ទោះព្រះអង្គនៅប្រទេសចិនតែទ្រង់នៅខ្វល់ខ្វាយពីរាស្រ្តរងគ្រោះទឹក​ជំនន់ជានិច្ច


រាជធានីភ្នំពេញ៖ ព្រះករុណាសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រកម្ពុជា និងសម្តេចម៉ែ ដែលកំពុងគង់ពិនិត្យព្យាបាលព្រះរាជសុខភាព នៅប្រទេសចិន បានបង្ហាញព្រះរាជហឫទ័យខ្វល់​ខ្វាយអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានានិងរាជធានីភ្នំពេញ ហើយព្រះអង្គក៏បានចាត់ក្រុមការងារ ព្រះបរមរាជវំាងនាំយកព្រះរាជអំណោយរបស់ព្រះអង្គទំាងទ្វេ ចែកជូនពលរដ្ឋរងគ្រោះជាបន្តបន្ទាប់។

នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះអង្គទំាងទ្វេត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៤៧៦គ្រួសារ ស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០ម៉ឺរៀល។

កាលពីថ្ងៃទី១៦ ខែតុលា ប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៥១១គ្រួសារ ស្ថិតក្នុង ភូមិស្ទឹងចក និងភូមិដុបក្រសាំង ឃុំព្រៃតូច ស្រុកមោងឬស្សី ខេត្តបាត់ដំបង បានទទួលព្រះរាជអំណោយរបស់ព្រះអង្គដូចគ្នានិងពលរដ្ឋនៅខេត្តកំពង់ស្ពឺនោះដែរ។

ចំណែកកាលពី ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ ព្រះអង្គទំាងទ្វេបានចាត់ក្រុមការងារ ក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយអង្គចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ ចំនួន ៦៤៥គ្រួសារ ស្ថិតក្នុង ឃុំវាល ឃុំស្វាយលួង ឃុំបញ្ជរ និងឃុំ កោះដុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។

ព្រះករុណាព្រះមហាក្សត្រ និងសម្តេចម៉ែ បានយាងទៅពិនិត្យនិងព្យាបាលព្រះរាជសុខភាពនៅប្រទេសចិនកាលពីថ្ងៃទី៦ ខែតុលាឆ្នាំ២០២០។

ក្រោយពីទទួលបានដំណឹងអំពីប្រជាពលរដ្ឋនៅរាជធានីភ្នំពេញនិងខេត្តមួយចំនួនត្រូវទទួលរងគ្រោះដែលបង្កដោយជំនន់ទឹកភ្លៀង រយៈពេលប៉ុន្មានថ្ងៃមកនេះ រហូតបណ្ដាលឲ្យមានការបាត់បង់ជីវិត និងខូចខាតទ្រព្យសម្បត្តិជាច្រើន នោះ កាលពីថ្ងៃទី១៦តុលានេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ស្តេចបានរំជួលព្រះរាជហឫទ័យជាខ្លាំងនិងបានផ្ញើព្រះរាជសារជូនសម្តេចនាយករដ្ឋមន្រ្តី ដែលសម្តេចបានចាត់វិធានការជួយសង្រ្គោះពលរដ្ឋទៅកាន់ទីទួលសុវត្ថិភាពទាន់ពេលវេលានោះ។

ជាថ្មីម្តងទៀត ក្រោមព្រះរាជហឫទ័យខ្វល់ខ្វាយជានិច្ចអំពីបញ្ហាគ្រោះទឹកជំនន់ដែលកំពុងកើតមានតាមបណ្តាខេត្តនានា នៃព្រះរាជាណាចក្រកម្ពុជា និងទុកដាក់ខ្ពស់អំពីសុខទុក្ខរបស់បងប្អូនប្រជានុរាស្រ្ត នាវេលាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ក្នុងសេរីភាព សេចក្តីថ្លៃថ្នូរ និងសុភមង្គល ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ស្តេចសព្វព្រះរាជហឫទ័យត្រាស់បង្គាប់ ក្រុមមន្រ្តី នៃក្រសួងព្រះបរមរាជវាំង នាំយក​ព្រះរាជអំណោយដ៏ឧត្តុង្គឧត្តមជាព្រះរាជទានរបស់ព្រះអង្គទាំងទ្វេ ចែកជូនប្រជារាស្រ្តរងគ្រោះដោយគ្រោះទឹកជំនន់ដើម្បីសម្រាលទុក្ខលំបាក ចំនួន ៤៧៦គ្រួសារ ស្ថិតក្នុងសង្កាត់កណ្តាលដុំ ក្រុងច្បារមន និងឃុំតាំងក្រូច ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយគ្រួសារនីមួយៗទទួលបាន អង្ករ ៥០គីឡូ មី ១កេស ឃីត ១កញ្ចប់ ( មុង ១ ក្រមា ១ សារុង ១ ភួយ ១) ត្រីខ ១០កំប៉ុង កៅស៊ូតង់ ចំនួន ១ សាប៊ូដុំ ចំនួន ៥ដុំ អាវយឺតស្លាកព្រះរាជអំណោយ ១ និងថរិកា ៤០មុឺនរៀល។



Facebook Google Twitter Email

Live

Sponsored News

ការស្ទង់មតិគេហទំព័រថ្មី




    សូម​អរគុណ