រាជធានីភ្នំពេញ ៖ រដ្ឋសភាបានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមគ្នារវាងខាងរដ្ឋាភិលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល ។
ការអនុម័តច្បាប់នេះធ្វើឡើងក្នុងសម័យប្រជុំពេញអង្គ រដ្ឋសភាលើកទី៣ នីតិកាលទី៦ នៃរដ្ឋសភាក្រោមអធិបតីភាពសម្តេច ហេង សំរិន ប្រធានរដ្ឋសភា នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកានេះ ដោយមានសមាជិករដ្ឋសភា១១០អនុម័តយល់ព្រម ។
លោកជាម យៀប ប្រធានគណៈកម្មការសេដ្ឋកិច្ច ហិរញ្ញវត្ថុ ធនាគារ និងសវនកម្មនៃរដ្ឋសភាបានលើកឡើងថា យោងតាមសំណើសុំឱ្យមានកិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូលជាមួយកម្ពុជារបស់តំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋ ប្រជាមានិតចិន និងអត្ថប្រយោជន៍ជាច្រើនដែលអាចទទួលបានពីកិច្ចព្រមព្រៀងនេះដូចជា ការទាក់ទាញ និងសម្រួលការវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ព្រមទាំងទប់ស្កាត់ និងបង្ក្រាបការកិបកេងបន្លំពន្ធទាំងក្នុងក្របខ័ណ្ឌ ជាតិ និងអន្តរជាតិ កម្ពុជាបានចាប់ផ្តើមចរចាកិច្ចព្រមព្រៀងខាងលើជាមួយហុងកុង ចាប់តាំងពីពាក់កណ្តាល ឆ្នាំ២០១៧ រហូតបានបញ្ចប់ជាស្ថាពរ និងចុះហត្ថលេខារួចរាល់នាពេលថ្មីៗនេះ ។
លោកបន្តថា តាមស្តង់ដាអន្តរជាតិមានគំរូកិច្ចព្រមព្រៀងពីរធំៗ ដែលត្រូវបានរៀបចំឡើងដោយអង្គការសហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ច និងអង្គការសហប្រជាជាតិ ។ តម្រូវរបស់អង្គការ សហប្រតិបត្តិការ និងអភិវឌ្ឍសេដ្ឋកិច្ចមាន អត្តប្រយោជន៍ច្រើនចំពោះប្រទេស អភិវឌ្ឍន៍ ដោយឡែកតម្រូវរបស់អង្គការសហប្រជាជាតិផ្តល់នូវតុល្យភាពរវាងប្រទេសកំពុងអភិវឌ្ឍន៍ និងប្រទេសអភិវឌ្ឍន៍ក្នុងការបែងចែកសិទ្ធិយកពន្ធ ។
លោកបន្ថែមថា កិច្ចព្រមព្រៀងស្ដីពីការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធពាក់ព័ន្ធនឹងពន្ធលើ ប្រាក់ចំណូល គឺជាការបែងចែកសិទ្ធិ ក្នុងការយកពន្ធរវាងគូភាគីនៃប្រទេសជាហត្ថលេខី ដែលម្ខាងអាចកម្រិតផ្នែកខ្លះ នៃការអនុវត្តច្បាប់ និងបទប្បញ្ញត្តិក្នុងស្រុកស្តីពីពន្ធដារ ហើយនៅក្នុងណាក់កាលនៃការអនុវត្តដំបូងអាចមានផលប៉ះពាល់ផ្ទាល់ដល់ចំណូលពន្ធរបស់ប្រទេសប្រភពដោយសារការកាត់បន្ថយអត្រាពន្ធកាត់ទុកដែលត្រូវអនុវត្តចំពោះអ្នកជាប់ពន្ធអនិវាសនជន និងការបែងចែកសិទ្ធិយកពន្ធលើប្រភេទប្រាក់ចំណូលមួយចំនួនឱ្យទៅប្រទេសនិវាសនដ្ឋានតែម្ខាងទៀតផ្តល់នូវអត្ថប្រយោជន៍ជាច្រើនដែលជាការប៉ះប៉ូវវិញដល់ប្រទេសជាហត្ថលេខី
ដូចជា៖ ១. ការទាក់ទាញ និងជំរុញវិនិយោគ និងពាណិជ្ជកម្មអន្តរជាតិ ដោយសារការផ្តល់នូវភាពច្បាស់លាស់ តម្លាភាព និងគ្មានការរើសអើងក្នុងវិស័យពន្ធដារ ២ . កំណើនមូលដ្ឋានពន្ធ ៣. លំហូរមូលធនដោយសារភាពទាក់ទាញនៃអត្រាពន្ធកាត់ទុកលើការប្រាក់ និងភាគលាភ ៤. ការផ្ទេរបច្ចេកវិទ្យា និងជំនាញពីបរទេសតាមរយៈបទប្បញ្ញត្តិស្តីពីសេវាបច្ចេកទេសនិងសួយសារ ៥ . ការការពារនិវាសនជនកម្ពុជាដែលជាវិនិយោគិននៅបរទេស និង៦. ការពង្រឹងកិច្ចសហប្រតិបត្តិការអន្តរជាតិក្នុងវិស័យពន្ធដារ ជាពិសេសការទប់ស្កាត់ និងការបង្ក្រាបការកិបកេងបន្លំពន្ធតាមរយៈការផ្លាស់ប្តូរព័ត៌មានរបស់អ្នកជាប់ពន្ធ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ