រាជធានីភ្នំពេញ ៖ ដោយមើលឃើញពីតម្រូវការកាហ្វេនៅលើទីផ្សារពិភពលោកកំពុងមាននិន្នការកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់ ទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ហៅកាត់ថា KOICA បានប្ដេជ្ញានិងសន្យាជួយដល់ពលរដ្ឋដើមភាគតិចនៅក្នុងខេត្តមណ្ឌលគីរី ដើម្បីពង្រីកការដាំដុះកាហ្វេ ដើម្បីផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ។ នេះបើយោងតាមលោក ថុង យុនគីល ប្រធានទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ ។
លោក ថុង យុនគីល បានមានប្រសាសន៍ថា មូលហេតុដែលទីភ្នាក់ងារកិច្ចសហប្រតិបត្តិការអន្តរជាតិកូរ៉េ សម្រេចចិត្តជួយដល់កសិករជនជាតិដើមភាគតិច នៅខេត្តមណ្ឌលគីរី ដោយមើលឃើញពីកម្រិតជីវភាពរបស់ពួកគាត់ហាក់នៅមានកម្រិតទាបនៅឡើយ ខណៈដែលឱកាសសម្រាប់លើកស្ទួយពួកគាត់អោយប្រសើរឡើង គឺមានច្រើន ពីព្រោះស្ថានភាពទីតាំងដីនៅភូមិភាគឥសាន្ត មានដំណាំកាហ្វេដែលជាដំណាំពេញនិយមខ្លាំងនៅលើទីផ្សារពិភពលោក ដូច្នេះគឺងាយស្រួលក្នុងការរកទីផ្សារ ។ លោកបន្តថា ជំហានដំបូងរបស់ KOICA គឺយើងមានគម្រោងថវិកាប្រមាណ ជាង៥ម៉ឺនដុល្លារអាមេរិក ដើម្បីជួយកសិករដើមភាគតិចនៅមណ្ឌលគិរី អោយពង្រីកការដាំដុះកាហ្វេ តាមបច្ចេកទេសដែលគយកានឹងផ្ដល់ជូន នៅពេលពួកគាត់បានយល់ព្រមជាមួយយើង។
លោក ថុង យុនគីល បានមានប្រសាសន៍បញ្ជាក់ថា «មូលហេតុសំខាន់ដែលយើងជួយកសិករនៅមណ្ឌលគីរី ដែលដាំកាហ្វេ គឺយើងចង់ឱ្យដំណាំកាហ្វេរបស់កសិករមណ្ឌលគីរីមានតម្លៃខ្ពស់ ហើយយើងនឹងយកផលិតផលកាហ្វេនេះទៅផ្សព្វផ្សាយនៅបណ្ដាប្រទេសដែលមានតម្រូវការកាហ្វេខ្ពស់ អោយពួកគេបានដឹងពីគុណភាពកាហ្វេរបស់កម្ពុជា » ។ លោកបន្ថែមថា ពួកយើងមិនមែនត្រឹមតែជួយពួកគាត់ ឬនិយាយអោយពួកគាត់សប្បាយចិត្តនោះទេ តែពួកយើងនឹងដំឡើងរោងចក្រកែច្នៃនៅនឹងកន្លែង ហើយក៏ប្រមូលទិញគ្រាប់កាហ្វេពីកសិករដើមភាគតិចនៅមណ្ឌលគីរី ដើម្បីកែច្នៃនឹងនាំចេញទៅកាន់ប្រទេសដែលមានតម្រូវការ ។
ដោយឡែកលោក យស ចាន់ថា នាយកប្រតិបត្តិក្រុមហ៊ុន Peace Café ដែលជាក្រុមហ៊ុនមួយទទួលទិញកាហ្វេពីកសិករមណ្ឌលគីរីក៏បានមានប្រសាសន៍ផងដែរថា គោលបំណងចំបងក្នុងការបង្កើតមុខជំនួញក្នុងវិស័យកាហ្វេនេះ គឺដើម្បីបង្កើតការងារនិងមុខរបរដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋ ដែលកំពុងដាំកាហ្វេនៅខេត្តមណ្ឌលគីរីជាដើម ។
លោកបានបញ្ជាក់ថា តម្រូវការកាហ្វេសរីរាង្គមានការកើនឡើងជាបន្តបន្ទាប់ ដូច្នេះតម្រូវការគ្រាប់កាហ្វេពីកសិករមណ្ឌលគីរី នឹងកើនឡើង ហើយនឹងត្រូវប្រមូលទិញពីកសិករបន្ថែមទៀត ។ លោកបានបន្តថា ក្រៅពីការវិនិយោគលើដំណាំកាហ្វេជាមួយកសិករដោយផ្ទាល់ហើយនោះ យើងក៏មានបណ្ដុះបណ្ដាល់ដល់យុវជនក្រីក្រ ដែលចង់មានជំនាញឆុងកាហ្វេ ព្រោះនៅក្នុងហាងដែលបង្កើតឡើងនេះ នឹងបង្រៀនពួកគេពីការងារ ក្នុងវិស័យកាហ្វេ ដោយមិនគិតថ្លៃ ហើយថែមទាំងរកការងារជូនពួកគាត់ផងដែរ នៅពេលដែលពួកគាត់បានចេះពីឆុងកាហ្វេ និងបម្រើការនៅក្នុងហាងកាហ្វេ ។ លោកបន្ថែមថា នៅថ្ងៃអនាគត ក្រុមហ៊ុនលោកក៏នឹងមានគម្រោងសហការជាមួយបណ្ដាអង្គការស្ថាប័ននៅក្នុងវិស័យកសិកម្ម ដោយផ្ដោតលើដំណាំកាហ្វេ ដើម្បីពង្រីកវិស័យនេះ អោយកាន់តែច្រើននិងឈានទៅ ដល់ការនាំចេញកាហ្វេទៅកាន់ទីផ្សារអន្តរជាតិទៀតផង ។
គួរបញ្ជាក់ថាអាជីកម្មកាហ្វេ នៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មានការរីកចម្រើនគួរអោយកត់សម្គាល់ ក្នុងនោះ ការបង្កើតហាងកាហ្វេថ្មីៗ ក៏មានការប្រែប្រួលខុសពីជំនាន់មុនដែរ ដោយការរៀបចំនិងតុបតែងគឺធ្វើតាមស្ដង់ដារអន្តរជាតិ សម្រាប់ទទួលភ្ញៀវសម្រាប់ពិសារកាហ្វេផង និងជជែកពីការងារ មុខជំនួញផង និងសម្រាប់សិស្សនិស្សិតស្រាវជ្រាវឯកសារផងដែរ ៕ កែសម្រួលដោយ ៖ សុឃាក់
ចែករំលែកព័តមាននេះ