ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានរាយការណ៍កាលពីថ្ងៃចន្ទ កន្លងមកថា រដ្ឋាភិបាលថៃកំពុងត្រូវបានប្រាប់ឲ្យបង្កើតអត្ថប្រយោជន៍សម្រាប់ការវិនិយោគបន្ថែមទៀតដើម្បីទាក់ទាញក្រុមហ៊ុនបរទេសដែលត្រូវបានបង្ខំដោយជម្លោះពាណិជ្ជកម្មឲ្យប្តូរមូលដ្ឋានផលិតកម្មទៅកាន់ប្រទេសថៃ ។
លោក Thosaporn Sirisamphand ដែលជាអគ្គលេខាធិកាក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម (NESDC) បាននិយាយថា រដ្ឋាភិបាលប្រហែលជាត្រូវចេញកញ្ចប់វិនិយោគពិសេសដើម្បីទាក់ទាញក្រុមហ៊ុនបរទេសដែលទទួលរងការប៉ះពាល់ពីសង្គ្រាមពាណិជ្ជកម្ម ។
លោកបាននិយាយថា «ខណៈពេលដែលមានបញ្ហានេះ ក្រុមហ៊ុនបរទេសជាច្រើនកំពុងតែស្វែងរកទីតាំងដែលល្អប្រសើរជាងមុនសម្រាប់ការវិនិយោគ ។ គោលនយោបាយវិនិយោគគួរតែមាមភាពទាក់ទាញគ្រប់គ្រាន់ដើម្បីជំរុញឲ្យពួកគេជ្រើសយកប្រទេសថៃធ្វើជាមូលដ្ឋានមិនត្រឹមតែសម្រាប់បើកដំណើរការរោងចក្រទេ តែក៏សម្រាប់ការពង្រីកខ្សែផលិតកម្មផងដែរ»។
លោក Thosaporn បានបន្តថា ការសិក្សាមួយរបស់ NESDC បានប្រទះឃើញថាជម្លោះពាណិជ្ជកម្មរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនដែលកើតឡើងតាំងពីឆ្នាំ ២០១៨ បានបង្កឲ្យរោងចក្រឧស្សាហកម្មជាច្រើនក្នុងប្រទេសទាំងពីរពិចារណាលើការប្តូរមូលដ្ឋានផលិតកម្មរបស់ពួកគេទៅកាន់ប្រទេសដទៃ។
លោកបានលើកឡើងពីការស្ទង់មតិមួយរបស់សភាពាណិជ្ជកម្មអាមេរិកក្នុងប្រទេសចិនដែលបង្ហាញមកថាកំណើនពន្ធរវាងសហរដ្ឋអាមេរិកនិងប្រទេសចិនកំពុងតែប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ក្រុមហ៊ុនអាមេរិកដែលប្រកបអាជីវកម្មក្នុងប្រទេសចិន។
ការស្ទង់មតិនេះបានឲ្យដឹងទៀតថា ក្រុមហ៊ុនជាច្រើនកំពុងតែប្តូរឬមានគម្រោងប្តូររោងចក្ររបស់ពួកគេទៅកាន់ប្រទេសដទៃ ។ ទីតាំងដែលពួកគេចាប់អារម្មណ៍រួមមានអាស៊ីអាគ្នេយ៍ និងប្រទេសម៉ិកស៊ិក។ មានតិចជាង ៦% នៃអ្នកចូលរួមការស្ទង់មតិនិយាយថាពួកគេចង់ប្តូររោងចក្រទៅកាន់សហរដ្ឋអាមេរិក។
លោក Thosaporn បាននិយាយថាសង្គ្រាមពាណិជ្ជកម្មអាចនឹងផ្លាស់ប្តូរមូលដ្ឋានផលិតកម្មរបស់ពិភពលោកសម្រាប់ផលិតផលអគ្គិសនីពីប្រទេសចិនមកកាន់អាស៊ីអាគ្នេយ៍វិញ ។ ហើយការផ្លាស់ប្តូរនេះអាចនឹងត្រូវបានមើលឃើញក្នុងឆមាសទីពីរនាឆ្នាំនេះដែលជាពេលសង្គ្រាមពាណិជ្ជកម្មកាន់តែតានតឹងឡើង ៕
កែសម្រួលដោយ ៖ សំណាង
ចែករំលែកព័តមាននេះ