ខេត្តកណ្តាល ៖ សេរីភាពនៃការប្រើប្រាស់វិទ្យុទាក់ទងដែលខ្វះគុណធម៌គឺបែបនេះឯង ដែលមនុស្សខ្លះគ្មានតួនាទីជាសមត្ថកិច្ច បានយកមកនិយាយជេរបញ្ចោរគ្នាធ្វើជាល្បែង។
ជាក់ស្តែង ករណីហិង្សាមួយបានកើតឡើង បង្កដោយការឈ្លោះគ្នាតាមវិទ្យុទាក់ទង អាយកូម រហូតដល់ណាត់ជួបគ្នាជម្រះបញ្ជីដោយហិង្សា ហើយទីបំផុតអ្នកឈ្នះត្រូវសមត្ថកិច្ចចាប់វាយខ្នោះ ឯអ្នកចាញ់ចូលពេទ្យ ។ ហេតុការណ៍នេះ កើតឡើងកាលពីថ្ងៃទី៥ ខែកញ្ញាកន្លងទៅ វេលាម៉ោង៩និង១៥នាទីព្រឹកនៅភូមិដើមពោធិ៍ ឃុំភ្នំបាត ស្រុកពញាឮ។ អ្នករងរបួសឈ្មោះ ម៉ាង សុភ័ណ ភេទប្រុស អាយុ៤៦ឆ្នាំ ជាកសិករ មានទីលំនៅភូមិវាលថ្មី ឃុំភ្នំបាត ចំណែកអ្នកដែលត្រូវចាប់ខ្លួនឈ្មោះ ឆឹង កាន ភេទប្រុស អាយុ៤៧ឆ្នាំ ជាកម្មករសំណង់ មានទីលំនៅក្នុងភូមិ ឃុំ ជាមួយគ្នា ។
មន្ត្រីនគរបាលស្រុកពញាឮ ឱ្យដឹងថា ឈ្មោះ ម៉ាង សុភ័ណ បាននិយាយអាយកូមលេងជាមួយបុរសឈ្មោះ ទួន នៅភូមិកំពង់ក្រសាំង ឃុំភ្នំបាត និងបានបបួលគ្នាមកលេងផ្ទះឈ្មោះ ហង្សគឹមញ៉ាន នៅភូមិដើមពោធិ៍ ឃុំភ្នំបាត ។ ពេលនោះដែរឈ្មោះ ឆឹង កាន បាននិយាយតាមអាយកូមហៅឈ្មោះ ហង្ស គឹមញ៉ាន រហស្សនាមអាយកូម«ដើមពោធិ៍៣» ហើយក៏បានទាស់ពាក្យសម្តីគ្នាតាមអាយកូម ជាមួយឈ្មោះ ម៉ាង សុភ័ណ រហូតណាត់ជួបគ្នានៅផ្ទះឈ្មោះ ហង្ស គឹមញ៉ាន។បន្ទាប់មក ឈ្មោះ ម៉ាង សុភ័ណ បានមកដល់ផ្ទះឈ្មោះ ហង្ស គឹមញ៉ាន មុន បន្តិចក្រោយមកឈ្មោះ ឆឹង កាន បានជិះម៉ូតូមកដល់ដែរ ដោយមានកាំបិតផ្គាក់១មកជាមួយផង ។
ភ្លាមនោះ ឈ្មោះ ឆឹង កាន ចុះពីលើម៉ូតូកាន់កាំបិតផ្គាក់ដើរសំដៅទៅរកគូបដិបក្ខ ដោយនិយាយថា អញកាប់អ្ហែងឲ្យងាប់ អញគុំអ្ហែងយូរហើយ ។ នៅពេលឃើញដូច្នេះ ឈ្មោះ ហង្ស គឹមញ៉ាន ស្ទុះទៅចាប់យកកាំបិតផ្គាក់ទុក តែជនសង្ស័យបានដកយកកូនកាំបិតបត់ពីក្នុងហោប៉ៅខោខាងស្ដាំចាក់ឈ្មោះ ម៉ាង សុភ័ណចំកញ្ចឹងកខាងឆ្វេង១កាំបិត និងចំឆ្អឹងជំនីរខាងឆ្វេង១កាំបិត បណ្តាលឱ្យដួលសន្លប់ ហើយភ្លាមៗនោះត្រូវបានសាច់ញាតិបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកពញាឮ ។
លុះព្រឹកថ្ងៃទី៦ ខែកញ្ញា ក្រុមគ្រួសារជនរងគ្រោះ បានទៅដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត ហើយនគរបាលប៉ុស្តិ៍ក៏បានឃាត់ខ្លួនជនសង្ស័យបញ្ជូនទៅកាន់អធិការដ្ឋាននគរបាលស្រុកពញាឮដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ