ខេត្តប៉ៃលិន ៖ មានសិស្សសាលាបានដួលសន្លប់ជាច្រើននាក់ ប៉ុន្តែភាគច្រើនជាមនុស្សស្រីដែលហេតុការណ៍នេះបានកើតឡើងនៅរសៀលថ្ងៃទី១៩ ខែកុម្ភៈនេះ ដែលបានដួលសន្លប់ជាបន្តបន្ទាប់ ដោយមិនដឹងមូលហេតុ កាលពី២សប្តាហ៍មុន ក្នុងនោះមានសិស្សខ្លះរៀននៅថ្នាក់បឋមសិក្សា ខ្លះទៀតរៀននៅអនុវិទ្យាល័យ ស្ថិតក្នុងសាលាអនុវិទ្យាល័យសន្តិភាព ក្នុងភូមិអូរបេង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ដោយបានធូរស្បើយ ហើយធ្វើដំណើរទៅរៀនសារជាថ្មី ខណ:អ្នកខ្លះកំពុងសម្រាកនៅផ្ទះមិនទាន់ហ៊ានមករៀននៅឡើយទេ ។
គួរបញ្ជាក់ថា សិស្សស្រី១១នាក់ បានដួលសន្លប់បន្តបន្ទាប់កាលពីរសៀលថ្ងៃទី១២ ខែកុម្ភៈ ខណៈកំពុងអង្គុយរៀនក្នុងថ្នាក់ក៏វិលមុខ ថប់ដង្ហើម និយាយអ្វីមិនរួច មិនដឹងមូលហេតុ ហើយត្រូវបានលោកគ្រូ អ្នក គ្រូដឹកតាមរថយន្តសង្គ្រោះទៅកាន់មន្ទីរពេទ្យបង្អែកខេត្ត ដើម្បីពិនិត្យ និងព្យាបាល ជួយសង្គ្រោះទាន់ពេលវេលា ។
បើតាមលោក ស្រេង ងួនអេង នាយកសាលាបឋមសិក្សា និងអនុវិទ្យាល័យសន្តិភាពបានឱ្យដឹងថា ក្រោយពីមានសិស្សស្រីៗ ចំនួន២០នាក់ បានដួលសន្លប់ ខណៈពេលកំពុងរៀន រហូតមកដល់ពេលនេះ ពួកគេមួយចំនួនមានសុខភាពមាំមួនដូចធម្មតា ហើយក៏ធ្វើដំណើរទៅរៀនឡើងវិញហើយ ។ លោកបន្តទៀតថា ចំណែកសិស្សមួយចំនួនទៀត ដោយមើលទៅសុខភាពនៅទន់ខ្សោយនៅឡើយ ខាងលោកបានប្រាប់អាណាព្យាបាលឱ្យបន្តសម្រាករហូតដល់មានសុខភាពល្អឡើងវិញ ទើបអាចឱ្យនាំពួកគេទៅចូលរៀន ។
លោកបញ្ជា ក់ទៀតថា តាំងពីសិស្សដួលសន្លប់រហូតមកដល់ឥឡូវនេះ ខាងលោកមិនទាន់ដឹងដំណឹងពីមូលហេតុអ្វីពិតប្រាកដនៅឡើយទេ ព្រោះខាងមន្ទីរសុខាភិបាល និងខាងក្រសួងសុខាភិបាលជាអ្នកធ្វើការស្រាវជ្រាវ ។
ចំណែកអាណាព្យាបាលសិស្សមួយចំនួននៅតែមានមន្ទិលសង្ស័យពាក់ព័ន្ធទៅលើរឿងអរូបិយជំនឿ ដោយជឿថា កូនៗ របស់ពួកគាត់បាននិយាយប្រាប់ថា មូលហេតុដែលដួលសន្លប់មកពីមូលហេតុមានឮសម្លេងក្មេងស្រែកយំនៅក្បែរបន្ទប់ទឹកសាលារៀន ខណ:ពួកគេចូលទៅទីនោះ លុះពេលដើរចេញមកក្រៅឮសម្លេងក្មេងស្រែកយំពីក្រោយ តែពេលក្រឡេកមើលទៅអត់ឃើញមានអ្វីនោះទេ លុះបម្រុងនឹងរត់ទៅប្រាប់គ្រូ ឬអ្នកជិតខាងស្រាប់តែតឹងទ្រូងដួលសម្លប់តែម្តង ។ ចំណែកអ្នកខ្លះទៀត អត់ជឿទៅលើអារក្សអ្នកតាអ្វីនោះទេ ដោយដាក់ការសង្ស័យថា កូនគាត់ដួលសន្លប់ ដោយសារតែអាកាសធាតុប្រែប្រួល ខ្វះខ្យល់អុកស៊ីហ្សែន ឬមានសារធាតុពុលអ្វីក្នុងខ្យល់ ទើបលំបាកក្នុងការដកដង្ហើម បណ្តាលឱ្យដួលសន្លប់បែបនេះ ។
ទោះបីជាយ៉ាងណាក៏ដោយ គេត្រូវមានការប្រុងប្រយ័ត្ន ខណៈក្មេងៗទៅរៀនមិនត្រូវទិញនំចំណី ឬគ្រឿងកំប៉ុង ដែល ហួសកាលបរិច្ឆេទទទួលទាននោះឡើយ ដើម្បីការពាររាគរួស នាំឱ្យប៉ះពាល់ដល់សុខភាព ។
ពាក់ព័ន្ធទៅនឹងបញ្ហានេះ ភ្នាក់ងារយើងបានទាក់ទងទៅលោក អាង នាង ប្រធានមន្ទីរសុខាភិបាលខេត្តប៉ៃលិន ដើម្បីបញ្ជាក់ពីមូលហេតុនៃការដួលសន្លប់របស់សិស្សនេះដែរ តែលោកកំពុងជាប់រវល់ប្រជុំនៅឯរាជធានីភ្នំពេញមិនអាចទទួលបានចម្លើយណាមួយនោះទេ ៕
ចែករំលែកព័តមាននេះ