រាជធានីភ្នំពេញ ៖ កម្ពុជាគឺជាប្រទេសដែលនាំចេញកង់ទៅកាន់ទីផ្សារនៅលើពិភពលោកធំជាងគេមួយ និងធ្លាប់ជាប់ចំណាត់ថ្នាក់លេខ១ នាំមុខតៃវ៉ាន់ ក្នុងការនាំចេញកង់បានច្រើនជាងគេទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសទីផ្សាររបស់សហភាពអឺរ៉ុប ។ ជាក់ស្ដែង ក្នុងរយៈពេល៦ខែដើមឆ្នាំ ២០១៩នេះ កម្ពុជាបាននាំចេញកង់ទៅកាន់ទីផ្សារអន្តរជាតិមានទំហំទឹកប្រាក់ប្រមាណជាង ១៨១ លានដុល្លារអាមេរិ កទៅលើទីផ្សារប្រទេសជាច្រើន ក្នុងនោះអឺរ៉ុបមានទីផ្សារធំជាងគេសម្រាប់ការនាំចេញកង់របស់កម្ពុជា ។
ក៏ប៉ុន្តែវិស័យមួយនេះក៏កំពុងប្រឈមមុខក្នុងការត្រូវបង់ពន្ធធ្ងន់ធ្ងរផងដែរនាពេលអនាគតខ្លីដ៏ខាងមុខនេះ ប្រសិនបើសហភាពអឺរ៉ុបសម្រេចផ្អាក ឬក៏ផ្តាច់ការអនុគ្រោះពាណិជ្ជកម្មអ្វីគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) សម្រាប់កម្ពុជានោះ ព្រោះបញ្ហាភាពមិនច្បាស់លាស់នៃ EBA មិនមែនប៉ះពាល់តែវិស័យកាត់ដេរសម្លៀកបំពាក់និងស្បែកជើងនោះឡើយ ។ យោងតាមតួលេខរបស់ក្រសួងពាណិជ្ជកម្មកម្ពុជាបានបង្ហាញឲ្យដឹងថា ការនាំចេញកង់របស់កម្ពុជាបានកើនឡើងជាបន្តបន្ទាប់ពីមួយឆ្នាំទៅមួយឆ្នាំ ។ ក្នុងឆ្នាំ ២០១៥ កម្ពុជានាំចេញកង់បានប្រមាណ២០១,៣០លានដុល្លារមេរិក ទៅកាន់ទីផ្សារអន្តរជាតិ; ឆ្នាំ ២០១៦ កម្ពុជានាំចេញកង់បានចំនួន ១,៦លាន គ្រឿង ជាមួយតម្លៃគិតជាទឹកប្រាក់ប្រមាណ៣៤៥,៣៦លានដុល្លារអាមេរិក។
ការនាំចេញកង់របស់កម្ពុជាក្នុង ឆ្នាំ ២០១៧ ទៅកាន់ទីផ្សារអន្តរជាតិក៏បានបន្តកើនឡើងខ្ពស់រហូតសម្រេចបានការនាំចេញកង់ដល់ទៅប្រមាណ ជាង ១,៨ លានគ្រឿង ដែលមានទឹកប្រាក់សរុបជាង ៣៦០ លានដុល្លារអាមេរិក កើនឡើង ៤ភាគរយ បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៦ ។ ក្នុងឆ្នាំ ២០១៨ ការនាំចេញកង់របស់កម្ពុជា មានទំហំទឹកប្រាក់ប្រមាណ៣៧៦,៧៩លានដុល្លារអាមេរិក ។
បើតាមលោក ស៊ាង ថៃអ្នកនាំពាក្យក្រសួងពាណិជ្ជកម្មកម្ពុជា បានអោយដឹងថា
ទីផ្សារធំនៃផលិតផលកង់របស់កម្ពុជានាពេលបច្ចុប្បន្ននេះ គឺសហភាពអឺរ៉ុប ហើយក្រៅពីសហភាពអឺរ៉ុបដែលជាទីផ្សារធំបំផុតរបស់កង់កម្ពុជានោះ កម្ពុជាក៏បាននាំចេញកង់ទៅកាន់ប្រទេស អូស្ត្រាលី សហរដ្ឋអាមេរិក កាណាដា ប្រទេសឥណ្ឌា ប្រទេសឈីលី ប្រទេសម៉ុងហ្គោលី ប្រទេសកូរ៉េ ប្រទេសអាហ្វ្រិកខាងត្បូង ប្រទេសអាហ្សង់ទីន ប្រទេសអ៊ីស្រាអែល ប្រទេសប៉ារ៉ាហ្កាយ អ៊ុយរ៉ាហ្កាយ សហភាពអារ៉ាប់រួម និងប្រទេសមួយចំនួនទៀតនៅក្នុងតំបន់អាស៊ាន ។ លោកបានបន្តថា ផលិតកម្មកង់នៅកម្ពុជាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះដោយសារតែការនាំចេញដោយមិនបង់ពន្ធទៅទីផ្សារសហភាពអឺរ៉ុបក្រោមគម្រោងអនុគ្រោះពន្ធអ្វីៗទាំងអស់លើកលែងតែអាវុធ (EBA) ។ ក៏ប៉ុន្តែនាពេលបច្ចុប្បន្ននេះ EBA សម្រាប់កម្ពុជាកំពុងតែស្ថិតនៅដំណាក់កាលមួយដែលមិនច្បាស់លាស់ ដែលនាំឲ្យការនាំចេញកង់របស់កម្ពុជាប្រឈមមុខខ្ពស់នឹងការបង់ពន្ធធ្ងន់ធ្ងរផងដែរ សម្រាប់ទីផ្សារអឺរ៉ុប ។
បើតាមគេហទំព័រ ទោចក្រយាន Bike-eu បានអោយដឹងផងដែរថាទំនាស់ពាណិជ្ជកម្មរវាងអាមេរិកនិងចិន ក្រុមហ៊ុនផលិតកង់មួយចំនួនបាននិងកំពុងសម្លឹងមើលសក្ដានុពលប្រទេសកម្ពុជា ជាប្រទេសសម្រាប់ការផលិតកង់នាំចេញទៅកាន់ទីផ្សារអន្តរជាតិ។ ប្រភពដដែលបានបង្ហាញផងដែរថា មានក្រុមហ៊ុនចិនមួយបាននិងកំពុងសម្លឹងមើលការវិនិយោគរោងចក្រដំឡើងកង់នៅកម្ពុជា ហើយនាំចេញទៅកាន់ទីផ្សារអន្តរជាតិដែលមានតម្រូវការកង់ខ្ពស់ ជាពិសេសប្រទេសអាមេរិកជាដើម ដើម្បីគេចពីការបង់ពន្ធខ្ពស់ ។
តាមគេទំព័ររបស់ Bike-eu រោងចក្រនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា បាននាំមុខគេក្នុងការផលិតកង់និងនាំចេញ ជាក់ស្ដែងកាលពីឆ្នាំមុននេះ ការនាំចេញកង់ពីរោងចក្រក្នុងតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា មានចំនួន១,៤លានគ្រឿង ក្នុងទំហំទឹកប្រាក់ ២៨៧លានដុល្លារអាមេរិក ហើយទីផ្សារធំនោះ គឺបណ្ដាប្រទេសសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក ។ សូមបញ្ជាក់ថានៅកម្ពុជា កង់ភាគច្រើនលើសលប់គឺផលិតនៅរោងចក្រស្ថិតនៅ តំបន់សេដ្ឋកិច្ចពិសេសនៅខេត្តស្វាយរៀង ។ យោងតាមការសិក្សារបស់ Strait Times report ក៏បានបង្ហាញផងដែរ ការមកដល់នៃវិនិយោគិនចិនក្នុងវិស័យឧស្សាហកម្មកម្មន្តសាលនេះ គេរំពឹងថា ការផលិតនិងការនាំចេញកងរបស់កម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិនឹងមានការប្រែប្រួលកើនឡើងខ្ពស់ជាងឆ្នាំមុនៗ ។
សូមបញ្ជាក់ថាកន្លងមកសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) បានជំរុញឱ្យសហភាពអឺរ៉ុប (EU) រក្សាទុក EBA សម្រាប់កម្ពុជា។ GMAC បានបញ្ជាក់ជាច្រើនលើកច្រើនសារថា វិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ផ្តល់ការងារដោយផ្ទាល់ដល់ប្រជាពលរដ្ឋប្រមាណ៧០ម៉ឺននាក់ ដែលជាង៨៥%ជាស្ត្រីមកពីបណ្តាខេត្តជនបទ និងជួយដោយប្រយោលដល់ប្រជាពលរដ្ឋ២លាននាក់ដទៃទៀតក្នុងចំណោមប្រជាពលរដ្ឋសរុប១៦លាននាក់ពឹងផ្អែកលើ វិស័យនេះ។ ដូច្នេះបើបាត់បង់ EBA នោះនឹងបណ្តាលឲ្យមានផលប៉ះពាល់អវិជ្ជាមានខ្លាំងលើវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើង ព្រោះវិស័យមួយនេះប្រឈមនឹងការបង់ពន្ធធ្ងន់ធ្ងរប្រមាណ ៥០០ ទៅ ៦០០លានដុល្លារអាមេរិកក្នុងមួយឆ្នាំ ប្រសិនបើសហភាពអឺរ៉ុបសម្រេចព្យួរការអនុគ្រោះពន្ធ (EBA) ដល់កម្ពុជា។ នេះជាការព្រមានរបស់ធនាគារពិភពកាលពីពេលថ្មីៗនេះពាក់ព័ន្ធនឹងការបាត់បង់ប្រាក់រាប់រយលានដុល្លារអាមេរិក។
សូមរម្លឹកថា សហភាពអ៊ឺរ៉ុបបានចាប់ផ្តើមដំណើរការរយៈពេល ១៨ ខែនៅក្នុងខែកុម្ភៈ ដែលអាចនាំឱ្យមានការផ្អាកជាបណ្តោះអាសន្ននៃការទទួលបានការធ្វើពាណិជ្ជកម្មដោយអនុគ្រោះពន្ធរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារសហភាពអ៊ឺរ៉ុប ក្រោមគម្រោង EBA ដោយសារតែការព្រួយបារម្ភលើសិទ្ធិមនុស្ស និងសិទ្ធិការងារ៕ កែសម្រួលដោយ ៖សុឃាក់
ចែករំលែកព័តមាននេះ