ខេត្តបាត់ដំបង ៖ ក្រុមជូញដូរនិងប្រើប្រាសថ្នាំញៀនយ៉ាងតិចចំនួន៦នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថបង្ក្រាបបានជាបន្តបន្ទាប់ កាលពីវេលាម៉ោង០៨ និង៣០នាទីយប់ថ្ងៃទី៣០ កក្កដា ខណ:ពួកគេកំពុងប្រមូលផ្ដុំគ្នានៅក្នុងខ្ទមមួយកន្លែង ស្ថិតនៅក្នុងភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ហើយថែមទាំងដកហូតបាននូវវត្ថុតាងមួយចំនួនផង ។
យោងតាមរបាយការណ៍បានឲ្យដឹងថា ក្រុមជនជនសង្ស័យគ្រឿងញៀនទាំង៦នាក់ រួមមាន ១-ឈ្មោះសំ
ឆវិន អាយុ២៩ឆ្នាំ (អ្នកកាន់ថ្នាំញៀន) ២-ឈ្មោះសំរិត អាយុ២០ឆ្នាំ ៣-ឈ្មោះម៉ៅ វឿត អាយុ២៧ឆ្នាំ ៤-ឈ្មោះវ៉ាន់សាវ៉ុន អាយុ៣០ឆ្នាំ (ទាំង៤នាក់នេះ) រស់នៅភូមិថ្មី ឃុំកន្ទឺ១ ស្រុកបាណន់ ៥-ឈ្មោះឈ្មោះភឺន សុឃឿន អាយុ១៨ឆ្នាំ រស់នៅភូមិកំពង់អំពិល ឃុំឈើទាល ស្រុកបាណន់ និង៦-ឈ្មោះរឿត រិទ្ធី អាយុ២៨ឆ្នាំ រស់នៅភូមិស្វាយព្រៃ ឃុំកន្ទឺ១ ស្រុកបាណន់ ។
របាយការណ៍ដដែលបានបញ្ជាក់ថា ជនទាំង៦នាក់នេះ ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកបាណន់ បង្ក្រាបបានពេលពួកគេកំពុងជួបជុំគ្នា ប្រព្រឹត្តបទល្មើសជាក់ស្ដែង នៅចំណុចខាងលើ ។ មន្ត្រីកងរាជអាវុធហត្ថថា ជាមួយនឹងការបង្ក្រាបបានជាក់ស្ដែងនេះ កម្លាំងជំនាញបានដកហូតនូវវត្ថុតាងមួយចំនួនមាន ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ICE (ម៉ាទឹកកក) ១កញ្ចប់ធំ មានទម្ងន់១០,៩៧ក្រាម ឧបករណ៏សម្រាប់ប្រើប្រាសសេពគ្រឿងញៀន និងសម្ភារពាក់ព័ន្ធមួយចំនួនទៀត ដែលក្រុមនេះរក្សាទុកជាប់ខ្លួនក្នុងគោលបំណងទុច្ចរិតអ្វីមួយពេលកំពុងប្រមូលផ្ដុំគ្នា ។
មន្ត្រីដដែលបញ្ជាក់ថា បន្ទាប់ពីត្រូវឃាត់ខ្លួននាំយកទៅសួរនាំ មន្ត្រីជំនាញបានធ្វើការសន្និដ្ឋានជាបឋមថា ក្រុមនេះមានអ្នកប្រើប្រាស់ និងមានអ្នកជូញដូរគ្រឿងញៀនយ៉ាងសកម្មនាពេលកន្លងមកនេះ។ (សម្រួលដោយ៖ ស្រីណា)
ចែករំលែកព័តមាននេះ