យោងទៅតាមប្រភពព័ត៌មានដេលី ឈីលីចេញផ្សាយកាលពីថ្ងៃព្រហស្បត៍ទី២៩ មីនា ២០១២ បានឱ្យដឹងថា តារាចម្រៀងនិងសម្តែង ចេស៊ីកា ស៊ីមស៊ុន គ្រោងនឹងចំណាយប្រាក់២លានដុល្លារ ដើម្បីជួលសន្តិសុខការពារសុវត្ថិភាពនៅពេលនាងឆ្លងទន្លេកូនដំបូងដែលនឹងចូលមកដល់ពីរបីសប្តាហ៍ខាងមុខនេះ ។
នៅក្នុងកិច្ចសំភាសន៍ជាមួយទស្សនាវដ្តី Touch Weekly ចេសីុកា បានប្រាប់ឱ្យដឹងថា រូបនាងបានកក់អគារមួយទាំងមូលដាច់ដោយឡែកពីអ្នកសម្រាលកូនទូទៅដោយមានសន្តិសុខប្រដាប់ដោយអាវុធចំនួន៣០នាក់ យាមការពារជាប្រចាំ ដើម្បីសុវត្ថិភាពកូនស្រីដំបូងរបសនាង ។ តារាសម្តែងវ័យ៣១ឆ្នាំរូបនេះបានរៀបរាប់ឱ្យដឹងទៀតថា គ្រប់មិត្តភក្តិនិងក្រុមគ្រួសាររបស់នាងដែលមានបំណងមកសួរសុខទុក្ខត្រូវតែឆ្លងកាត់ចំណុចត្រួតពិនិត្យសន្តិសុខជាច្រើនកន្លែងជាមុនសិន ។
ទាក់ទិនទៅនឹងការពង្រឹងសន្តិសុខរបស់តារាសម្តែងសក់ទង់ដែងរូបនេះ គឺដោយសារតែនាងព្រួយបារម្ភខ្លាចមានឧក្រិដជនចាប់ជំរិតកូនស្រីរបស់នាង ។
បន្ថែមជាមួយនឹងការគិតគូពីបញ្ហាសន្តិសុខនាង ចេស៊ីកា និងប្តីរបស់នាង អេរិក ចនស៊ុន បានដាក់ឈ្មោះ កូនស្រីថា Maxwell រឺអាចហៅកាត់ថា «Maxi » រួមនឹងឈ្មោះហៅក្រៅជាច្រើនទៀត ៕
ចែករំលែកព័តមាននេះ