រាជធានីភ្នំពេញ ៖ សម្រាប់ខួប២ឆ្នាំនៃការឃុំខ្លួនលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ កូនស្រីច្បងរបស់លោកបានអះអាងថា គ្មានក្រុមណាឬបុគ្គលណាមួយអាចប៉ះបូ៉វចំពោះគ្រួសារនាងបានឡើយ ។ កញ្ញា កឹម មនោវិទ្យា កូនស្រីច្បងរបស់លោកក ឹម សុខា បានសរសេរលើបណ្តាញសង្គម កាល
ពីល្ងាចថ្ងៃទី២ ខែកញ្ញាថា ខ្ញុំចាំមិនភ្លេចព្រឹត្តិការណ៍ដ៏រន្ធត់នាយប់ថ្ងៃ២ កញ្ញា ពីរឆ្នាំកន្លងទៅនេះ ។
ខ្ញុំតែងតែមានសុបិន្តអាក្រក់ ពេលខ្លះភ្ញាក់ឡើងមួយប៉ប្រិចភ្នែកស្មានថា នៅតែមិនដឹងគេចាប់ប៉ាទៅណា ពេលខ្លះភ្ញាក់ដោយសំឡេងអ្វីមួយស្មានថា មានអ្នកណាគោះទ្វារផ្ទះដែលខ្ញុំកំពុងនៅឯបរទេសសោះ ហើយគ្រប់ពេលតែងតែឃើញរូបភាពគេក្រៀកប៉ាចេញពីផ្ទះ ។
កញ្ញា កឹម មនោវិទ្យា បន្តថា អ្នកដែលធ្លាប់ជួបប្រទះរឿងបែបនេះយល់ពីអារម្មណ៍នេះ ។ គ្មានអ្វីដែលក្រុមណាឬបុគ្គលណា អាចធ្វើដើម្បីប៉ះប៉ូវ ឬដើម្បីសងវិញមកដល់ខ្ញុំនិងក្រុមគ្រួសារទេ ។ អ្វីដែលយើងខ្ញុំ ត្រូវ ការ គឺការបញ្ឈប់កុំឱ្យមានអំពើអយុត្តិធម៌កើតឡើងលើខ្មែរគ្រប់ៗគ្នាតទៅទៀត ។ ហើយក៏គ្មានអ្វីដែលក្រុមណា ឬបុគ្គលណា អាចធ្វើដើម្បីបញ្ឈប់ក្រុមគ្រួសារខ្ញុំ ក្នុងការទាមទារនេះដែរ ។
ចំណែកលោក យ៉ែម បុញ្ញឫទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិ ហើយជាអ្នកគាំទ្រនយោបាយលោក កឹម សុខា បានលើកឡើងថា លោក កឹម សុខា ជាប់់ឃុំ២ឆ្នាំដោយរងការចោទលាបពណ៌ ជេរប្រមាថយ៉ាងអយុត្តិធម៌ ដោយសារការតស៊ូស្វិតស្វាញនៅលេីទឹកដីកំណេីតកម្ពុជា ដេីម្បីបុព្វហេតុសិទ្ធិមនុស្ស សិទ្ធិសេរីភាព ប្រជាធិបតេយ្យសេរី…។
លោកបន្តថា យេីងនៅចងចាំ និងទាមទារឱ្យមានការដោះលែង ផ្ដល់យុត្តិធម៌ ផ្ដល់សិទ្ធិ សេរីភាពជូនលោក កឹម សុខា វិញ ។ មតិជាតិ-អន្តរជាតិ ចង់ឃេីញនូវដំណោះស្រាយជាវិជ្ជមាន ក្នុងការបន្តដំណេីរប្រជាធិប តេយ្យសេរីពិតប្រាកដ ដោយមានការដោះលែងលោក កឹម សុខា ឱ្យទទួលបាននូវសិទ្ធិសេរីភាពពេញលេញ ពីព្រោះគាត់មិនមែនជាបុគ្គលហិង្សានិយម ហើយពិតជាបុគ្គលដែលមានគោលការណ៍អហិង្សា ផ្សះផ្សាជាតិ ជាអ្នកប្រជាធិបតេយ្យសេរីពិតប្រាកដ ដែលនាំឱ្យខ្មែរអាចរួបរួមគ្នាបំពេញការងារបម្រេីជាតិមាតុភូមិ តាមតួនាទីភារកិច្ចបានដោយសុខដុមរមនា ។
តាមការសង្កេត ទោះបីជាកូនស្រីលោក កឹម សុខា ឬក្រុមលោក កឹម សុខា បានរំឭកពីការចាប់ខ្លួនលោក កឹម សុខា ក្តី ក៏គេសង្កេតឃើញថាក្រុមលោក សម រង្ស៊ី និងបក្សពួកខ្លួនមិនបានអើពើនោះទេ សម្រាប់ខួប២ឆ្នាំនៃការចាប់ខ្លួននេះ ។ លោក សម រង្ស៊ី បានកៀរគរសកម្មជននៅក្រៅប្រទេស ដើម្បីជួបជុំគ្នាទៅវិញ ។
ករណីនេះ ត្រូវបានសាធារណមតិលើកឡើងថា លោក សម រង្ស៊ី បានផាត់លោក កឹម សុខា ដែលជាដៃគូនយោបាយជាមួយគ្នាចោលហើយ ។ សម្រាប់ខូប២ឆ្នាំនៃការចាប់ខ្លួននេះដែរលោក កឹម សុខា បានសូមឲ្យខ្មែរគ្រប់និន្នាការបញ្ឈប់នូវនយោបាយយកឈ្នះចាញ់ខ្មែរគ្នាឯង ដោយយកប្រជាពលរដ្ឋនិងជោគវាសនាប្រទេសជាតិជាឈ្នាន់ឬជារបាំងតទៅទៀត ព្រោះថាខ្មែរគ្រប់ស្រទាប់បានឈឺចាប់គ្រប់គ្រាន់ហើយ។
សូមជម្រាបថា លោក កឹម សុខា បានត្រូវអាជ្ញាធរមានសមត្ថកិច្ចឃាត់ខ្លួន នាវេលារំលង
អធ្រាត្រឈានចូលថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៧ ពីក្នុងគេហដ្ឋានរបស់លោកស្ថិតនៅ ក្នុងខណ្ឌ
ទួលគោក រាជធានីភ្នំពេញ ។ ភ្លាមៗនោះ លោកត្រូវបានគេបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ននៅ
ក្នុងពន្ធនាគារត្រពាំងផ្លុង ក្នុងខេត្តត្បូងឃ្មុំ ជាប់ព្រំដែនវៀតណាម ។
លុះក្រោយមក លោកត្រូវបានប្ដូរកន្លែងឃុំខ្លួនពីត្រពាំងផ្លុង«ម៣» យកមកឃុំខ្លួនក្នុងផ្ទះរបស់លោកក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ នាម៉ោងជាង៣ទៀបភ្លឺថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៨ ៕
ចែករំលែកព័តមាននេះ