លោក សុខ ឥ​សាន្ត ​៖ ការ​ប៉ុនប៉ង​ឲ្យ​មានច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ មិន​អាច​…


រាជធានី​ភ្នំពេញ ​៖ អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា លោក សុខ ឥ​សាន្ត​ បាន​ប្រតិកម្ម​ទៅ​នឹង​មនុស្ស​មួយ​ក្រុម​ដែល​មាន​ចេតនា​មិនល្អ ក្នុង​ការ​ស្នើ​ឲ្យ​មានច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ក្រោយ​ពេល​អស់តំណែង​។​

​អ្នកនាំពាក្យ​បក្ស​កាន់​អំណាច​រូប​នេះ​បាន​សរសេរ​ថា​៖ «​ចេតនា​ និង​ការ​ប៉ុនប៉ង​បែប​នេះ មិនមែន​ទើបតែ​កើតឡើង​នៅ​ពេល​ថ្មី​ៗ​នេះ​ទេ តែ​វា​មាន​ចេតនា​នេះ​យូរ​មក​ហើយ​។ នេះ​​ជា​ចេតនា​ទុច្ចរិត​បំភាន់​មតិ​សាធារណៈ​ឲ្យ​យល់​ច្រឡំ​ថា នាយក​រដ្ឋមន្ត្រី​នៅ​ក្នុង​តំណែង​បច្ចុប្បន្ន​បាន​ធ្វើ​ឲ្យ​មាន​កំហុស​ធ្ងន់ធ្ងរ​ចំពោះ​ប្រទេស​ជាតិ ហើយ​មានការ​ភ័យ​ខ្លាច ក្នុង​ពេល​ដែល​បាន​និង​កំពុង​មានគុណ​សម្បត្តិ​ដ៏​ធំធេង មិន​អាច​ប្រកួត​បាន​»។​

លោក សុខ ឥ​សាន្ត​បាន​បន្ថែម​ទៀត​ថា​៖ «​នេះ​អាច​និយាយ​ថា​ ជា​ក្បួន​យកឈ្នះ​គណបក្ស​ប្រជាជន​កម្ពុជា ផ្ទុយ​ពី​គោល​ការ​ណ៍​លទ្ធិប្រជាធិបតេយ្យ​ជា​ធរមាន​នៅ​កម្ពុជា​។ បញ្ហា​​សាមញ្ញ​សោះ មូលហេតុ​អ្វី បានជា​ចង់​បង្កើត​ឲ្យ​មានការ​ស្មុ​គ្រ​ស្មាញ​ម្ល៉េះ? ច្បាប់​មាន​រួច​ហើយ ម៉េច​មិន​អនុវត្ត?

​លោក​បាន​ថ្លែង​ថា អ្នក​ណា​ចង់បាន​ច្បាប់​បែប​ដែល​ចង់បាន​នោះ គួរតែ​នាំ​គ្នា​បង្កើត​គណបក្ស​នយោបាយ ប្រកួតប្រជែង​នយោបាយ​ស្រប​តាម​គោល​ការ​ណ៍​លទ្ធិ​ប្រជា​ធិប​តេយ្យ​ទៅ នៅ​ពេល​ណា​ឈ្នះ​ឆ្នោត​ហើយ ធ្វើ​ច្បាប់​កំណត់​អាណត្តិ​នាយក​រដ្ឋមន្ត្រី ឬ​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​អស់តំណែង​នោះ​ទៅ​ជា​ការ​ស្រេច​ទៅ​ហើយ មិន​ចាំ​​​បាច់​​ចំណាយ​ពេល​ជជែក​ផ្សាយ​តាម​វិទ្យុ​ដោយ​ឥត​ប្រ​យោ​ជ​ន៍​​នោះ​ទេ ។​

​លោក​បាន​ចំអក​ថា​៖ «​ដូច្នេះ​អស់លោក​អ្នកមាន​វោហា​ទាំងឡាយ គួរ​បង្កើត​គណបក្ស​នយោបាយ​ទៅ​ខិតខំ​ឲ្យ​បាន​ឈ្នះ​ឆ្នោត​ទៅ អស់លោក​ចង់បាន​ស្អី អស់លោក​អាច​ធ្វើ​បាន​​តាម​ចិត្ត​ចង់ទៅ​ហើយ​»​។​

​នេះ​មិនមែន​ជា​លើក​ទី​មួយ​ទេ ដែល​មាន​ប្រតិកម្ម​តប​យ៉ាង​ខ្លាំងក្លា​ពី​ថ្នាក់ដឹកនាំ​គណបក្ស​ប្រជាជន​កម្ពុជា​លើ​បញ្ហា​នេះ​។ សូម​រម្លឹក​ថា ​ថ្មី​ៗ​នេះ អតីតមន្ត្រី​ជាន់ខ្ពស់​គណបក្ស​ហ៊្វុន​ស៊ិ​ន​ប៊ិ​ច លោក លី ឡាយ​ស្រេង បាន​ស្នើ​គាំទ្រ​ឲ្យ​មានការ​ព្រៀង​ច្បាប់​ការពារ​នាយក​រដ្ឋមន្ត្រី​ក្រោយ​ពេល​អស់តំណែង​៕

Facebook Google Twitter Email

ព័ត៌មាន​ជាតិ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ