ខេត្តបាត់ដំបង ៖ ហាក់គ្មានសញ្ញាថមថយទេ ចំពោះបទល្មើស«លួច ប្លន់ និងគាស់ទម្លុះទម្លាយលំនៅឋាន»ដែលបានកើតនៅក្នុងខេត្តបាត់ដំបង ។ ប្រភពពីអាជ្ញាធរមូលដ្ឋានបានរាយការណ៍ថា បទល្មើស«ប្លន់» បានកើតឡើងជាថ្មីទៀត ដែលបង្កឡើងដោយជនមិនស្គាល់មុខចំនួន២នាក់ ដែលជិះម៉ូតូតាម«ប្លន់» យកម៉ូតូ១គ្រឿង នៅតាមដងផ្លូវរួចជិះគេចខ្លួនដោយសុវត្ថិភាព កាលពីវេលាម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី០៨ មករា នៅចំណុចភូមិព្រះស្រែ ឃុំស្នឹង ស្រុកបាណន់ ។
អាជ្ញាធរបានឱ្យដឹងថា ជនរងគ្រោះក្នុងអំពើប្លន់នេះ ឈ្មោះ សៀក លីសា ប្រុសអាយុ១៩ឆ្នាំ រស់នៅក្នុងភូមិ-ឃុំខាងលើ ។ រីឯម៉ូតូដែលត្រូវចោរប្លន់ម៉ាកហុងដាឌ្រីម ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៩ ពាក់ស្លាកលេខ បាត់ដំបង 1AE-9953 ។ ប្រភពដដែលបានបញ្ជាក់ថា ជនសង្ស័យមានបក្សពួក២នាក់ ជិះម៉ូតូ១គ្រឿងតាមប្លន់យកម៉ូតូជនរងគ្រោះ ខណះជនរងគ្រោះជិះម៉ូតូទៅមើលគោនៅវាលស្រែនៅចុងភូមិ។ ជនរងគ្រោះឈ្មោះសៀក លីសា ត្រូវបានគេស្រង់សំដីថា មុនពេលកើតហេតុ ខ្លួនបានជិះម៉ូតូដេញគោចេញពីផ្ទះយកទៅចងឱ្យស៊ីស្មៅ នៅខាងចុងភូមិ ហើយស្របពេលនេះ មានមនុស្ស២នាក់ជិះម៉ូតូមកពីក្រោយ តែខ្លួនមិនបានស្គាល់ទេ ។
ជនរងគ្រោះបាននិយាយទៀតថា ពេលជិះដល់ចំណុចខាងលើ ខ្លួនបានជិះចុះពីផ្លូវបន្តិច ដើម្បីចុះទៅចងគោ។ ប៉ុន្តែពេលនោះខ្លួនឃើញជន២នាក់នោះ ជិះហូសបន្តិចស្រាប់តែបកត្រឡប់ក្រោយវិញ ។ ជនរងគ្រោះបានបញ្ជាក់ថា ពេលខ្លូនឈប់បំរុងចុះពីម៉ូតូ ស្រាប់តែជនម្នាក់បានចុះដើរសំដៅមករកខ្លួន រួចដោះមួកសុវត្ថិភាពវាយមកលើខ្លួនគ្មានប្រណី និងដកទួលណឺវិសភ្ជង់គំរាមចាក់មកលើខ្លួន ហើយព្យាយាមដណ្ដើមម៉ូតូជិះចេញទៅបាត់ភ្លាមៗតែម្ដង ។ ខ្លួនមិនចំណាំមុខជនទាំង២នាក់នោះទេ តែមានរាងស្គមដូចគ្នា ម្នាក់ពាក់មួកសុវត្ថិភាព រីឯម្នាក់ទៀតមិនពាក់មួកទេ និងជិះម៉ូតូម៉ាកហុងដាឌ្រីមពណ៌ខ្មៅស៊េរីឆ្នាំ២០២០ តែមិនចាំស្លាកលេខទេ។
សូមបញ្ជាក់ថា មួយរយ:ចុងក្រោយនេះ ក្រុមចោរហាក់កំពុងបង្កើនសកម្មភាពយ៉ាងកក្រើក នៅក្នុងក្រុងបាត់ដំបង ក៏ដូចនៅតាមបណ្ដាស្រុកមួយចំនួននៅក្នុងខេត្តបាត់ដំបង ។ បទល្មើសដែលក្រុមចោរកំពុងមមារញឹកយ៉ាងខ្លាំងទាំងនោះ មានដូចជា «លួច ប្លន់ និង គាស់ទម្លុះទម្កាយលំនៅឋាន» លួចទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន ។ ប៉ុន្តែការទប់ស្កាត់ឬបង្ក្រាបរបស់សមត្ថកិច្ចហាក់នៅមិនទាន់ទទូលបានផលជាវិជ្ជមាននៅឡើយ ដែលជាហេតុនាំឲ្យជនទុច្ចរិតកាន់តែបានចិត្ត បង្កើនសកម្មភាពកាន់តែខ្លាំងឡើងៗ ស្ទើរគ្រប់ទីកន្លែង។
ជុំវិញករណីប្លន់ខាងលើនេះ លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងខេត្ត បានមានប្រសាសន៍ថា ពេលនេះ កម្លាំងការិយាល័យជំនាញ បានសហការជាមួយកម្លាំងអធិការស្រុក ចុះទៅកាន់ទីតាំងកើតហេតុ ដើម្បីពិនិត្យ និងធ្វើការស្រាវជ្រាវហើយ ។ លោកស្នងការរងបានបញ្ជាក់ថា ពេលនេះ មន្ត្រីជំនាញកំពុងសាកសួរជនរងគ្រោះ និងប្រភពនានានៅកន្លែងកើតហេតុនៅឡើយ ។
ចែករំលែកព័តមាននេះ