រឿង​ដែល​អ្នក​ត្រូវធ្វើ​ភ្លាម​ៗ ក្រោយ​សម្ភាស​ការងារ​ធ្លាក់


តើ​អ្នកមាន​ដែល​អង្គុយ​រង​ចាំ​អ៊ីមែល ឬ​ទូរស័ព្ទ​ពី​កន្លែងធ្វើការ​ដែល​អ្នក​បាន​ទៅ​សម្ភាស​ការងារ​តែ​មិន​ទទួល​បាន​ដំណឹង​ទាល់តែ​សោះ​ទេ? ឬ​មួយ​ទទួល​បាន​ដែរ​ប៉ុន្តែ​វា​បែរជា​ព័ត៌មាន​មិនល្អ​ទៅ​វិញ? ប្រាកដ​ណាស់ មិន​មាន​នរណា​ដែល​ពេញចិត្ត​នឹង​ស្ថាន​ការ​នេះ​ទេ ប៉ុន្តែ​អ្នក​មិន​គួរ​បាក់ទឹកចិត្ត​ទាំងស្រុង​ឡើយ​ព្រោះ​មាន​វិធីសាស្ត្រ​មួយ​ដែល​អ្នក​អាច​ធ្វើ​បាន​ក្នុង​ស្ថាន​ការ​នេះ​ដែល​ជួយ​បើកផ្លូវ​ឲ្យ​អ្នក​នា​ពេល​អនាគត ។

ជាក់ស្តែង​ពេល​ដែល​អ្នកដឹង​ថា​អ្នក​មិន​ទទួល​បានការ​ងារ​នោះ​ហើយ អ្នក​ប្រហែល​មាន​អារម្មណ៍​ខឹង ឬ​ស្អប់​កន្លែង​នោះ ហើយ​ជា​លទ្ធផល អ្នក​ក៏​មិន​តប​ទៅ​នឹង​អ៊ីមែល​នោះ​ទាំងស្រុង ។ ប៉ុន្តែ​ជម្រើស​នេះ​ប្រៀប​ដូច​ជា​បិទ​ឱកាស​ខ្លួនឯង​ទាំងស្រុង​ទេ ។

អ្វី​ដែល​អ្នក​គួរតែ​គិត​គឺ ចុះ​ប្រសិនបើ​មនុស្ស​ដែល​ក្រុមហ៊ុន​នោះ​ជ្រើសរើស​បាន​បដិសេធ​នឹង​ការងារ​នោះ? ឬ​ចុះ​ប្រសិនបើ​ក្រុមហ៊ុន​សម្រេច​ថា​ពួក​គេ​ត្រូវការ​បុគ្គលិក​បន្ថែម​ទៀត? ប្រសិនបើ​ការ​ឆ្លើយ​តប​របស់​អ្នក​គួរ​ឲ្យ​ចាប់អារម្មណ៍ នោះ​អ្នក​អាច​ជា​ជម្រើស​ទី​មួយ​ដែល​ក្រុមហ៊ុន​ទាក់ទង​ទៅ​នៅ​ពេល​ដែល​ពួក​គេ​ខ្វះ​មនុស្ស ។ ដូច្នេះ​ក្រៅពី​ឆ្លើយ​តប​ថា​អរគុណ​ដែល​បាន​ផ្តល់​ឱកាស​សម្រាប់​ការ​សម្ភាសន៍​ហើយ អ្នក​អាច​បន្ថែម​ថា​៖

«​ខ្ញុំ​យល់​ពី​ការ​សម្រេចចិត្ត​របស់​អ្នក និង​ពិតជា​អរគុណ​សម្រាប់​ឱកាស​ដែល​អ្នក​បាន​ផ្តល់​ឲ្យ ។ សូមអ្នក​រក្សា​ខ្ញុំ​ជា​ជម្រើស​មួយ​សម្រាប់​ឱកាស​នា​ថ្ងៃ​អនាគត​បន្ត​ទៅ​ទៀត ព្រោះ​ខ្ញុំ​ពិតជា​គោរព​ស្រលាញ់​ក្រុមហ៊ុន​របស់​អ្នក និង​មាន​គោលបំណង​ចង់​ចូលរួម​ជាមួយ​អ្នក​នៅ​ពេល​ដែល​ឱកាស​មក​ដល់​» ។

មេរៀន​សំខាន់​ដែល​អ្នក​ត្រូវ​រៀន​ពី​អត្ថបទ​នេះ គឺ​អ្នក​ត្រូវ​មើលឃើញ​ការ​បដិសេធ​ជា​ឱកាស​ដែល​អ្នក​អាច​រក្សា​ទំនាក់ទំនង​ជាមួយនឹង​ក្រុមហ៊ុន​មួយ​វិញ ឬ​ជា​កន្លែង​ដែល​អ្នក​នៅ​តែ​ចង់​ចូល​ទៅ​ធ្វើការ​ជាមួយ ។ ប៉ុន្តែ​គន្លឹះ​សំខាន់ គឺ​អ្នក​ត្រូវ​តែ​ឆ្លើយ​តប​ភ្លាម​ៗ និង​បង្ហាញ​ពី​ជំនឿ​ចិត្ត​លើ​ខ្លួនឯង ។ ប្រាកដ​ណាស់ អ្នក​មិន​ទទួល​បាន​ឱកាស​នេះ​ទេ តែ​ជីវិត​នៅ​តែ​បន្ត​ដើរទៅ​មុខ​ដដែល ហើយ​ការ​រក្សា​ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​ដទៃ​អាច​ជួយ​បង្កើត​ឱកាស​ឲ្យ​អ្នក​នៅ​ថ្ងៃក្រោយ​បាន ៕

Facebook Google Twitter Email

គួរ​យល់​ដឹង

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ