រាជធានីភ្នំពេញ ៖ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហុ៊ន សែន មានប្រសាសន៍ថា បង់ក្លាដែសគប្បីរកវិធីសាស្ត្រដើម្បីអាចទិញអង្ករពីកម្ពុជា បានក្នុងតម្លៃសមស្រប គឺបង់ក្លាដែសអាចមកវិនិយោគសង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីប្រជាជន ដើម្បីកិនអង្ករនាំទៅកាន់ ប្រទេសបង់ក្លាដែស ។ សម្ដេចតេជោបានថ្លែងបែបនេះ នៅក្នុងជំនួបពិភាក្សាការងារជាមួយលោក Mohammad Faruk Khan ប្រធានគណៈកម្មការអចិន្ត្រៃយ៍ទទួលបន្ទុកកិច្ចការបរទេសនៃសភាបង់ក្លាដែស កាលពីរសៀលថ្ងៃទី៦ ខែមករា នៅវិមានសន្តិភាព ។
ក្នុងឱកាសនោះ លោក Mohammad Faruk Khan បានពាំនាំនូវការផ្ញើសាកសួរសុខទុក្ខពីសំណាក់លោកជំទាវនាយករដ្ឋមន្ត្រី និងជូនពរសម្ដេចតេជោនាយករដ្ឋមន្ត្រី ព្រមទាំងជម្រាបជូនសម្តេចតេជោថា លោកបានជួបពិភាក្សាប្រកបដោយផ្លែផ្កាជាមួយនឹងសមភាគីសភាកម្ពុជា ។ក្នុងកិច្ចពិភាក្សានេះ ក៏បានជំរុញនិងពង្រឹងទំនាក់ទំនងរវាងសភានិងសភាផងដែរ ។ លោកជម្រាបជូនសម្ដេចតេជោថា នៅឆ្នាំ២០២០នេះ កម្ពុជានឹងដឹកនាំកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប ហើយលោកជំទាវនាយករដ្ឋមន្ត្រីបង់ក្លាដែស នឹងមកធ្វើទស្សនកិច្ចនៅកម្ពុជានៅពេលនោះ និងដើម្បីចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ីអឺរ៉ុប នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ជាការឆ្លើយតប សម្ដេចតេជោបានថ្លែងអំណរគុណលោក Mohammad Faruk Khan ចំពោះ
ការពាំនាំនូវពាក្យផ្ដាំផ្ញើសួរសុខទុក្ខ និងជូនពរសព្ទសាធុការពីលោកជំទាវនាយករដ្ឋមន្ត្រី ។ សម្ដេចតេជោ បានសម្តែងនូវការរីករាយយ៉ាងខ្លាំងចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ជាពិសេសការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសកម្ពុជា និងប្រទេសបង់ក្លាដែស ។ សម្ដេចតេជោមានប្រសាសន៍ថា យើងគប្បី
ជំរុញការផ្លាស់ប្តូរដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំ និងមន្ត្រីរបស់ប្រទេសទាំងពីរ ដើម្បីធ្វើយ៉ាងណាឲ្យមានការយល់គ្នាកាន់តែខ្លាំងឡើង និងទំនាក់ទំនងកាន់តែខ្លាំងឡើង ក្នុងន័យស្វែងរកកិច្ចសហប្រតិបត្តិការផ្សេងៗ រួមទាំងកិច្ចសហប្រ តិបត្តិការលើវិស័យសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មផង ។
សម្ដេចតេជោមានប្រសាសន៍ថា កន្លងមកសម្ដេចបានស្វែងយល់អំពីតម្រូវការរបស់ប្រទេសបង់ក្លាដែស ដែលមានបំណងទិញអង្ករពីកម្ពុជា ។សម្ដេចមានប្រសាសន៍ទៀតថា គប្បីរកវិធីសាស្ត្រដើម្បីអាចទិញអង្ករពីកម្ពុជាបានតាមតម្លៃដ៏សមស្របមួយ នោះគឺតាមវិធីដែលប្រជាជនឬក៏អ្នកវិនិយោគបង់ក្លាដែសអាចមកវិនិយោគ សង់ឃ្លាំង រោងម៉ាស៊ីនកិនស្រូវ និងប្រមូលទិញស្រូវពីប្រជាជនផ្ទាល់តែម្ដង ដើម្បីកិនជាអង្ករនាំចេញទៅប្រទេសបង់ក្លាដែស ដែលក្នុងន័យនេះតម្លៃអង្កររបស់កម្ពុជា នឹងអាចមានតម្លៃប្រកួតប្រជែងជាមួយប្រទេសដទៃទៀតផង ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ