រាជធានីភ្នំពេញ៖ មន្ត្រីជាន់ខ្ពស់ និងជាអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបន្តអះអាងថាគ្មានអ្នកណាហាមឃាត់លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិក្នុងការចូលមកកម្ពុជាវិញនោះទេ ។ ការលើកឡើងរបស់អ្នកនាំពាក្យបក្សកាន់អំណាចនេះ បន្ទាប់ពីលោកសម រង្ស៊ី អះអាងថា លោកនឹងចូលស្រុកវិញនៅពេលឆាប់ៗនេះ ទោះបីជាមានការរារាំងក្តី ។ យ៉ាងណាក្តីលោក សុខ ឥសាន បានបញ្ជាក់ឲ្យដឹងជាថ្មី នៅថ្ងៃទី២៤ ខែកក្កដា ថា ទណ្ឌិត (សម រង្ស៊ី)រត់ចោលស្រុកបានប្តេជ្ញាចូលស្រុកឲ្យខាងតែបាន ទោះបីមានការរារាំងក៏ដោយ ។
អត់មានការអ្នកណារារាំងទេ សូមអញ្ជើញចូលមកចុះ តែខ្នោះនៅទន្ទឹងរង់ចាំទទួលស្វាគមន៍ជានិច្ច ។ ជាមួយគ្នានោះដែរលោក សុខ ឥសាន ក៏បានលើកឡើងថា សម្តេចតេជោហ៊ុន សែន បា នប្រកាសសង្គ្រាមដែលបង្កើតដោយទណ្ឌិតរត់ចោលស្រុក ដែលសង្គ្រាមដែលក្រុមឧទ្ទាមគំ រាមបង្កឡើងនៅពេលចូលទៅក្នុងស្រុក ។ ជាមួយគ្នានោះដែរ អ្នកនាំពាក្យក៏បានលើកឡើងថា រដ្ឋាភិបាលប្រទេសបារាំងមិនគាំទ្រលោកសម រង្ស៊ី នោះទេ ។ លោកថា ហេតុម្តេចបានជា រដ្ឋាភិបាលបារាំងមិនគាំទ្រជនជាតិបារាំងខ្លះ (សម រង្ស៊ី) ដោយសារបារាំងមិនសូវកាន់ជើងមនុស្សខូចទេ ។
ទោះបីជាមានការបញ្ជាក់ពីអ្នកនាំពាក្យគណបក្សកាន់អំណាចយ៉ាងណាក្តី លោក យ៉ែម បុញ្ញាឬទ្ធិ អតីតអ្នកនាំពាក្យគណបក្សសង្គ្រោះជាតិដែលកំពុងរស់នៅក្រៅប្រទេសបានលើកឡើងលើបណ្តាញសង្គមយ៉ាងដូច្នេះថា ក្នុងប្រទេសប្រកាន់យកលិទ្ធិប្រជាធិបតេយ្យសេរី ប្រជាពលរដ្ឋតែងតែមានជម្រើសក្នុងការជ្រើសរើស គោលនយោបាយរបស់បក្សមួយដែលខ្លួនពេញចិត្ត ។ លោកបន្តថា ការរំលាយបក្សជាគូប្រកួតដែលមានការគាំទ្រដ៏ច្រើន ហើយអាចមានសក្ដានុពលទៅកាន់អំណាចផងនោះ វាប្រាកដណាស់ គឺជាការធ្វើឱ្យប្រជាពលរដ្ឋបែកបាក់សង្គមបាក់បែក ជាតិបាត់បង់ឯកភាពជាតិ ទោះបីជាធ្វើដោយចេតនា ឬអចេតនាក្ដី ។ លោកថា កម្ពុជាជារបស់ខ្មែរគ្រប់រូប ហើយបើយើងជាកោសិកានៃសង្គម រងនូវអំពើអយុត្តិធម៌ រងនូវការរើសអើងសង្គមនោះនឹងបាត់បង់នូវភាតរភាព សាមគ្គីភាព ដែលនាំឱ្យបរទេស អាចឆ្លៀតឱកាសដែលយើងកំពុងតែវឹកវរបែកបាក់បាត់បង់ឋាមពលកម្លាំងជាតិ គេនឹងទាញយកផលចំណេញគ្រប់បែបយ៉ាងពីកម្ពុជរដ្ឋ ។
ជាមួយគ្នានោះដែរលោកក៏បានលើកយកទស្សនៈលោក កឹម សុខា ថា លោកកឹម សុខា តែងតែអំពាវនាវដល់អ្នកនយោបាយទាំងអស់ឱ្យតម្កល់ផលប្រយោជន៍ជាតិជាធំ ផ្សះផ្សាជាតិអហិង្សា ដោយគប្បីប្រកាន់ខ្ជាប់នូវសម្បជញ្ញៈ និងមនសិការប្រកបដោយវិចារណញ្ញាណ និងការទទួលខុសត្រូវក្នុងសកម្មភាពរបស់ខ្លួន ។ ចៀសវាងឱ្យខាងតែបាននូវការប្រព្រឹត្តអំពើដែលនាំឱ្យមានការបែកបាក់ក្នុងសង្គមជាតិ និងធ្វើឱ្យខាតបង់ជាតិប៉ះពាល់ដល់ឧត្តមប្រយោជន៍ជាតិ និងប្រជាជាតិខ្មែរយើង ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ