រាជធានីភ្នំពេញ៖ ប្រជាពលរដ្ឋអះអាងថាតំណាងឲ្យកសិករ ៧០៩៩ គ្រួសារមកពីខេត្តមួយចំនួន បានធ្វើបាតុកម្មទាមទារឲ្យមានការដោះស្រាយបញ្ហាដីធ្លី ដែលកើតមានលើផ្ទៃដីប្រមាណ ជាង១ម៉ឺនហិកតា នៅតាមសហគមន៍មួយចំនួន ក្នុងថ្ងៃទី២១ កញ្ញា ឆ្នាំ២០២០នេះ ដែលជាថ្ងៃទិវាសន្តិភាពអន្តរជាតិ ដែលអនុម័តដោយអង្គការសហប្រជាជាតិនោះ។
ពលរដ្ឋដែលបានជួបជុំធ្វើបាតុកម្ម បានផ្តើមប្រមូលផ្តុំគ្នានៅមុខក្រសួងរៀបចំដែនដី នគររូបនីយកម្ម និងសំណង់ ហើយគ្រោងដង្ហែញត្តិនៅដាក់តាមក្រសួងស្ថាប័នផ្សេងៗទៀត មានក្រសួងមហាផ្ទៃ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្រសួងបរិស្ថាននិងគេហដ្ឋានសម្តេចនាយករដ្ឋមន្រ្តីផង ដើម្បីសូមអន្តរាគមន៍ដោះស្រាយបញ្ហាដីធ្លី ដែលពលរដ្ឋអះអាងថាបានអូសបន្លាយជាច្រើនឆ្នាំហើយ។
សមត្ថកិច្ច មិនអនុញ្ញាតឲ្យពួកគាត់ធ្វើដំណើរចេញពីមុខក្រសួងដែនដីនោះឡើយ។ កម្លំាងចម្រុះជាច្រើនបានដាក់ពង្រាយនៅទីនោះ។
ពលរដ្ឋបានស្រែកតាមឧបករណ៍បំពងសំឡេងនិងលើកបដា។ នៅក្នុងសេចក្តីជួនដំណឹងរបស់ខ្លួនពលរដ្ឋពលរដ្ឋបានបញ្ជាក់ថា ទិវាសន្តិភាពអន្តរជាតិ នៅរៀងរាល់ឆ្នាំ គឺមនុស្សគ្រប់ស្រទាប់វណ្ណៈមានសិទ្ធិក្នុងការរៀបចំទិវានេះ ដើម្បីជំរុញឲ្យមានកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលលើសកលលោកដើម្បីបញ្ចប់ទំនាស់ និងលើកកម្ពស់ការងារសន្តិភាព សេរីភាព និងការគោរពសិទ្ធិមនុស្សផងដែរ។
ពលរដ្ឋដែលអះអាងថាជាជនរងគ្រោះដោយសារបញ្ហាដីធ្លី បានប្រារព្ធទិវាសន្តិភាពអន្តរជាតិនាពេលនេះ ក្រោមប្រធានបទ «គ្មានសិទ្ធិដីធ្លី គ្មានសន្តិភាព» នៅក្នុងការតវ៉ានាពេលនេះ ហាក់មានភាពតានតឹងរវាងសមត្ថកិច្ចនិងពលរដ្ឋផងដែរ៕
ចែករំលែកព័តមាននេះ