ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

របៀប​ថែរក្សាក្រោយការ​វះកាត់ភ្នែកឡើងបាយ​បញ្ញត្តិដាច់ខាត គឺមិនឱ្យ​ទឹកចូល​ភ្នែក

9 ឆ្នាំ មុន

ជំងឺ​បាយភ្នែកគេអាចព្យា​បា​លបានតាមរយៈការ​វះកាត់ ហើយក្រោយ​ពីវះកាត់​អ្នកជំងឺអាចមើលឃើ​ញដូចដើមវិញ ។ ប៉ុន្តែក្រោយ​ពី​ការវះកាត់ ក៏ត្រូវមានការ​ថែទាំយ៉ាងយកចិត្តទុក្ខ​ដាក់ ជាពិសេស​ហាមដាច់ខាត គឺមិនឱ្យភ្នែក​ដែលត្រូវវះកាត់នោះចូល​ទឹកទេ បើ​មិន​ដូច្នេះ​ទេ ភ្នែករបស់លោកអ្នកអាច​នឹងមានបញ្ហា​ធ្ងន់ធ្ងរ ។

ជំងឺ​បាយភ្នែកគេអាចព្យា​បា​លបានតាមរយៈការ​វះកាត់ ហើយក្រោយ​ពីវះកាត់​អ្នកជំងឺអាចមើលឃើ​ញដូចដើមវិញ ។ ប៉ុន្តែក្រោយ​ពី​ការវះកាត់ ក៏ត្រូវមានការ​ថែទាំយ៉ាងយកចិត្តទុក្ខ​ដាក់  ជាពិសេស​ហាមដាច់ខាត គឺមិនឱ្យភ្នែក​ដែលត្រូវវះកាត់នោះចូល​ទឹកទេ  បើ​មិន​ដូច្នេះ​ទេ ភ្នែករបស់លោកអ្នកអាច​នឹងមានបញ្ហា​ធ្ងន់ធ្ងរ ។

ជួបជាមួយ​លោកវេជ្ជបណ្ឌិត ងី ម៉េត នាយកមន្ទី​រពេទ្យមិត្តភាព​ខ្មែរ-សូវៀត និងជាប្រធានក​ម្មវិធីជាតិសុខ​ភាពភ្នែក បានប្រាប់​កោះ​ស​​ន្តិភាព​ថា អ្នកដែលទើបតែទទួល​ការវះកាត់ដោយបច្ចេក​ទេសខ្ពស់ និងជាបច្ចេកវិទ្យាចុង​ក្រោយដែល​កំពុងប្រើ​ប្រាស់សព្វថ្ងៃ​នៅលើ​ពិភព​លោកកែវសិប្ប​និម្មិត (IOL) ដែលអ្នក​បានជ្រើសរើស គឺមាន​គុណភាពខ្ពស់ និងតម្រូវតាម​ទម្រង់ភ្នែក​ជួយឱ្យ​អ្នក​មើល​ឃើញ​បានច្បាស់ល្អ ។ ដូច្នេះដើម្បីឱ្យមុខរបួសឆាប់​ជាសះស្បើយ ក្រោយពីទទួល​ការវះកាត់ភ្នែក​ឡើងបាយ លោកអ្នកចាំបាច់​ត្រូវ​ធ្វើតាមការ​ណែនាំរបស់គ្រូ​ពេទ្យឯកទេសដូច​ខាងក្រោម ៖

១.ធ្វើតាមការណែនាំ ៖ រយៈពេល១ថ្ងៃក្រោយពីវះកាត់
-ចៀសវាងញី​ភ្នែក បើទោះជាក្នុង​ភ្នែករមាស់ ឬក្រហាយ
-ការពារការ​ប៉ះទង្គិចដល់ភ្នែក ត្រូវពាក់​វ៉ែនតាការពារ​កម្តៅថ្ងៃ (Sun Glass) ។ បិទ​ប្រដាប់ការ​ពារភ្នែក (Eye Shield) នៅ​ពេល​យប់ ។

២.ប្រការគួរចៀសវាង ៖
-មិនត្រូវឱ្យទឹកចូល​ភ្នែកដែលវះកាត់នោះ​ជាដាច់ខាត
-ប្រើកន្សែង​សើមស្អាតជូតមុខជំនួស​ការលុបមុខ
-ចៀសវាង​កក់សក់ខ្លួនឯ​ង អាចកក់សក់​នៅហាងអ៊ុតសក់ ដោយចៀស​វាងទឹកចូលភ្នែកដែលបានវះ​កាត់នោះ ។

វិធីសាស្ត្រដ៏ត្រឹមត្រូវក្នុងការសម្អាតភ្នែកដូចជា ៖
-ដោះប្រដាប់ការ​ពារភ្នែក (Eye Shield) ដាក់​លើក្រណាត់ស្អាត ។
-លាងដៃនឹងទឹក​សាប៊ូយ៉ាងតិច១៥​វិនាទី បន្ទាប់មកយក​កន្សែង ឬក្រណាត់ជូត​ដៃឱ្យស្អាត ។
-នៅពេលអ្នក​ជំងឺសម្លឹងចុះក្រោមត្រូវ​សម្អាតត្របកភ្នែកខាងលើ​ដោយប្រើគល់សំឡីទី១ជូត​សម្អាតកន្លែងក្បែររោមភ្នែក ចាប់ពីកៀន​ច្រមុះទៅ​ដល់កន្ទុយភ្នែក ។ ត្រូវជូត​ពីកន្លែងក្បែររោម​ភ្នែកចេញមកក្រៅ មិនត្រូវជូតពីក្រៅ​ចូលក្នុងភ្នែកទេ ។ ចំណែក​ឯគល់សំឡីម្ខាង​ទៀត យើងអាចប្រើ​វា ដើម្បីជូតត្របកភ្នែក​ខាងក្រោម ។
-ត្រូវ​សម្អាតភ្នែកឱ្យបាន​យ៉ាងតិចម្ត​ងក្នុង១ថ្ងៃ ។

* របៀបប្រើប្រាស់ថ្នាំបន្តក់ភ្នែក ៖
-ត្រូវ​លាងដៃឱ្យបានស្អាតមុន​នឹងកាន់ថ្នាំបន្តក់ភ្នែក
-បើក​គម្របថ្នមៗ និងដាក់​វានៅលើកន្លែង​ដែលស្អាត
-អ្នកជំងឺត្រូវ​អង្គុយនៅលើ​កៅអី ឬលើ​គ្រែ រួចទាញត្របក​ភ្នែកខាងក្រោមឱ្យ​លានលៀនចេញ ។
-តំណក់​ទឹកថ្នាំ គឺត្រូវបន្តក់ម្តង​តែមួយតំណក់​បានហើយ ។ ត្រូវចៀសវាងកុំឱ្យដប​ថ្នាំប៉ះនឹងភ្នែកដែលអាច​បណ្តាលឱ្យឆ្លង​មេរោគ ។
-បន្ទាប់មកអ្នក​ជំងឺត្រូវបិទភ្នែករយៈ​ពេល១នាទីដើម្បីឱ្យជាតិថ្នាំជ្រាប​ចូលសព្វជាមួយគ្រាប់ភ្នែក។

សម្គាល់ ៖ ប្រសិនបើអ្នកមាន​ថ្នាំបន្តក់ភ្នែកច្រើន​ប្រភេទ ត្រូវទុករយៈពេ​ល៥ ទៅ១០នាទី មុននឹងបន្តក់ថ្នាំ​ភ្នែកផ្សេងទៀត ហើយ​រវាង​ថ្នាំ​បន្តក់ និងថ្នាំ​លេប អ្នកត្រូវ​ប្រើថ្នាំបន្តក់មុន ។

ការថែរក្សាប្រចាំថ្ងៃ ៖
-អ្នកអាចមើល​ទូរទស្សន៍ ឬអក្សរ​បាន ប្រសិនបើភ្នែក​អ្នកមិនឈឺទេ
-ការហាត់​ប្រាណស្រាលៗ ក៏អាច​ធ្វើទៅបាន
-អាចទទួលទាន​អាហារធម្មតា ប៉ុន្តែបើអ្នកមាន​ជំងឺទឹកនោមផ្អែម ត្រូវតមនូវ​ប្រភេទអាហារ​ដែលគ្រូពេទ្យបាន​ណែនាំ
-ចៀសវាង​ការក្អកខ្លាំង កណ្តាស់​ខ្លាំង
-ត្រូវទទួលទានថ្នាំ​ប្រចាំថ្ងៃឱ្យបានទៀងទាត់​ពេលវេលា ។

ចំណាំ ៖ រោគសញ្ញាមិនធម្មតាដែលអ្នកចាំបាច់ត្រូវជួប​ជាមួយគ្រូពេទ្យជាបន្ទាន់​មានៈ ភ្នែកឡើង​ក្រហម ឈឺភ្នែក គំហើញ​ថយចុះ ត្របកភ្នែក​ហើមជាដើម ៕