ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សុខចិត្តលាចាកជីវភាពជាកូនមហាសេដ្ឋីមកបួសជាសង្ឃ

3 អាទិត្យ មុន

នៅ​ម៉ា​ឡេ​ស៊ី​នរណា​ក៏​ស្គាល់​លោក អាណា​ន់​ដា គ្រី​ស្នាន (Ananda Krishnan) កំពូល​មហាសេដ្ឋី​ដែល​មានទ្រព្យ​រហូត​ដល់​ទៅ​ជាង​៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ​អ្នក​ស្នង​តំណែង​របស់​លោក គឺ​កូនប្រុស​ពៅ ដែល​មានឈ្មោះ​ថា អា​ចាន…

នៅ​ម៉ា​ឡេ​ស៊ី​នរណា​ក៏​ស្គាល់​លោក អាណា​ន់​ដា គ្រី​ស្នាន (Ananda Krishnan) កំពូល​មហាសេដ្ឋី​ដែល​មានទ្រព្យ​រហូត​ដល់​ទៅ​ជាង​៥​ពាន់​លាន​ដុល្លារ ប៉ុន្តែ​អ្នក​ស្នង​តំណែង​របស់​លោក គឺ​កូនប្រុស​ពៅ ដែល​មានឈ្មោះ​ថា អា​ចាន ស៊ី​រី​ផា​នី​យូ (Ajahn Siripanyo) បែរជា​បោះបង់​ជីវិត​នៅ​ក្នុង​ជីវភាព​ដ៏​ស្តុកស្តម្ភ​មក​បួស​ជា​ព្រះ​ភិក្ខុសង្ឃ​មួយ​អង្គ​នៅ​ក្នុង​ប្រទេស​ថៃ ។

សារព័ត៌មាន Economic Times បាន​រាយការណ៍​ថា លោក អា​ចាន ស៊ី​រី​ផា​នី​យូ បាន​សុខចិត្ត​លក់​រថយន្ត​ដ៏​ទំនើប​ម៉ាក Ferrari របស់​លោក​បាន​មក​សាង​ផ្នួស​ជា​ព្រះ​ភិក្ខុ​ដែល​មាន​ជីវភាព​ដ៏​សាមញ្ញ​ដូច​ជា ព្រះសង្ឃ​ឯទៀត នៅ​ក្នុង​វត្ត​មួយ​នៅ​ក្នុង​ប្រទេស​ថៃ ។

ក្នុង​នាម​ជា​អ្នក​ស្នង​មរតក​នៃ​អាណាចក្រ​ទូរគមនាគមន៍​ដែល​មាន​តម្លៃ​ជាង​៥​ពាន់​លាន​ដុល្លារ ការ​សម្រេចចិត្ត​របស់​លោក អា​ចាន ស៊ី​រី​ផា​នី​យូ ក្នុង​ការ​បោះបង់​ចោល​នូវ​ជីវភាព​ដ៏​រុងរឿង និង​ការ​ទទួលខុសត្រូវ​ដែល​មក​ជាមួយ​ផលប្រយោជន៍​អាជីវកម្ម​ដ៏​ធំ​របស់​ឪពុក​គាត់​បាន​ធ្វើ​ឱ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់ផ្អើល ។

លោក អាណា​ន់​ដា គ្រី​ស្នាន ដែល​ត្រូវ​បាន​គេ​ស្គាល់​ផង​ដែរ​ថា ជា AK បាន​កសាង​អាណាចក្រ នៅ​ក្នុង​ពិភព​ឧស្សាហកម្ម​ទូរគមនាគមន៍ និង​កាន់កាប់​អាជីវកម្ម​ជា​ច្រើន​ដែល​រួម​មាន​ទូរគមនាគមន៍ ប្រព័ន្ធ​ផ្សព្វផ្សាយ ប្រេង និង​ឧស្ម័ន អចលនទ្រព្យ និង​ផ្កាយ​រណប នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី និង​ឥណ្ឌា ។ ភាព​លេចធ្លោ​របស់​លោក​ត្រូវ​បាន​គូសបញ្ជាក់ ដោយ​ភាព​ជា​ម្ចាស់​របស់​គាត់​នៃ​ក្រុមហ៊ុន Aircel ដែល​ជា​ក្រុមហ៊ុនទូរស័ព្ទ​ឥណ្ឌា​ដ៏​លេចធ្លោ​មួយ​នៅ​ពេល​បច្ចុប្បន្ន ។

នៅ​ក្នុង​នាម​ជា​កូនប្រុស​តែ​ម្នាក់ របស់​លោក អាណា​ន់​ដា គ្រី​ស្នាន ថ្វីបើ​ត្រូវ​បាន​ទទួល​មរតក​ទ្រព្យសម្បត្តិ​ដ៏​ច្រើន​សន្ធឹកសន្ធាប់ របស់​ឪពុក​ក៏​ដោយ​ក៏​លោក អា​ចាន ស៊ី​រី​ផា​នី​យូ បាន​ជ្រើសរើស​ផ្លូវ​ផ្សេង ដោយ​ផ្តោត​លើ​ព្រះធម៌ និង​ការ​ផ្តាច់ខ្លួន​ចេញពី​ទ្រព្យសម្បត្តិ​ខាង​លោកិយ ។ លោក អាណា​ន់​ដា គ្រី​ស្នាន គឺជា​ពុទ្ធសាសនិក​មួយ​រូប លោក​មាន​ដើម​កំណើន​ជា​ជនជាតិ​តា​មី​ល​នៅ​ស្រី​លង្ការ ហើយ​បាន​ធ្វើ​ចំណាក់ស្រុក​មក​រស់នៅ​ម៉ា​ឡេ​ស៊ី ។ លោក អាណា​ន់​ដា គ្រី​ស្នាន ត្រូវ​បាន​គេ​ដឹង​ថា មានកូន​បី​រូប ដោយនៅ​ក្នុង​នោះ គឺ​ស្រី​ពីរ និង​ប្រុស​មួយ គឺ​ព្រះ​ភិ​ក្ខ អា​ចាន ស៊ី​រី​ផា​នី​យូ នេះឯង ។

សារព័ត៌មាន​ដដែល​បាន​ឲ្យ​ដឹង​ថា បន្ទាប់​ពី​បាន​លះបង់​ទ្រព្យសម្បត្តិ​ដ៏​សម្បើម និង​ភាព​សុខ​ស្រួល​ខាង​សម្ភារៈ​និយម​នៅ​ពេល​បច្ចុប្បន្ន ភិក្ខុ អា​ចាន ស៊ី​រី​ផា​នី​យូ បាន​ជ្រើសរើស​វិ​ថី​ជីវិត​នៅ​ក្នុង​នាម​ជា​ព្រះសង្ឃ​មួយ​អង្គ​ដូច​គេ​ដូច​ឯង ។

ភិក្ខុ អា​ចាន ស៊ី​រី​ផា​នី​យូ បាន​ជ្រះថ្លា និង​ព្រះពុទ្ធ ព្រះធម៌ និង​ព្រះសង្ឃ តាំងពី​ក្មេង​វ័យ​សរុប​ទៅ គឺ​មាន​អាយុកាល​ជាង​ពីរ​ទសវត្សរ៍​មក​ហើយ ហើយ​បច្ចុប្បន្ន​នេះ ភិក្ខុ អា​ចាន ស៊ី​រី​ផា​នី​យូ ក្លាយជា​ព្រះ​ចៅអធិការ​វត្ត Dtao Dum ក្នុង​ប្រទេស​ថៃ ។

ដោយ​ចំណាយពេល​ធំធាត់​នៅ​ចក្រភព​អង់គ្លេស​ជាមួយនឹង​បងស្រី​ទាំង​ពីរ ភិក្ខុ អា​ចាន ស៊ី​រី​ផា​នី​យូ មាន​សមត្ថភាព​ប្រើប្រាស់​ភាសា​ដ៏​អស្ចារ្យ ដោយ​អាច​ទំនាក់ទំនង​បាន​យ៉ាង​ស្ទាត់ជំនាញ​រហូត​ដល់​ទៅ​ប្រាំបី​ភាសា​ឯណោះ ។

មក​ដល់​ពេល​បច្ចុប្បន្ន​នេះ ការ​រ​សម្រេចចិត្ត​លះបង់​មរតក​របស់​ភិក្ខុ អា​ចាន ស៊ី​រី​ផា​នី​យូ ហើយ​ដើរ​តាម​មាគ៌ា​ខាង​ព្រះធម៌ បាន​ទាក់ទាញ​ពិភពលោក ដោយ​បង្ហាញ​ពី​ឥទ្ធិពល​យ៉ាង​ខ្លាំង​នៃ​ជម្រើស​ផ្ទាល់ខ្លួន និង​អំណាច​នៃ​ការ​ជឿជាក់​ខាង​វិញ្ញាណ ។ សាវតា​របស់​លោក អា​ចាន ស៊ី​រី​ផា​នី​យូ បាន​កំពុង​តែ​បន្ត​ជំរុញ​ទឹកចិត្ត​អ្នក​ដទៃ​ឱ្យ​ស្វែងរក​ការ​បំពេញ​លើស​ពី​ទ្រព្យសម្បត្តិ​សម្ភារៈ និង​ទទួលយក​ជីវិត​នៃ​ភាព​សាមញ្ញ និង​ការ​រីក​ចម្រើន​ខាង​វិញ្ញាណ ជំនួស​ឲ្យ​ភាព​លោភៈ និង​ទោសៈ​នានា ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ