រាជធានីភ្នំពេញ ៖ ថ្មីៗនេះក្រុមហ៊ុននាំផលិតផលចំណីអាហាររបស់ប្រទេសកម្ពុជាចូលសហរដ្ឋអាមេរិកចំនួន ២០ ត្រូវបានអាជ្ញាធរចំណីអាហារនិងថ្នាំពេទ្យសហរដ្ឋអាមេរិក ហៅកាត់ថា (U.S.FDA) សម្រេចលុបឈ្មោះចេញ ពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លូនសម្រាប់ឆ្នាំ ២០១៩ នាំឲ្យចំនួនក្រុមហ៊ុនកម្ពុជាធ្លាក់ចុះមកនៅត្រឹមចំនួនតែ ៣៦ ក្រុមហ៊ុនតែប៉ុណ្ណោះ។ នេះបើតាមការឲ្យដឹងរបស់ក្រសួងពាណិជ្ជកម្មកម្ពុជា ។
យោងតាមសេចក្តីជូនដំណឹងរបស់ក្រសួង ពាណិជ្ជកម្មចុះថ្ងៃទី ០៦ ខែឧសភា ឆ្នាំ២០១៩ បានបញ្ជាក់ឲ្យដឹងថា «ចំនួនក្រុមហ៊ុនដែលចុះបញ្ជីទីតាំងផលិត ចំណីអាហារជាមួយអាមេរិកបានធ្លាក់ចុះចំនួន ២០% ដូច្នេះចំនួន ៥៦ក្រុមហ៊ុន មកត្រឹមតែ ៣៦ក្រុមហ៊ុន ដែលបណ្ដាលមកពី U.S.FDA លុប ចេញពីប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួនដោយពុំបាន ជូនដំណឹងពីការចុះបញ្ជីឡើងវិញ» ។ ក្រសួងពាណិជ្ជកម្ម ក៏បានឲ្យដឹងថា ចំនួនក្រុមហ៊ុនដែលចុះបញ្ជីទីតាំងផលិតចំណីអាហារជាមួយអាជ្ញារធរចំណីអាហារនិងថ្នាំពេទ្យសហរដ្ឋអាមេរិកបានធ្លាក់ចុះចំនួន ២០% រវាងខែធ្នូឆ្នាំ ២០១៨ និងខែកុម្ភៈ ឆ្នាំ២០១៩ ក្នុងនោះជាពិសេសចំនួនដែលបញ្ជីពីប្រទេសកម្ពុជា មានកា រធ្លាក់ចុះពី ចំនួន ៥៦ក្រុមហ៊ុនមក៣៦ ក្រុមហ៊ុន ដែលបណ្ដាលមកពី U.S. FDA លុបចេញពីប្រពន្ធគ្រប់គ្រងទិន្នន័យរបស់ខ្លួន ដោយពុំបានជូនដំណឹងពីការចុះបញ្ជីឡើងវិញឲ្យបានត្រឹមត្រូវកាល ពីថ្ងៃទី៣១ ខែធ្នូឆ្នាំ២០១៨។
សេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្មក៏បានបញ្ជាក់ជូនទៅម្ចាស់ក្រុមហ៊ុនដែលត្រូវបានសហរដ្ឋអាមេរិកលុបឈ្មោះចេញពីបញ្ជីមិនឲ្យនាំចូលទំនិញទៅសហរដ្ឋអាមេរិកថា «ដើម្បីជៀសវាងនូវការឃាត់ឃាំង ឬ សកម្មភាពនិយ័តកម្មផ្សេងៗ ក្រុមហ៊ុន Registrar Corp សហរដ្ឋអាមេរិក នឹងសម្របសម្រួលផ្ដល់សេវាផ្ទៀងផ្ទាត់ដោយឥតថ្លៃចំពោះការចុះបញ្ជីទីតាំងផលិត ចំណីអាហារឡើងវិញ សម្រាប់សុពលភាព ឆ្នាំ២០១៩ ជាមួយ U.S. FDA ទើបអាចអនុញ្ញាតឲ្យធ្វើការនាំចូល និងចែកចាយនៅអាមេរិកបាន» ។
ជាមួយគ្នានោះដែរក្រសួងពាណិជ្ជកម្មក៏បានអំពាវនាវដល់ម្ចាស់ក្រុមហ៊ុនដែលនាំចូលទំនិញទៅកាន់សហរដ្ឋអាមេរិក ដែលមានបំណងចុះបញ្ជីទីតាំងអាហារជាមួយU.S FDA ធ្វើការ ទាក់ទងដោយផ្ទាល់ជាមួយក្រុមហ៊ុន Registrar Corp។ លោក ស៊ាង ថៃ មន្ត្រីអ្នកនាំពាក្យក្រសួង ពាណិជ្ជកម្ម មានប្រសាសន៍ឱ្យដឹងកាលពីថ្ងៃទី ៧ ខែឧសភា ម្សិលមិញថា ការធ្វើលិខិតនេះឡើង ដោយយោតាមលិខិតរបស់ស្ថានទូតយើងនៅសហរដ្ឋអាមេរិក ។ នៅកម្ពុជាអត់មានឈ្មោះក្រុមហ៊ុនទាំង២០នោះទេ ។
យ៉ាងណាមិញ លោក ស៊ាង ថៃ បញ្ជាក់ថាការលុបឈ្មោះក្រុមហ៊ុនទាំង២០ វាមិនមែនបណ្តាលមកពីបញ្ហាអ្វីធំដុំនោះទេ ដោយគ្រាន់តែជានីតិវិធីរបស់គេ គឺនៅក្នុងមួយឆ្នាំគេតម្រូវឱ្យយើងចុះបញ្ជីឡើងវិញជាថ្មី (Renew) ។ ដោយសារគាត់ខកខានក្នុងការចុះបញ្ជីឡើងវិញ តែក៏មានក្រុមហ៊ុនមួយរបស់អាមេរិកដូចបានបង្ហាញនៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួង គាត់ជាអ្នកសម្របសម្រួលលើកិច្ចការនេះ »។ នៅពេលសាកសួរថា ពេលអាមេរិកលុប ឈ្មោះក្រុមហ៊ុនទាំង២០ បែបនេះវាមានផលប៉ះពាល់អ្វីខ្លះ0x017d7 លោក ស៊ាងថៃ មានប្រសាសន៍ថា៖ «ពិតជាមានការប៉ះពាល់ ។ តែបើរកក្រុមហ៊ុនទាំងនេះ បើទៅបើកមើលឈ្មោះ ឬទៅមើលការនាំចេញរបស់ពួកគាត់ ខ្ញុំជឿថាពួកគាត់នាំចេញបានមិនសូវច្រើនប៉ុន្មាននោះទេ។ បើក្រុមហ៊ុនគាត់នាំចេញបានទៅច្រើន គាត់ពិតជាមានការយកចិត្តទុកដាក់ ឬតាមចុះបញ្ជីឡើងវិញមិនឱ្យគេដកសិទ្ធិបណ្តោះអាសន្ននោះទេ»។
តាមមន្ត្រីអ្នកនាំពាក្យ នៅពេលកន្លងមកការនាំចេញរបស់ក្រុមហ៊ុនទាំង៥៦ មិនទាន់មានភាពច្បាស់លាស់នោះទេ ។ តែបើនិយាយកសិផលដែលកម្ពុជានាំទៅអាមេរិកស្ថិតក្នុងរង្វង់២៥លានដុល្លារ ដែលក្នុងនោះមុខទំនិញនាំមុខគេរួមមាន: ស្រូវ (១ លានដុល្លារ) កៅស៊ូនិងផលិតផលសម្ព័ន្ធមិត្ត (១៦២ ពាន់ដុល្លារ) អាហារសម្រន់ (១៦២ ពាន់ដុល្លារ) ផ្លែឈើនិងបន្លែកែច្នៃ (១៥២ ពាន់ដុល្លារអាមេរិក) និង គ្រឿងទេស ($ ៥៦ ពាន់ដុល្លារ) ។
សូមបញ្ជាក់ថាបើយោងតាមការចុះផ្សាយលើគេហទំព័របស់ Registrar Corp បានពន្យល់បញ្ជាក់នូវនីតិវិធីនៃការលុបយ៉ាងដូច្នេះថា «ជាធម្មតាក្រុមហ៊ុនទាំងឡាយគឺត្រូវបានលុបចេញ ដោយសារតែការបរាជ័យក្នុងការបន្តការចុះបញ្ជីប្រចាំឆ្នាំរបស់ពួកគេជាមួយ FDA ។ ដូច្នេះ អាជ្ញាធរចំណីអាហារនិងថ្នាំពេទ្យសហរដ្ឋអាមេរិកស្នើសុំឱ្យគ្រឹះស្ថានវេជ្ជសាស្ត្រធ្វើការបន្តការចុះបញ្ជីរបស់ពួកគេនៅចន្លោះពីថ្ងៃទី ១ និងថ្ងៃទី ៣១ ខែធ្នូ នៃរៀងរាល់ឆ្នាំ។ ក្នុងរយៈពេលពីរទៅបីខែ FDA តាតាមធម្មតា នឹងលុបចេញនូវគ្រឹះស្ថានដែលមិនសុំបន្តឡើងវិញឲ្យបានត្រឹមត្រូវ» ។
បច្ចុប្បន្នប្រទេសកម្ពុជាគឺជាដៃគូពាណិជ្ជកម្មធំបំផុតទី ៦៦ របស់សហរដ្ឋអាមេរិកជាមួយនឹងពាណិជ្ជកម្មសរុបចំនួន ២៤០០ លានដុល្លារក្នុងឆ្នាំ ២០១៨ ។ ការនាំចេញទំនិញសរុបមានចំនួន ៤៤៧ លានដុល្លារ។ អាមេរិកទទួលទិញទំនិញពីប្រទេសកម្ពុជាមានចំនួន ៣,៨ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ដែលក្នុងនោះផលិតផលកសិកម្មមានចំនួន ២៤ លានដុល្លារការនាំចូលទំនិញសរុប ។ ឱនភាពពាណិជ្ជកម្មទំនិញរបស់សហរដ្ឋអាមេរិកជាមួយកម្ពុជាមានចំនួន ៣,៤ ពាន់លានដុល្លារក្នុងឆ្នាំ ២០១៨ ។
បើយោងតាមការចុះផ្សាយរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិក ហៅកាត់ថា VOA បានស្រង់សម្តី បុគ្គលិកម្នាក់នៃក្រុមហ៊ុន Registrar Corp ដែលសុំមិនឱ្យបញ្ចេញឈ្មោះ ដោយបានបញ្ជាក់ថា លោកស្រីបានបន្ថែមថាអ្នកស្រីមិនបានដឹងមូលហេតុអ្វីដែលក្រុមហ៊ុនទាំងនោះមិនបានចុះបញ្ជីឡើងវិញទេ។ ប៉ុន្តែលោកស្រីបញ្ជាក់ថា ការលុបឈ្មោះនេះគឺមិនពាក់ព័ន្ធនឹងសេចក្តីស្នើច្បាប់ពាណិជ្ជកម្មដែលសមាជិកសភានិងព្រឹទ្ធសភារបស់សហរដ្ឋអាមេរិកបានស្នើឡើងឱ្យដាក់ទណ្ឌកម្មលើផលិតផលរបស់កម្ពុជាទេ ដែលក្នុងនោះគឺការដកឋានៈអនុគ្រោះពន្ធលើផលិតផល ដែលកម្ពុជានាំចូលសហរដ្ឋអាមេរិកក្នុងតម្លៃជាង ៤០០ លានដុល្លារក្នុងមួយឆ្នាំ ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ