ត្រៃសិក្ខា សីល សមាធិ បញ្ញា ជាវត្តប្រតិបត្តិដ៏កំពូលរបស់អ្នកបួស ដើម្បីកុំឱ្យចិត្តជាប់ជំពាក់ក្នុងកិលេសទាំងឡាយ ដោយការពិចារណាឱ្យឃើញនូវទោសនៃកាមថាជាដុំភ្លើងដែលកំពុងតែឆេះរោលសព្វប្រាណ ឃើញនូវជាតរូបហាក់ដូចជាគ្រឿងសស្ត្រាវុធ ឃើញហេតុនាំមកនូវទុក្ខតាំងតែអំពីការចុះចាប់បដិសន្ធិក្នុងគភ៌មក ឃើញនូវភ័យធំក្នុងនរកទាំងឡាយ ព្រោះតែឃើញនូវទុក្ខទោសទាំងនេះហើយក៏បានដល់នូវសេចក្តីសង្វេគ ហើយស្វែងរកសេចក្តីសុខក្នុងធម៌មិនងាកក្រោយ ។
កុលបុត្របានចេញចាកផ្ទះ ចូលមកកាន់ផ្នួស ដើម្បីប្រយោជន៍ណា ប្រយោជន៍នោះ គឺការអស់ទៅនៃកិលេសជាគ្រឿងចងឆ្វាក់ចិត្តសត្វ អ្នកបួសបានកម្ចាត់ចោលអស់ហើយដែរ ។
កាលបើបព្វជិតពិចារណាឃើញនូវទោសនៃកាមបែបនេះហើយ ក៏ធ្វើឱ្យចិត្តដល់នូវក្តីសង្វេគ នឿយណាយក្នុងកាមតណ្ហា ក៏កម្ចាត់ចោលនូវសំយោជនៈឱ្យអស់ពីខន្ធសន្តាន លែងជាប់ជំពាក់នឹងតម្រេកតទៅទៀតហើយ ។
ចែករំលែកព័តមាននេះ