អាមេរិក៖តាមប្រភពព័ត៌មាន CNN បានឱ្យដឹងថា វេជ្ជបណ្ឌិត Francis Collins នាយកវិទ្យាស្ថានសុខភាពជាតិអាមេរិក (NIH) បាននិយាយកាលពីថ្ងៃពុធថា នៅប៉ុន្មានខែខាងមុខនេះ សហរដ្ឋអាមេរិកអាចនឹងមានវ៉ាក់សាំងសម្រាប់ការពារជំងឺកូវីដបានហើយ។

លោក Collins បាននិយាយថា វាពិតជាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលវ៉ាក់សាំងកូវីដ១៩ នឹងត្រូវបានបង្កើតឡើងក្នុងរយៈពេលក្រោមមួយឆ្នាំ ខណៈដែលវ៉ាក់សាំងជាទូទៅប្រើប្រាស់ពេលជាងមួយទសវត្សរ៍ ដើម្បីបង្កើតវ៉ាក់សាំងជោគជ័យ។

លោកបានមានប្រសាសន៍ថា៖ “ខ្ញុំជឿជាក់ថា យើងកំពុងស្ថិតលើផ្លូវឆ្ពោះទៅរកការមានលទ្ធភាពល្អហើយក្នុងរយៈពេលពីរបីខែទៀត នៃការមានវ៉ាក់សាំងយ៉ាងតិចមួយមុខប្រឆាំងនឹងវីរុសកូរ៉ូណា ដែលនឹងត្រូវបានរកឃើញថាមានសុវត្ថិភាព និងមានប្រសិទ្ធភាពក្នុងការសាកល្បងដំណាក់កាលទី ៣ លើមនុស្សរាប់ពាន់រាប់ពាន់នាក់។”

លោក Collins បាននិយាយនៅក្នុងពិធីបិទសន្និសីទ Milken Institute 2020 Global Conference។ លោកបានប្រាប់ថា ការអភិវឌ្ឍនៃការព្យាបាលសម្រាប់កូវីដ១៩ ក៏កំពុងទៅមុខផងដែរ។ មួយចំនួននៃថ្នាំទាំងនោះ រួមមានថ្នាំប្រឆាំងវីរុស Remdesivir និង ថ្នាំស្តេរ៉ូអ៊ីដ Dexamethasone ដែលថ្នាំទាំងពីរនេះត្រូវបានប្រើដើម្បីព្យាបាលប្រធានាធិបតីដូណាល់ត្រាំ បន្ទាប់ពីគាត់ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថាមានជំងឺកូវីដ១៩៕
ចែករំលែកព័តមាននេះ