រាជធានីភ្នំពេញ ៖ ស្ត្រីជាភេទទីបីម្នាក់ ត្រូវបានសង្សារជាស្ត្រីកំណាន់របស់ខ្លួនបានសំលាប់ប្លន់យកគ្រឿង អលង្កា ។ ចំណែកស្ត្រីជាជនដៃដល់គេបានអះអាងថា ជាម្តាយរបស់តារាស្រីល្បីឈ្មោះម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមផងដែរ នៅយប់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២០ នៅក្នុង VILLA TOWN ផ្លូវលេខ V16A ផ្ទះលេខ L45A សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ ។
ស្ត្រីរងគ្រោះឈ្មោះសុខ លី ជាភេទទី៣ អាយុ៤៨ឆ្នាំ មុខរបរចងការប្រាក់ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ ខណ្ឌទួលគោក ។ ដោយឡែក ស្ត្រីជាជនដៃដល់សមត្ថកិច្ចមិនទាន់អោយស្គាល់អត្តសញ្ញាណនៅឡើយទេ គ្រាន់តែដឹងថា ជាម្តាយរបស់តារាល្បីឈ្មោះម្នាក់ ដែលសុំមិនទាន់បញ្ចេញឈ្មោះ។
តាមប្រភពព័ត៌មានពីសាច់ញាតិជនរងគ្រោះបានអោយដឹងថា ជនរងគ្រោះជាមនុស្សស្រីធ្វើខ្លួនជាភេទទីបី ស្រីស្រលាញ់ស្រីដូចគ្នា និងមានមុខរបរជាអ្នកចងការប្រាក់មានលុយកាក់សល់ច្រើន ហើយជនរងគ្រោះធ្លាប់មានទំនាក់ទំនងគ្នាជាមួយនឹងស្ត្រីជនដៃដល់ជាយូរមកហើយ ដោយមានការលាក់លៀមពីគ្រួសារ ។
ប្រភពដដែលបានឱ្យដឹងទៀតថា ជនរងគ្រោះមិនដែលធ្លាប់បាត់ចេញពីផ្ទះមួយយប់ ទល់ភ្លឺម្តងណានោះទេ ទើបតែនៅថ្ងៃទី១១ មករា ឆ្នាំ២០២០ ជនរងគ្រោះបានបាត់ដំណឹងទូរសព័្ទចូលក៏មិនទទួលធ្វើអោយពួកគាត់ជាសាច់ញាតិឆ្ងល់ហើយបារម្ភ ។
លុះដល់ថ្ងៃកើតហេតុ នៅវេលាម៉ោង១រសៀល ថ្ងៃទី ១២ ខែមករា ឆ្នាំ២០២០ ក៍ស្រាប់តែក្រុមគ្រួសារ សាច់ញាតិ បានលេចឮដំណឹងតាមទូរស័ព្ទ តគ្នា ថាជនរងគ្រោះ បានស្លាប់នៅ ផ្ទះកើតហេតុខាងលើដែលជាផ្ទះវីឡារបស់ជនសង្ស័យដៃដល់ស្នាក់នៅ ដោយមិនដឹងមូលហេតុ ។ គ្រាន់តែទទួលដំណឹងបែបនេះ ពួកគាត់ជាសាច់ញាតិនាំគ្នាទៅដល់ផ្ទះកើតហេតុ ព្រោះសាច់ញាតិ ក៏ស្គាល់ផ្ទះរបស់ជនសង្ស័យដែរ ។
ពេលទៅដល់ផ្ទះកើតហេតុ ស្ត្រីជាជនដៃដល់បើកទ្វារអោយចូល ហើយនិយាយប្រាប់ថា ជនរងគ្រោះបានស្លាប់បន្ទាប់ពីហូបបាយហើយ គាត់ក៏ទៅមើលនៅក្នុងផ្ទះឃើញជនរងគ្រោះបានដេកស្លាប់នៅក្នុងផ្ទះ បាយដោយមានខ្នើយកើយត្រឹមត្រូវនិងមានស្នាមនៅក ស្នាមចងដៃ ចងជើង ព្រមទាំង បាត់ចិញ្ជៀនពេជ្រ ២វង់ តំលៃជិត២ម៉ឺនដុល្លារ និងខ្សែក ព្រមទាំងលុយមួយចំនួនទៀតហើយភ្លាមៗនោះដែរ ពួកគាត់ជាសាច់ញាតិ មិនអស់ចិត្ត ក៍សុំអោយសមត្ថកិច្ច មូលដ្ឋាននិង ជំនាញកោសល្យវិច័យក្រុងភ្នំពេញ ព្រមទាំង គ្រូពេទ្យជំនាញ បានចុះទៅពិនិត្យនៅកន្លែងកើតហេតុ រកឃើញ ស្លាកស្នាម ជាង១០កន្លែងនៅលើខ្លួនសពជនរងគ្រោះ ។
សមត្ថកិច្ចបានបញ្ជាក់ថាសពជនរងគ្រោះ គឺស្លាប់ដោយ សារផ្ទប់ដង្ហើម (ឃាតកម្ម) និងមានស្លាកស្នាមនៅលើខ្លួនប្រាណដោយប្រើហិង្សាជាង១០កន្លែងទៀត ទើបសមត្ថកិច្ចឃាត់ខ្លួន ស្ត្រីដែលជាសង្សាររបស់ជនរងគ្រោះយកទៅ សាកសួរនៅប៉ុស្តិ៍នគរបាល ចាក់អង្រែក្រោមតែម្ដង ។
ពេលសួរនាំស្ត្រីដែលជាជនសង្ស័យបានសារភាពប្រាប់សមត្ថកិច្ចថា រូបគេពិតជាបានសំលាប់ ជនរងគ្រោះ តែម្នាក់ឯងគត់ ។ ទោះបីជាយ៉ាងណាសមត្ថកិច្ចកំពុងសាកសួរស្ត្រីជាជនដៃដល់បន្តទៀត ដើម្បីស្រាវជ្រាវជុំវិញករណីឃាតកម្មខាងលើនេះ ដោយសារសមត្ថកិច្ចមិនទាន់ជឿថាករណីនេះជនដៃដល់ធ្វើសកម្មភាពតែម្នាក់ឯងទេ ព្រោះ ជាស្រីដូចគ្នា អាចមានអ្នកផ្សេងទៀតចូលរួមធ្វើសកម្មភាពជាមួយដែរ ។
ព័ត៌មានពិស្តារនឹងមានផ្សាយជូនបន្តនៅកាសែតកោះសន្តិភាព ។
ចែករំលែកព័តមាននេះ