ក្រុមហ៊ុនផលិតរថយន្តទំនើបរបស់ចក្រភពអង់គ្លេស McLaren Automotive នឹងមិនឆាប់ផលិតរថយន្តអគ្គិសនីសម្រាប់កំឡុងពេលនេះទេ ដោយសារតែគេគិតថា បច្ចេកវិទ្យាអាគុយរថយន្តនៅមិនទាន់ល្អគ្រប់គ្រាន់។ លោក Mike Flewitt នាយកប្រតិបត្តិក្រុមហ៊ុន McLaren ថ្លែងទៅកាន់លោក Mark Phelan ដែលជាអ្នកសារព័ត៌មានរបស់ Detroit Free Press ថា៖«បច្ចេកវិទ្យាមិនអនុញ្ញាតឱ្យមានរថយន្តស្ព័រអគ្គិសនីល្អនៅពេលសព្វថ្ងៃនេះទេ។ មូលហេតុចម្បងគឺទម្ងន់របស់អាគុយ»។
ប៉ុន្តែ ក្រុមហ៊ុន McLaren Automotive មិនបានប្រឆាំងនឹងការផលិតរថយន្តអគ្គិសនីឡើយ។ ក្រុមហ៊ុននេះបានផលិតម៉ូឌែល Hybrid ដោតខ្សែបញ្ចូលភ្លើង McLaren P1 តាំងពីឆ្នាំ២០១៣ រហូតដល់ ២០១៥ ហើយក៏កំពុងតែគ្រោងនឹងផលិតរថយន្តប្រភេទនេះទៀតទៅលើម៉ូដែលផ្សេងនៅឆ្នាំ២០២០ខាងមុខ។ រថយន្តនោះអាចនឹងបើកបានចម្ងាយពី២៥ទៅ៣០ម៉ាយ រាល់ការសាកថ្មម្តង ពេលបើកប្រើអាគុយសុទ្ធ។
ការផលិតរថយន្ត Hybrid ដែលអាចបើកបរចម្ងាយបានតិចពេលប្រើអាគុយសុទ្ធ អាចជួយធ្វើឱ្យរថយន្តមានទម្ងន់ស្រាលជាងការប្រើអាគុយធំៗ។ McLaren យល់ច្បាស់ថា ការដាក់អាគុយកម្លាំងខ្លាំងអាចជួយបង្កើនសន្ទុះរបស់រថយន្ត តែគេមិនចង់បង្កើនទម្ងន់រថយន្តឱ្យធ្ងន់ឡើយ ហើយក៏អាចមិនចង់ប៉ះពាល់ដល់ការបញ្ជាចង្កូតផងដែរ។
ដូចទៅនឹងក្រុមហ៊ុនរថយន្តស្ព័រផ្សេងទៀតដែរ McLaren បានគិតគូរយ៉ាងខ្លាំងទៅលើបច្ចេកវិទ្យាធ្វើឱ្យរថយន្តមានទម្ងន់ស្រាល ដោយដាក់សសៃកាបូនយ៉ាងច្រើនទៅលើផ្នែករបស់រថយន្ត ជំនួសឱ្យការប្រើប្រាស់លោហៈ។ សរសៃកាបូនមានតម្លៃថ្លៃ តែវាអាចផ្តល់ភាពរឹងមាំបានប្រសើរ និង ទម្ងន់ស្រាល ដែលជួយឱ្យរថយន្តមានទម្ងន់ស្រាល និង បញ្ជាចង្កូតបានល្អ។
បច្ចេកវិទ្យាអាគុយដែលអាចឱ្យ McLaren គិតគូរបាន គឺជាប្រភេទអាគុយប្រើអ៊ីយ៉ុងរឹង ខុសពីអាគុយប្រភេទលីចូមដែលប្រើប្រាស់អ៊ីយ៉ុងរាវ។ វាអាចផ្ទុកថាមពលបានច្រើនជាង ក្នុងទំហំតូចជាង និងស្រាលជាង។ តែវាមានតម្លៃថ្លៃនៅពេលនេះ ហើយអាចនឹងត្រូវប្រើពេលយូរទម្រាំតែវិស័យខាងរថយន្តអគ្គិសនីយកមកប្រើបានក្នុងតម្លៃសមរម្យ៕
ចែករំលែកព័តមាននេះ