ប្រទេសមីយ៉ាន់ម៉ា ៖ នៅមុខតុលាការយុត្តិធម៌អន្តរជាតិCU មេដឹកនាំមីយ៉ាន់ម៉ាលោកស្រីអ៊ូងសាន់ស៊ូជី ថ្លែងកាលពីថ្ងៃទី១១ធ្នូថា កងទ័ពមីយ៉ាន់ម៉ា អាចប្រើកម្លាំងមិនសមស្រប ក្នុងឱកាសនៃប្រតិបតិ្តការ ប្រឆាំងជនជាតិភាគតិចអ៊ិស្លាមរ៉ូហ៊ីងយ៉ា តែដាច់ខាតមិនមែនជាមួយចេតនាប្រល័យពូជសាសន៍មូយឡើយ។
ប្រមុខរដ្ឋាភិបាលមីយ៉ាន់ម៉ារួបនោះជាជ័យលាភីពានរង្វាន់ណូបែលសន្តិភាព ហាក់ដូចជាប្រកាន់ជំហរម៉ឺងម៉ាត់និងប្រកបដោយការតាំងចិត្ត ដឹកនាំគណៈប្រតិភូមួយមកកាន់តុលាការCU ការពារដោយខ្លួនឯងផ្ទាល់ផលប្រយោជន៍របស់ប្រទេសលោកស្រី ដែលប្រជាជនភាគច្រើនកាន់ព្រះពុទ្ធសាសនា ហើយត្រូវប្រទេសហ្គំប៊ីក្នុងនាមនៃបណ្ដាប្រទេសអ៊ិស្លាម ចោទប្រកាន់មីយ៉ាន់ម៉ាពីបទសម្លាប់រង្គាលនិងធ្វើទុក្ខបុកម្នេញប្រឆាំងពួករ៉ួហ៊ីងយ៉ា។
ចាប់តាំងពីខែសីហាឆ្នាំ២០១៧មក ជនរ៉ូហ៊ីងយ៉ាប្រមាណជា៧៤០.០០០នាក់បានរត់ភៀសខ្លួនមកកាន់បង់ក្លាដែស ដើម្បីគេចពីការសម្លាប់រង្គាលរបស់កងទ័ពមីយ៉ាន់ម៉ានិងបណ្ដាកងជីវពលពុទ្ធនិយម ហើយបណ្ដាអ្នកស៊ើបអង្កេតអ.ស.ប ចាត់ទុកជាការប្រល័យពូជសាសន៍។ ហ្គំប៊ីដែលប្រទេស៥៧ជាសមាជិកអង្គការកិច្ចសហប្រតិបត្តិការអ៊ិស្លាមចាត់តាំងជាតំណាងប្ដឹងចោទប្រកាន់វាយតម្លៃថា មីយ៉ាន់ម៉ាបានរំលោភបំពានអនុសញ្ញាបង្ការឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ ជាសន្ធិសញ្ញាអន្តរជាតិមួយដែលអនុម័តកាលពីឆ្នាំ១៩៤៨។
ពីដើមត្រួវបានសហគមន៍អន្តរជាតិគាំទ្រដោយសារការប្រឆាំងរបស់លោកស្រី ចំពោះរបបយោធាមីយ៉ាន់ម៉ា លោកស្រីស៊ូជីជ័យលាភីពានរង្វាន់ណូបែលសន្តិភាពឆ្នាំ១៩៩១ ពេលនេះបានប្រកាន់ជំហរនៅខាងកងទ័ពរបស់រដ្ឋ។ លោកស្រីបានតាំងចិត្តការពារប្រទេសលោកស្រីចំពោះការចោទប្រកាន់ ពីបទប្រល័យពូជសាសន៍ប្រឆាំងពួករ៉ួហ៊ីងយ៉ា ដែលពលរដ្ឋប្រទេសលោកស្រីភាគច្រើនមិនទទួលស្គាល់៕ (កែសម្រួលដោយ ៖ បុប្ផា)
ចែករំលែកព័តមាននេះ