ខេត្តបន្ទាយមានជ័យ ៖ រថយន្ត និងម៉ូតូ បុកគ្នាបណ្តាលឲ្យអ្នកជិះម៉ូតូពីក្រោយធ្លាក់ ហើយត្រូវរថយន្តកិនស្លាប់ ឯអ្នកបើកគេចផុតពីរបួស ។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង១ និង១០នាទីរសៀលថ្ងៃទី១០ ឧសភា ឆ្នាំ២០១២ នៅលើផ្លូវលំមុខសាលា បឋមសិក្សាដងត្រាង ក្នុងភូមិដងត្រាង ឃុំចំណោម ស្រុកមង្គលបុរី ។
លោកវរសេនីយ៍ត្រី យ៉ត សោផល អធិការនគរបាលមង្គលបុរី ឱ្យដឹងថា អ្នកស្លាប់ឈ្មោះសួន ព្រែក ភេទប្រុស អាយុ៥៣ឆ្នាំ នៅ ភូមិដងត្រាង ចំណែកឯអ្នកបើកម៉ូតូឈ្មោះតាន់ កាន់ ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជាមួយគ្នា។ ដោយឡែកអ្នកបើករថយន្តដឹកដីឈ្មោះជា វុទ្ធី ភេទប្រុស អាយុ២៧ឆ្នាំ នៅភូមិដងត្រាងកើត ឃុំចំណោម ។
លោកអធិការបន្តថា តាមការបំភ្លឺពីសាក្សីនៅកន្លែងកើតហេតុថា ជនរងគ្រោះបើកម៉ូតូម៉ាកឌ្រីមសេ១២៥ នៅពីមុខរថយន្ត លុះដល់ចំណុចកើតហេតុ បត់ខាងឆ្វេងចូលផ្ទះដោយមិនមើលមុខក្រោយ ឯរថយន្តជាន់ហ្វ្រាំងមិនទាន់ក៏បុកពេញទំហឹង។ ការបុកនោះ បណ្តាលឱ្យឈ្មោះសួន ព្រែក ធ្លាក់ពីលើម៉ូតូត្រូវរថយន្តកិនស្លាប់ភ្លាម ដោយឡែកអ្នកបើកមិនរងរបួសទេ ដែលចាត់ទុកជាសំណាងមួយក្នុងមួយពាន់គ្រោះថ្នាក់ ។ ទោះជាយ៉ាងណាក្តី ម៉ូតូរងការខូចខាត ។
អ្នកបើករថយន្តក្រោយពីកើតហេតុ រត់គេចខ្លួនបាត់ ។ លោកអធិការបញ្ជាក់ថា វត្ថុតាងទាំង២គ្រឿង ត្រូវសមត្ថកិច្ចជំនាញយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករងចាំដោះស្រាយតាមច្បាប់ ៕
ចែករំលែកព័តមាននេះ