អាជីវករភាគច្រើនមានទម្លាប់ចាប់យកឱកាសទាំងអស់ដែលពួកគេមើលឃើញ ប៉ុន្តែព្រោះតែពេលវេលាមានកម្រិត និងការមិនមានជំនាញគ្រប់គ្រាន់ ពួកគេមិនអាចឈោងចាប់រាល់ឱកាសបានគ្រប់ទាំងអស់បានឡើយ ។ ដោយហេតុដូចនេះអាជីវករជាច្រើនតែងតែត្រូវលះបង់ឱកាសមួយចំនួនដែលធ្វើឲ្យមនុស្សដទៃជោគជ័យ ។ ប្រាកដណាស់វានឹងក្លាយជាការស្តាយក្រោយដ៏ធំមួយដែលពួកគេមិនអាចឆ្លងកាត់ដោយរលូនបាន ។
បើអ្នកឆ្លងកាត់ស្ថានការដូចខាងលើនេះ តើអ្នកត្រូវធ្វើយ៉ាងដូចម្តេចដើម្បីបំភ្លេចការស្តាយក្រោយទាំងនេះ?
១. រំឭកពីជម្រើសរបស់អ្នកសាជាថ្មី៖
ប្រសិនបើការសម្រេចចិត្តមិនឈោងចាប់ឱកាសមួយធ្វើឲ្យអ្នកមិនអាចបំភ្លេចវាបាន អ្នកគួររំឭកឡើងវិញពីកត្តាដែលបានធ្វើឲ្យអ្នកសម្រេចចិត្តដូច្នោះនាពេលនោះ ។ មូលហេតុទាំងនោះអាចស្របទៅនឹងតម្លៃ និងជំនឿរបស់អ្នក ហើយវាក៏អាចជាជម្រើសដែលល្អសម្រាប់អ្នកដែរទោះជាវានាំយកភាពជោគជ័យឲ្យអ្នកដទៃពិតមែនក្តី ។
២. គិតថាវាជាមេរៀនសម្រាប់រៀនសូត្រ៖
មនុស្សចៀសមិនផុតពីការប្រព្រឹត្តខុសទេ ហើយក្នុងនាមជាសហគ្រិនមួយរូប អ្នកមានឱកាសកាន់តែច្រើនក្នុងការប្រព្រឹត្តខុសទៅទៀត ។ យ៉ាងណាក្តី អ្នកមិនគួរគិតថាវាជាការបរាជ័យរបស់អ្នកឡើយ តែគិតថាវាជាផ្នែកមួយនៃដំណើរក្នុងការក្លាយជាម្ចាស់អាជីវកម្មមួយពិតប្រាកដ ។ វាអាចជាមេរៀនសំខាន់មួយដែលជួយដល់ការសម្រេចចិត្តរបស់អ្នកនៅថ្ងៃអនាគត ដែលនឹងនាំយកភាពជោគជ័យនិងប្រាក់ចំណូលកាន់តែច្រើន ។
៣. ចាប់ផ្តើមរកឱកាសបន្ទាប់៖
យោងទៅតាមសហគ្រិនមួយចំនួន វិធីដែលមានប្រសិទ្ធិភាពជាងគេក្នុងការបំភ្លេចអារម្មណ៍ស្តាយក្រោយនេះគឺការបន្តដំណើរដើម្បីរកឱកាសថ្មីៗទៀតសម្រាប់អាជីវកម្មរបស់អ្នក ។ ការប្រទះឃើញឱកាសថ្មីអាចនឹងធ្វើឲ្យអ្នកយល់ដឹងថាពេលខ្លះអ្វីៗគ្រប់យ៉ាងកើតមានឡើងព្រោះតែមានមូលហេតុសមហេតុសមផល ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ