បែលហ្ស៊ិក ៖ តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសបែលហ្ស៊ិក បាននិយាយនៅក្នុងបទសម្ភាសន៍តាមទូរទស្សន៍កាលពីថ្ងៃអាទិត្យថា ស្ថានភាពជំងឺឆ្លងកូវីដនៅតំបន់ Wallonia នៃប្រទេសបែលហ្ស៊ិក និងរដ្ឋធានី Brussels គឺប្រហែលទៅនឹងរលកយក្សស៊ូណាមិ។
រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសបែលហ្ស៊ិក លោក Frank Vandenbroucke បានព្រមានថា៖ “ស្ថានភាពសុខភាពនៅ Wallonia និង នៅ Brussels គឺអាក្រក់និងគ្រោះថ្នាក់បំផុតនៅអឺរ៉ុបទាំងមូល។”
បែលហ្ស៊ិកឥឡូវស្ថិតនៅក្នុងបញ្ជីឈ្មោះរបស់សាកលវិទ្យាល័យ Johns Hopkins ក្នុងចំណោមប្រទេសចំនួន១០ ដែលបច្ចុប្បន្នរងផលប៉ះពាល់ខ្លាំងបំផុតដោយសារជម្ងឺកូវីដ១៩។
យោងតាមទិន្នន័យរបស់សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងថា ប្រទេសបែលហ្ស៊ិក មានចំនួនអ្នកបាត់បង់ជីវិតដោយសារជំងឺកូវីដ ខ្ពស់បំផុតទីបីក្នុងចំនោមប្រជាជន ១០០,០០០នាក់ នៅលើពិភពលោកដែលនៅពីក្រោយប្រទេសសានម៉ារីណូ និង ប្រទេសប៉េរូ។
លោក Vandenbroucke បានអំពាវនាវដល់ប្រជាជនបែលហ្ស៊ិកទាំងអស់ ឱ្យការពារខ្លួននិងសាច់ញាតិរបស់ពួកគេ ដោយបន្ថែមថាការរីករាលដាលមិនមែនជាកំហុសរបស់នរណាម្នាក់ទេ ប៉ុន្តែការកែលម្អស្ថានភាពគឺជាកាតព្វកិច្ចរបស់មនុស្សគ្រប់គ្នា។
ទោះយ៉ាងណា រដ្ឋមន្ត្រីក្រសួងសុខាភិបាលប្រទេសបែលហ្ស៊ិក បានការពារគោលនយោបាយរបស់រដ្ឋាភិបាលក្នុងការដាក់បម្រាមគោចរ ចាប់ពីពាក់កណ្តាលអធ្រាត្រ ដោយមិនដាក់នៅពេលល្ងាចទេ ព្រោះមិនចង់ឱ្យប្រជាជនពិបាកពេក៕
ចែករំលែកព័តមាននេះ