រាជធានីភ្នំពេញ ៖ តាមសេចក្តីរាយការណ៍បឋមបានឱ្យដឹងថា ស្ត្រីម្នាក់មានវិបត្តិជាមួយប្តី ម្យ៉ាងទៀតអត់ផ្ទះសំបែងស្នាក់នៅផងនោះ ក៏សម្រេចចិត្តទិញស្រាផឹកអស់៤០០រៀល រួចហើយដឹកដៃកូនតូចៗ២នាក់ ទៀតបំរុងទៅលោតទឹកលើស្ពានព្រះមុនីវង្សថ្មី តែត្រូវបានសមត្ថកិច្ចជួយឃាត់ទាន់ ។
ហេតុការណ៍ខាងលើនេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៩ លើស្ពានព្រះមុនីវង្សថ្មី សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ ។
ស្ត្រីម្នាក់មានវិបត្តិខាងលើឈ្មោះ ទឹត ម៉ាក អាយុ៣៥ឆ្នាំ មុខរបរនិងស្នាក់នៅមិនពិតប្រាកដ មានប្តីឈ្មោះអ៊ាត អាយុ៥៥ឆ្នាំ មុខរបររើសអេតឆាយ ស្នាក់នៅមិនពិតប្រាកដ មានកូនប្រុសចំនួន៣នាក់ ក្នុងនោះកូនទី១-អាយុ១០ឆ្នាំ, កូនទី២-អាយុ៥ឆ្នាំ និងកូនទី៣-អាយុ៣ឆ្នាំ ។
តាមការរៀបរាប់របស់ស្ត្រីមានវិបត្តិខាងលើបានអោយដឹងថា គាត់បានចាប់ដៃគ្នាជាមួយនឹងប្តីរួមរស់ជាមួយគ្នាមានកូនប្រុសចំនួន៣នាក់ក្នុងបន្ទុកគ្រួសារ ដោយប្តីរបស់គាត់ប្រកបរបរដើររើសអេតចាយ ហើយគ្មានផ្ទះសំបែងពិតប្រាកដនោះទេ គឺដេកតាមចិញ្ចើមផ្លូវនិងវត្ត ។
តាមប្រភពដដែលបានបន្តថា ជារៀងរាល់ថ្ងៃគាត់តែងតែមានទំនាស់ជាមួយប្តី ហើយត្រូវប្តីវាយធ្វើបាបពេក គួបផ្សំគ្មានផ្ទះសំបែងស្នាក់នៅពិតប្រាកដ ចំណែកកូនៗគ្មានអនាគតដោយមិនបានទៅរៀនសូត្រដូចគេដូចឯងនោះទេ ពេលយប់កន្លែងណាដេកកន្លែងហ្នឹង ទើបនៅយប់ថ្ងៃកើតហេតុ គាត់សល់លុយតែ៤០០រៀល ក៏បានទៅទិញស្រាផឹកបង្ហើយ បន្ទាប់មកគាត់ក៏បានដឹកដៃកូនតូចៗ២នាក់បំរុងទៅលោតទឹកសំលាប់ខ្លួននៅលើស្ពានព្រះមុនីវង្សថ្មី តែត្រូវបានសមត្ថកិច្ចឃាត់ទាន់ និងនាំយកមកក្រោមស្ពានវិញដើម្បីធ្វើការសាកសួរតែម្តង ។
បន្ទាប់ពីសមត្ថកិច្ចធ្វើការសួរនាំរួច ស្ត្រីខាងលើគឺមិនព្រមទៅណានោះទេបាននាំកូនតូចៗដេកនៅក្រោមស្ពានអាកាសក្បាលថ្នល់ រង់ចាំព្រឹកចាំគិតទៀត ។ ខណៈពេលស្ត្រីមានវិបត្តិខាងលើកំពុងតែដេក ស្រាប់តែគេឃើញបុរសជាប្តីដែលដើររើសអេតចាយឆ្លងកាត់ទីនោះប្រទះឃើញប្រពន្ធកំពុងតែដេកជាមួយកូនៗ២នាក់ ក៏បានទុកកូនប្រុសម្នាក់ទៀតអោយដេកជាមួយតែម្តង ៕ (កែសម្រួលដោយ ៖ ធីតា)
ចែករំលែកព័តមាននេះ