រោងចក្រកាត់ដេរសម្លឹងឃើញ GSPអង់គ្លេសក្រោយពីកម្ពុជាបាត់EBA ២០% – Koh Santepheap Daily

ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

រោងចក្រកាត់ដេរសម្លឹងឃើញ GSPអង់គ្លេសក្រោយពីកម្ពុជាបាត់EBA ២០%

4 ខែ មុន

រាជធានីភ្នំពេញ ៖ កម្ពុជា​អាច​ខាតបង់ថវិកា​ចន្លោះ​ពី​ ៥០០ លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពីសហភាព​អឺរ៉ុប​បាន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខទំនិញលើកលែងសព្វាវុធ ហៅកាត់ថា (EBA)…

រាជធានីភ្នំពេញ ៖ កម្ពុជា​អាច​ខាតបង់ថវិកា​ចន្លោះ​ពី​ ៥០០ លាន​ដុល្លារ​អាមេរិក​ទៅ​ជាង​ ៦០០ លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ បន្ទាប់ពីសហភាព​អឺរ៉ុប​បាន​ព្យួរ​ការ​អនុគ្រោះ​ពន្ធ​គ្រប់មុខទំនិញលើកលែងសព្វាវុធ ហៅកាត់ថា (EBA) ២០% នោះ​។ ការបាត់​បង់ពន្ធ​ EBA នេះ អាចជះឥទ្ធិពលដល់វិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនៅកម្ពុជា។

Picture

ប៉ុន្តែក្រោយពីបាត់បង់ EBA ២០%​ ប៉ុន្មានខែមកនេះ សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលហៅកាត់ថា GMAC ដែលតំណាងឲ្យអ្នករកស៊ីខាងឧស្សាហកម្មកាត់ដេរនៅកម្ពុជានោះ បានសម្លឹងឃើញប្រព័ន្ធអនុគ្រោះទូទៅដែលហៅកាត់ថា GSP របស់ប្រទេសអង់គ្លេសវិញម្តង ។ ក្តីរំពឹងលើ GSP របស់អង់គ្លេស ពីព្រោះតែសមាគមរោងចក្រកាត់ដេរនៅកម្ពុជា មើលឃើញថាកម្ពុជាមានលក្ខខណ្ឌអាចទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅរបស់អងគ្លេសនេះ ដោយសារកម្ពុជា​ ជាប្រទេសក្រីក្រ។

នៅក្នុងសេចក្តីជូនដំណឹងប្រាប់ទៅដល់សមាជិកសមាគម GMAC ចុះថ្ងៃទី ១៩ ខែវិច្ឆិកា ឆ្នាំ ២០២០ នេះបានលើកឡើងថា ការចាកចេញអង់គ្លេសពីសហភាពអឺរ៉ុប (Brexit) នឹងធ្វើឲ្យប្រទេសនេះ មានវិធានថ្មី ដែលចេញដោយនាយកដ្ឋានពាណិជ្ជអន្តរជាតិរបស់ប្រទេសអង់គ្លេស។ នោះមានន័យថាចាប់ពីថ្ងៃទី១ ខែមករាឆ្នាំ២០២១ អង់គ្លេសនឹងផ្តល់ប្រព័ន្ធអនុគ្រោះពន្ធទូទៅដល់ប្រទេសផ្សេងៗ ដែល GSPនេះ ដូចគ្នា ទៅនឹង GSP របស់សហភាពអឺរ៉ុបដែរ។

សូមបញ្ជាក់ថា GSP របស់អង់គ្លេសនឹងផ្តល់ឲ្យទៅប្រទេស មានការអភិវឌ្ឍតិចតូចបំផុត ក្របខ័ណ្ឌទូទៅ និងក្របខ័ណ្ឌប្រសើរឡើង។សមាគមរោងចក្រកាត់ដេរនៅកម្ពុជាសង្ឃឹមថាកម្ពុជាអាចនឹងទទួលបានប្រព័ន្ធអនុគ្រោះពន្ធទូទៅពីប្រទេសអង់គ្លេសដោយសារកម្ពុជាត្រូវបានអង្គការសហប្រជាជាតិចាត់ទុកថាជាប្រទេសមានការអភិវឌ្ឍតិចតូច។

Picture

ជាមួយក្តីសង្ឃឹមថានឹងទទួលបានGSP អអ់គ្លេសនេះ សមាគមរោងចក្រកាត់ដេរកម្ពុជាបញ្ជាក់ថាខ្លួនកំពុងធ្វើការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជានិងភាគីប្រទេសអង់គ្លេស។

សូមជម្រាបថាឧស្សាហកម្មកាត់ដេរសម្លៀកបំពាក់នៅកម្ពុជាពឹងសំខាន់លើទីផ្សារនៅអឺរ៉ុបនិងអាមេរិក។ អឺរ៉ុបដែលពីមុនមានប្រទេសអង់គ្លេសផង ប៉ុន្តែនៅពេលអង់គ្លេសចាកចេញពីអឺរ៉ុបនោះ ប្រទេសនេះ អាចជាទីផ្សាររបស់កម្ពុជាផងដែរ៕

Picture