អាជ្ញាធរជំរុញពលរដ្ឋមានសមាជិកញៀនថ្នាំទៅទទូលសេវាព្យាបាលតាមមន្ទីរពេទ្យរដ្ឋ


រាជធានីភ្នំពេញ៖ លោកវេ​ជ្ជបណ្ឌិតភូ​ លាង​  អគ្គនាយករង បច្ចេកទេស​សុខាភិបាល បានលើកឡើងពីគ្រោះថ្នាក់នៃការប្រើប្រាស់គ្រឿងញៀនថា ភាពញៀនគ្រឿងញៀនគឺជាជំងឺខួរក្បាល ដែលមាន​ភាពរ៉ាំរ៉ៃ ហើយ​តែងតែលាប់ឡើង​វិញ​ជាញឹកញាប់ និងជាជំងឺដែលបណ្តាលឱ្យប៉ះពាល់ដល់សុខភាពជាច្រើនមុខ។

លោកវេជ្ជបណ្ឌិត បានលើកឡើងថា ការព្យាបាល​ដោយប្រើប្រាស់ឱសថ និងការព្យាបាល​តាម​បែប​ចិត្តសង្គម ជា​អន្តរាគមន៍​ដែលមាន​ប្រសិទ្ធភាព​។ ​ការព្យាបាល​អ្នក ញៀនគ្រឿងញៀន​ទាមទារឱ្យមានការចូលរួមជាចាំបាច់ពីភាគី​ដែល​ពាក់ព័ន្ធ រួមទាំង​គ្រួសារ និង​មន្រ្តី​អនុវត្តច្បាប់​។

ការលើកឡើងរបស់មន្រ្តីសុខាភិបាលបានធ្វើឡើងនៅក្នុងវគ្គបណ្តុះបណ្តាលស្តីពីការកាត់បន្ថយគ្រោះថ្នាក់បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀន នៅព្រឹកថ្ងៃទី៦ខែតុលាឆ្នាំ២០២០ នៅក្នុងរាជធានីភ្នំពេញ។ មន្រ្តីសុខាភិបាលនិងមន្រ្តីមកពីអាជ្ញាធរជាតិ ប្រយុទ្ធនឹងគ្រឿងញៀនបានបញ្ជាក់ថាការព្យាបាលអ្នកញៀនថ្នាំទាន់ពេលជារឿងសំខាន់និងចំាបាច់ នៅក្នុងការជួយសង្រោះអ្នកញៀនគ្រឿងញៀន។

លោកស្រី​ ជ័យ​ បុប្ផា​ អគ្គលេខាធិការ​រងនៃអាជ្ញាធរជាតិប្រយុទ្ធ​ប្រឆាំងគ្រឿងញៀនបានសំណូមពរដល់គ្រប់សមាសភាពក្នុងសហគមន៍ជំរុញជនរងគ្រោះដោយសារគ្រឿង ញៀនទៅទទួលការព្យាបាលនៅមូលដ្ឋានសុខាភិបាលសាធារណៈ ដែលមាននៅតាមមណ្ឌលសុខភាព​ ពេទ្យបង្អែក​ និងពេទ្យជាតិ​ ចំនួន៤៥០កន្លែង​ ដោយមិនគិតថ្លៃ​។

មន្ទីរពេទ្យ ឬមណ្ឌលសុខភាព ដែលទទួលព្យាបាលអ្នកញៀនថ្នាំ មានស្លាក់សញ្ញានៅពីមុខ។ តាមរបាយការណ៍មន្រ្តីជំនាញអះអាងថា សមត្ថកិច្ចបានគ្រប់គ្រងអ្នកប្រើប្រាស់គ្រឿង​ញៀនមានចំនួន១២.៩៤២នាក់ ហើយបានព្យាបាល​សះស្បើយនិងធ្វើសមា ហរណកម្មបានចំនួន៤.៨៣៩នាក់។ អ្នកជំងឺកំពុងព្យាបាលមានចំនួ​ន​៤.០៦៣នាក់ និងអ្នកញៀនបានមកទទួលសេវាពិនិត្យព្យាបាលនៅតាមមូលដ្ឋាន​សុខាភិបាល​ក្នុង​រាជធានី-ខេត្តមានចំនួន៣.៣៨២នាក់ ។

លោកស្រី​ ជ័យ​ បុប្ផា​ ​ បានសំណូមដល់គណៈកម្មការសម្របសម្រួលសម្រាប់ការព្យា បាលអ្នកញៀនគ្រឿង​ញៀនដោយផ្អែកលើសហគមន៍នៅតាមឃុំ-សង្កាត់ មាន​មេឃុំ ចៅសង្កាត់ ប្រធានមណ្ឌលសុខភាព នគរបាលប៉ុស្តិ៍រដ្ឋបាល មេភូមិ នាយកសាលា អាចារ្យ ប្រជាពលរដ្ឋ និងអ្នកស្ម័គ្រចិត្ត គណ:​កម្មការកិច្ចការនារីឃុំ-សង្កាត់ ដែលតួនាទីយ៉ាងសំខាន់ដើម្បីគាំទ្រជំរុញ ព្យាបាល​ ផ្តល់ប្រឹក្សា និងការព្យាបាលបន្តអ្នកញៀនគ្រឿងញៀនឱ្យបានជាប់លាប់ និងឲ្យអ្នកប្រើប្រាស់​ និងអ្នក​ញៀន​​គ្រឿង​ញៀន​នៅ ​នៅតាមមណ្ឌលសុខភាព​ ពេទ្យបង្អែក​ និងពេទ្យជាតិ​ ទាំង៤៥០កន្លែង​ ដោយមិនគិតថ្លៃ​។

សូមបញ្ជាក់ថា​ វគ្គបណ្តុះបណ្តាលនេះ​ បង្កើតឡើងក្រោមកិច្ចសហការរវាងអគ្គលេខាធិការ​ដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន​និង​ក្រសួងសុខាភិបាល​ ក្រោមជំនួយឧបត្ថម្ភគាំទ្រពីអង្គការខាណា​។

លោក​ ជួប​ សុខចំរើន​ នាយកប្រតិបត្តិអង្គការខាណាបានប្រសាសន៍ថា​ ពេលអាជ្ញាធរ​ មន្រ្តីអនុវត្តច្បាប់​ និងសហគមន៍​បានដឹងយល់ច្បាស់ពីតំរូវការចាំបាច់របស់អ្នកញៀនគ្រឿងញៀវ គឺអាចជួយពួកគាត់បានជោគជ័យ​ ទាំងការងារគ្រឿងញៀន​ និងការងារប្រឆាំងនឹងជំងឺអេដស៍៕

Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ