រាជធានីភ្នំពេញ ៖ នគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិម្នាក់នៅចំណុចផ្លូវលេខ១៩ កែងផ្លូវលេខ១៧២ ស្ថិតក្នុងភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ កាលពីវេលាម៉ោង១០ និង១៥នាទីព្រឹកថ្ងៃទី១៨ មេសា ឆ្នាំ២០១២ បន្ទាប់ពីឆែកឆេររកឃើញថ្នាំញៀនប្រភេទម៉ាទឹកកក ។
យុវសិស្សដែលនគរបាលឃាត់ខ្លួនឈ្មោះសោម រស្មីអរុណ ភេទប្រុស អាយុ២៣ឆ្នាំ ជាសិស្សថ្នាក់ទី12 S1 នៃវិទ្យាល័យព្រះស៊ីសុវត្ថិស្នាក់នៅផ្ទះលេខ២១៣ E1 ផ្លូវលេខ១៩ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ។
យោងតាមរបាយការណ៍របស់សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងខាងលើ កម្លាំងនគរបាលផ្នែកព្រហ្មទណ្ឌខណ្ឌដូនពេញ បានឃាត់ខ្លួនសិស្សវិទ្យាល័យព្រះស៊ីសុវត្ថិរូបនោះនៅចំណុចកែងផ្លូវលេខ១៩ និងផ្លូវលេខ១៧២ ក្នុងភូមិ៤ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ ពេលគេកំពុងអង្គុយលើម៉ូតូគួរឱ្យសង្ស័យ ។ ពេលនោះសមត្ថកិច្ចបានធ្វើការឆែកឆេរក៏ប្រទះឃើញថ្នាំញៀនប្រភេទម៉ាទឹកកកចំនួនពីរកញ្ចប់ និងកូនថង់ប្លាស្ទិច២៤ថង់ ដែលលាក់ទុកក្នុងហោប៉ៅអាវរបស់គេ ។ ជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ៕
ចែករំលែកព័តមាននេះ