រាជធានីភ្នំពេញ ៖ បន្ទប់គេងនៅក្នុងឃ្លាំងស្តុកសាប៊ូមួយកន្លែងបានឆ្លងចរន្តអគ្គីសនី បង្កជាអគ្គិភ័យ បណ្តាលអោយឆាបឆេះពិតាន និងឆេះរាលដាលពេញក្នុងបន្ទប់គេង តែត្រូវម្ចាស់ឃ្លាំងដឹងខ្លួនទាន់ ក៏នាំគ្នាទាញបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ និងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានដើម្បីទាក់ទងហៅរថយន្តពន្លត់អគ្គិភ័យឱ្យមកជួយអន្តរាគមន៍ ។
ហេតុការណ៍ខាងលើនេះបានបង្កឱ្យមានការភ្ញាក់ផ្អើលកើតឡើងកាលពីវេលាម៉ោង៧និង១៥នាទីយប់ថ្ងៃទី៨
ខែសីហា នៅចំណុចផ្ទះលេខ២ ផ្លូវ៣៤៨ កែងនឹងផ្លូវ៩៥
ភូមិ២១ ក្រុម៩ សង្កាត់បឹងកេងកង៣
ខណ្ឌបឹងកេងកង។
តាមប្រភពព័ត៌មានពីម្ចាស់ឃ្លាំងឈ្មោះ ង៉ូវ សេងគួង ភេទប្រុស អាយុ៥១ឆ្នាំ មុខរបរលក់ដូរ បានប្រាប់អោយដឹងថា មូលហេតុគឺបណ្ដាលឲ្យមកពីឆ្លងចរន្តអគ្គិសនី បង្កជាអគ្គិភ័យឆេះពិតាន រួចឆេះរាលដាលដល់សម្ភារៈក្នុងបន្ទប់ ។ ភ្លាមៗនោះពួកគាត់ដឹងខ្លួនទាន់ក៏នាំគ្នាទាញយកបំពង់ពន្លត់អគ្គិភ័យមកបាញ់ពន្លត់ភ្លាមៗអស់ជាច្រើនបំពង់ ទើបភ្លើងក៏រលត់ទៅវិញជិតអស់ ហើយគាត់ក៏បានរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានហៅរថយន្តពន្លត់អគ្គីភ័យមកជួយអន្តរាគមន៍ព្រោងព្រាតជាច្រើនគ្រឿងផងដែរ ហើយនៅក្នុងប្រតិបត្តិការអន្តរាគមន៍ពន្លត់អគ្គិភ័យខាលើនោះ គឺប្រើប្រាស់រថយន្ដពន្លត់អគ្គីភ័យអស់ចំនួនមួយគ្រឿងផងដែរ។
ក្នុងហេតុការណ៍អគ្គីភ័យឆាបឆេះបន្ទប់គេងក្នុងឃ្លាំងស្តុកសាប៊ូខាងលើនេះ គឺបណ្តាលឱ្យរងការខូចខាតសម្ភារៈនៅក្នុងបន្ទប់គេង និងកេសសាប៊ូកក់សក់តិចតួចតែប៉ុណ្ណោះ តែមិនមានបណ្តាលឱ្យមនុស្សណាម្នាក់រងគ្រោះថ្នាក់ឡើយ ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ