ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម័យនេះហើយនៅមានអ្នកចាញ់បោករឿងយកលុយសូកគេធ្វើការឬបានធ្វើធំទៀត

3 ឆ្នាំ មុន

រាជធានីភ្នំពេញ៖ ករណីមានមនុស្សដើរឆបោកគេរឿងរត់ការឲ្យបានចូលធ្វើការ ឬឡើងតួនាទីធំក្នុងក្រសួង-ស្ថាប័នរដ្ឋ នៅតែមានទៀត រហូតមកដល់ពេលនេះ។  មានអ្នកដើរឆបោកគេ មានទំាងអ្នកសូកប៉ាន់គេ ដើម្បីបានការងារធ្វើនិងឡើងធំ។ និយាយពីពលរដ្ឋអ្នកចាញ់បោកទេ បានចំណាយប្រាក់រាប់ពាន់ដុល្លារយកទៅឲ្យគេ…

រាជធានីភ្នំពេញ៖ ករណីមានមនុស្សដើរឆបោកគេរឿងរត់ការឲ្យបានចូលធ្វើការ ឬឡើងតួនាទីធំក្នុងក្រសួង-ស្ថាប័នរដ្ឋ នៅតែមានទៀត រហូតមកដល់ពេលនេះ។  មានអ្នកដើរឆបោកគេ មានទំាងអ្នកសូកប៉ាន់គេ ដើម្បីបានការងារធ្វើនិងឡើងធំ។ និយាយពីពលរដ្ឋអ្នកចាញ់បោកទេ បានចំណាយប្រាក់រាប់ពាន់ដុល្លារយកទៅឲ្យគេ ដើម្បីបានការងារ និងបានតួនាទីធំនៅស្ថាប័នរដ្ឋ ណាមួយនេះ។

តាមការពិតមកដល់សម័យនេះហើយការសូកប៉ាន់គេដើម្បីធ្វើការនោះមិនគួរមានទេហើយជាអំពើល្មើសច្បាប់ ជាអំពើពុករលួយ ។ នេះបើនិយាយផ្លូវច្បាប់ តែបើនិយាយពីភាពជាក់ស្តែង ការយកប្រាក់សូកគេដើម្បីបានការងារធ្វើ បានឡើងធំ ជាការខុសឆ្គងមួយ។ សម័យនេះគេត្រូវការសមត្ថភាពធ្វើការ។ ធ្វើការគឺយកចំណេះដឹង យកសមត្ថភាពទៅធ្វើ។

បើឲ្យលុយគេបានការងារធ្វើ បានធ្វើធំ ហើយមិនចេះ មិនយល់ពីការងារដែលត្រូវធ្វើ។ តើបានការងារហើយធ្វើកើតដែលឬទេ។បានការងារហើយ មានគេគោរព គេឲ្យតម្លៃដែលឬទេ បើយើងមិនចេះធ្វើការនោះ។ តើស្ថាប័នមួយមិនថារដ្ឋឬឯកជនទេ គេឲ្យអ្នកមិនចេះដឹកនាំ ឲ្យអ្នកមិនចេះធ្វើធំ កើតដែលឬទេ?។ នេះមិនគិតដល់ថា នោះជាករណីឆបោកផង។

អ្នកមានប្រាក់ អ្នកចង់ធ្វើធំ គួរគិតត្រង់ចំនុចនេះ។ បើគ្មានជំនាញ បើគ្មានចំណេះ មិនអាចធ្វើឲ្យស្ថាប័នមួយរីកចម្រើនទេ​ នេះសម្រាប់ក្រុមហ៊ុន។ បើមិនចេះហើយសូកគេធ្វើមន្រ្តីរាជការ ហើយមន្រ្តីធំ ទៀតនោះ ដូច្នេះប្រទេសជាតិមិនរីកចម្រើនឡើយ។

ករណីសូកប៉ាន់ និងឆបោកដើម្បីបានការងារ បានតួនាទីនេះ មានកើតឡើងយូរឆ្នាំមកហើយ។មែនទែនការឆបោកយកប្រាក់ដើម្បីបានការងារធ្វើនេះ មានទំាងខាងក្រុមហ៊ុនឯកជននិងរដ្ឋ។ កន្លងមកខាងឯកជនគេច្រើនហៅថាមេខ្យល់។​មេខ្យល់នេះ ដើរប្រមូល លុយពីពលរដ្ឋដើម្បីចូលធ្វើការងារក្នុងក្រុមហ៊ុននេះ ក្រុមហ៊ុននោះ ពិសេសទៅធ្វើការនៅប្រទេសថៃ។ អ្នកចាញ់បោកមេខ្យល់ ភាគច្រើនជាពលរដ្ឋក្រីក្រ ពិសេសអ្នករស់នៅជនបទ។ ពលរដ្ឋក្រីក្រនេះ តែងតែដើរ ខ្ចីប្រាក់គេ ចងការប្រាក់ពីគេ ដើម្បីយកប្រាក់មកឲ្យមេខ្យល់ ជាថ្នូរបានការងារធ្វើ ឬដើម្បីឲ្យកូនចៅ បានការធ្វើ។

ករណីឆបោកធំ ហើយជាគ្រោះថ្នាក់ដល់សង្គមជាតិ ខូចឈ្មោះមន្រ្តីរាជការ ថ្នាក់ដឹកនាំខ្លំាងនោះ គឺជនខិលខូចដើរបោកប្រាក់ ពលរដ្ឋដើម្បីចូលធ្វើការងារក្នុងស្ថាប័នរដ្ឋ ពិសេសបានឡើងតួនាទី បុណ្យស័ក្តធំ ។

ពួកអ្នកដើរឆបោកក្នុងករណីនេះ ភាគច្រើនជាអ្នកធ្វើរដ្ឋ និងជាមន្រ្តីធំទៀតផង ក្នុងស្ថាប័នណាមួយ ។ ហើយពលរដ្ឋដែលចាញ់បោកក្នុងករណីនេះ ពេលខ្លះក៍ជាអ្នកមាន។ បើមិនដូច្នេះក៍ជាអ្នកមានលទ្ធភាព ដើរខ្ចីប្រាក់គេឲ្យបានច្រើន ដើម្បីសូកប៉ាន់ បានធ្វើការធំនឹងគេដែរ។ ករណីនេះអាចនិយាយថា «អ្នកធ្វើការធំ បោកអ្នកមានប្រាក់ច្រើន» ។

 ការឆបោកមួយបែបនេះ អាចហៅថាជាអំពើរពូករលួយនៅក្នុងសង្គមក៍ថាបាន។ ពីព្រោះករណីនេះ វាបានកើតមានជាច្រើនឆ្នាំមកហើយ ហើយអាចជាការបើកដៃពីថ្នាក់ដឹកនាំ ឬមន្រ្តីជាន់ខ្ពស់នៅក្នុងស្ថាប័ន នោះទៀតផង។

កន្លងមកនេះមានសេចក្តីរាយការណ៍ជាផ្លូវការញឹកញាប់ថាលោកនេះ បានបោកអ្នកនេះ អស់ប៉ុណ្ណេះ អ្នកនោះអស់ប៉ុណ្ណោះ។ ហើយមានករណីមិនតិចដែល បានឡើងដល់តុលាការ។ មានករណីខ្លះបានផ្សាយជាសាធារណៈ ហើយករណីខ្លះមិនបានផ្សាយ។ ជនរងគ្រោះខ្លាចការគំរាមអ្នកឆបោក។ ខ្លាចអ្នកឆបោកមិន សងប្រាក់ ដែលបានយកទៅហើយនោះឲ្យខ្លួនវិញ។ ប៉ុន្តែរឿងប្រាក់គេបានដល់ដៃហើយនោះកម្របានមកវិញណាស់ ។ ពិសេសប្រាក់បានដល់ដៃអ្នកដើរបោកគេហើយ កម្របានមកវិញណាស់ពីព្រោះអ្នកនោះមានការតំាងចិត្តរួចហើយក្នុងការដើរបោកគេ។

កាលពីពេលថ្មីនេះ ទីប្រឹក្សាសម្តេចនាយករដ្ឋមន្រ្តីមួយរូប ឈ្មោះលោកដួង ដារា បានផ្សាយឲ្យដឹងថា មានបុរសម្នាក់ មកជួបលោកហើយបានរៀបរាប់ថាខ្លួនបានបាញ់បោកគេ អស់ប្រាក់  ៦ពាន់ដុល្លារ។ បុរជនរងគ្រោះបានប្រាក់លោក ដួង ដារា ថា ជនខិលខូចបានយកប្រាក់ពីបុរសរងគ្រោះថារត់ការឲ្យបានធ្វើធំជាប៉ូលីសឬម៉េអឹម ប៉ុន្តែបានប្រាក់ដល់ដៃហើយ ស្ងាត់បាត់ឈឹង​។

លោកដួង ដារា បានសរសេរនៅក្នុងបណ្តាញសង្គម Facebook ថា «ក្រោយពីជននោះបានទទួលលុយដល់ដៃហើយ ខលឈប់លើក ហើយព្យាយាមគេចមុខតែម្តង ។ ប្អូនប្រុសបានព្យាយាមជួបជននេះ តែជននោះគេចរហូត​ ហេីយបង្ហេីរពាក្យថាទៅប្តឹងអ្នកណាក៏មិនខ្លាចដែរ។ ពេលគាត់បានខលជួបតាមទូរស័ព្វសុំយកលុយវិញ ជនខិលខូចនេះប្រាប់ថា ចាំថ្ងៃនេះ ចាំថ្ងៃនោះ ហើយគេចខ្លួនរហូតមក។ ខ្ញុំបានណែនាំប្រាប់អោយប្អូនទៅដាក់ពាក្យបណ្តឹងនៅក្រសួងមហាផ្ទៃ បូលីសខ័ណ្ឌនិងនៅស្ថាប័នពាក់ព័ន្ធដើម្បីស្រាវជ្រាវវែកមុខជនខិលខូចនេះយកមកផ្តន្ទារទោស​ កុំអោយដេីរបោកប្រាសពលរដ្ឋទៀត» ។

លោកដួង ដារា បាននិយាយបន្តថា «សូមបងប្អូនកុំចាញ់បោកគេអោយសោះ ។ ខំសន្សំលុយបានខ្លះៗ មិនហ៊ានស៊ីចាយផង​ តែបែរជាអោយគេបោកបានស្រួលម៉េះ? ចាញ់បោកគេអស់លុយហើយ អាចមានទោសថែមទៀត ព្រោះតែវិធីសូកប៉ាន់នេះ។​ កុំទម្លាប់អាក្រក់បុកលុយសូកប៉ាន់​ ព្រោះអាចជួបរឿងបែបនេះ» ។

ការសូកប៉ាន់ ការដើរឆបោកគេ ក្នុងរឿងការងារនេះ ហាក់បានក្លាយជាទម្លាប់មួយ នៅពេលដែលមនុស្សពិបាកស្វែងរកការងារធ្វើការហើយសង្គមបានមើលឃើញតែពីរឿងបុណ្យស័ក្ក តូចធំ ភ្លេចគិតសមត្ថភាពការងារនោះ។ បើនិយាយពីទម្លាប់សូកគេធ្វើការនេះ កាលពីសម័យរោងចក្រកើតដំបូងៗ ដើម្បីបានគេការងារធ្វើ កម្មករបានឲ្យប្រាក់ឈ្មួលរបស់ខ្លួនទៅ អ្នកនាំចូលធ្វើការកន្លះខែ ឬមួយខែ ទើបអាចចូលធ្វើការបាន។ ហើយខាងក្រសូងរដ្ឋក៍ដូច្នេះ សុទ្ធតែមានអ្នករត់ការ ចូលធ្វើការ រហូតពលរដ្ឋខ្លះលើកឡើងថាបើគ្មានប្រាក់សូកគេទេកុំសង្ឃឹមបានការងារធ្វើ។

អ្នកឃ្លាំមើលសង្គម បានលើកឡើងថា នៅក្នុងសម័យបច្ចេកវិទ្យានេះ គ្មានអ្វីមានតម្លៃក្រៅពីចំណេះវិទ្យាទេ។ ពលរដ្ឋគួរមានទម្លាប់ស្វែងរកការងារដោយចំណេះខ្លួនឯង។ ហើយអ្នកដើរឆបោកគេ គួរតែបញ្ឈប់សកម្មភាព។នេះជាសកម្មភាពមិនរីកចម្រើន ធ្វើឲ្យសង្គមអន់ថយ នៅពេលដែលការអភិវឌ្ឍន៍គេត្រូវការធនធានមនុស្សពិតប្រាកដនោះ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ