រាជធានីភ្នំពេញ ៖ មានករណីឆ្លងចរន្តអគ្គិសនីចេញពីទូក្លាស្សេចេកទុំ បណ្តាលឱ្យមានអណ្តាតភ្លើងឆាបឆេះទូក្លាស្សេចេកទុំនោះ បង្កអោយមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនាំគ្នាជួយយកបំពង់ពន្លត់អគ្គីភ័យ និងអ្នកខ្លះទាញទុយោទឹកមកជួយបាញ់ពន្លត់ទាន់ពេល ទើបមិនបង្កអោយឆេះរាលដាលធ្ងន់ធ្ងរនោះទេ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១និង១៥នាទីថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០១៩ នៅផ្ទះស្តុកចេកមួយកន្លែងលេខ៧២អា ផ្លូវលេខ៦៥៦ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក។
តាមប្រភពព័ត៌មានបានអោយដឹងថា នៅមុនពេលកើតហេតុ ម្ចាស់ផ្ទះបានវិចខ្ចប់ចេកអំបូងដាក់ក្នុងកេសក្រដាសជាច្រើនកេសរួចដាក់ចូលក្នុងទូក្លាស្សេខាងលើនោះ ដើម្បីទុកបោះអោយម៉ូយតាមទីផ្សារ។
តាមប្រភពព័ត៌មានបានបន្តឱ្យដឹងថា ខណៈនោះស្រាប់តែមានអណ្តាតភ្លើងនិងផ្សែងខ្មៅហុយចេញពីទូក្លាស្សេនោះ លុះពេលម្ចាស់ផ្ទះឃើញបែបនេះក៏ស្រែកឆោឡោផ្អើលដល់អ្នកជិតខាងនាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់ពន្លត់ និងអ្នកខ្លះទៀតយកទាញទុយោបាញ់ទឹកពន្លត់អស់រយៈពេលប្រហែល១៥នាទី ទើបភ្លើងបានរលត់ទៅវិញ។
តាមនគរបាលបានអោយដឹងថា ប្រជាពលរដ្ឋបានប្រើបំពង់ពន្លត់អគ្គីភ័យអស់ចំនួន៥បំពង់ហើយភ្លើងបានរលត់ ។ ទោះបីជាយ៉ាងណា ទូក្លាស្សេរួមជាមួយចេកទុំនិងខ្ចីត្រូវបានរងការខូចខាត តែមិនបណ្តាលអោយមនុស្សណាម្នាក់រងរបួសនោះឡើយ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ