ទៅកាន់ទម្លាប់អាក្រក់ៗពីមុនវិញ ហើយចុងក្រោយក៏ខឹងនឹងខ្លួនឯងដែលមិនអាចសម្រេចអ្វីដែលខ្លួនបានកំណត់។
ដើម្បីជៀសវាងមិនឲ្យអាជីវកម្មរបស់អ្នកជួបនឹងលទ្ធផលដូចខាងលើ អ្នកអាចសាកល្បងជំហានងាយៗទាំងនេះបានដើម្បីពង្រីកអាជីវកម្មរបស់អ្នក៖
១. វិភាគមើលកំហុសឆ្គងរបស់អ្នក
តើការងារឬគោលដៅអ្វីដែលមានសារៈសំខាន់ជាងគេសម្រាប់អ្នក? តើអ្នក និងក្រុមការងាររបស់អ្នកចំណាយពេលធ្វើអ្វីច្រើនជាងគេ? តើកិច្ចការទាំងនោះស្របទៅនឹងគោលដៅសំខាន់ៗរបស់អ្នកដែរឬទេ? សំណួរទាំងនេះនឹងជួយឲ្យអ្នកមើលឃើញថាតើអ្វីដែលអ្នកកំពុងធ្វើជារៀងរាល់ថ្ងៃកំពុងតែជួយឲ្យអ្នកខិតជិតទៅនឹងគោលដៅដែលអ្នកចង់សម្រេចឬទេ។ ប្រសិនបើអ្នកគិតឃើញថាវាមិនស្របទេនោះ អ្នកត្រូវចេះកែសម្រួលវា។
២. ពង្រឹងចំណុចខ្លាំងរបស់អ្នក
ជាទូទៅ រាល់ពេលដែលអ្នកវាយតម្លៃអាជីវកម្មខ្លួនឯង អ្នកតែងតែមានទម្លាប់មិនល្អក្នុងការផ្តោតស្មារតីតែលើចំណុចខ្សោយរបស់ខ្លួន។ ប៉ុន្តែវិធីល្អក្នុងការបន្តដំណើរទៅមុខគឺងាកមកវាយតម្លៃលើចំណុចខ្លាំងអ្នកវិញ។ តើអ្នកមានសមត្ថភាពផ្នែកអ្វីខ្ពស់ជាងគេ? តើមានឱកាសក្នុងការពង្រឹងវាឲ្យកាន់តែខ្លាំងជាងមុនឬទេ? ហើយបើមាន តើអាជីវកម្មរបស់អ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ពីវាទេ?
៣. វាយតម្លៃចំណុចខ្សោយ
គ្រប់អាជីវកម្មទាំងអស់តែងតែមានចំណុចខ្វះខាត ហើយអាជីវករតែងតែដាក់សម្ពាធលើខ្លួនឯងក្នុងការលុបបំបាត់ចំណុចខ្វះខាតទាំងនេះ។ ប៉ុន្តែអ្នកមិនអាចដោះស្រាយរាល់បញ្ហាទាំងអស់ក្នុងពេលតែមួយទេ។ ហើយពេលខ្លះអ្វីដែលអាជីវកម្មរបស់អ្នកត្រូវការគឺមិនមែនឲ្យអ្នកដោះស្រាយបញ្ហាទាំងនោះទាំងស្រុងទេ តែអ្នកអាចនឹងទទួលបានអត្ថប្រយោជន៍ច្រើនជាងប្រសិនបើអ្នកវិនិយោគពេលវេលានិងកម្លាំងលើចំណុចខ្លាំងរបស់អ្នកវិញ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ