ខេត្តបាត់ដំបង ៖ ខ្យល់កន្ត្រាក់បានវាយប្រហារយ៉ាងខ្លាំងជាថ្មីទៀតទៅលើស្រុកកំរៀង ជាប់ព្រំដែននៃប្រទេសថៃ កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៧ មេសា បណ្តាលឲ្យខូចខាតផ្ទះសម្បែងអស់ចំនួន១៦ខ្នង ហើយសង្កត់ស្លាប់មនុស្សម្នាក់។ នេះបើតាមរបាយការណ៍បឋមរបស់អាជ្ញាធរ។
មន្ត្រីរដ្ឋបាលស្រុកកំរៀងបានឲ្យដឹងថា ខ្យល់កន្ត្រាក់ដែលលាយឡំនឹងភ្លៀងធ្លាក់មួយប្រាវផងបានរាយប៉ាយស្ទើរគ្រប់ទីកន្លែង នៃស្រុកកំរៀង តែបានប៉ះទង្គិចធ្ងន់ធ្ងរជាងគេទៅលើឃុំបឹងរាំង។ មន្ត្រីដដែលបានឲ្យដឹងទៀតថា ភ្លៀងធ្លាក់មិនច្រើនទេ តែបង្កឲ្យមានខ្យល់កន្ត្រាក់បោកបក់ខ្លាំងដែលបានវាយបំផ្លាញលំនៅឋានពលរដ្ឋនៅឃុំបឹងរាំងនេះអស់ចំនួន១៦ខ្នង ក្នុងនោះរលំដួលទាំងស្រុងអស់ចំនួន៤ខ្នង ហើយសង្កត់ស្ត្រីម្នាក់បណ្តាលឱ្យស្លាប់ គឺឈ្មោះ សឿ ចំរើន អាយុ៣៧ឆ្នាំ មុខរបរកម្មករ មានទីលំនៅភូមិដូង ឃុំបឹងរាំង ស្រុកកំរៀង។
គួររំលឹកដែរថា នេះមិនមែនជាមែនជាលើកទី១ទេដែលស្រុកជាប់ព្រំដែនខ្មែរ-ថៃមួយនេះបានរងការបំផ្លិចបំផ្លាញដោយខ្យល់កន្ត្រាក់នារដូវប្រាំងឆ្នាំនេះ។ កាលពីជាង១ខែមុន ខ្យល់កន្ត្រាក់ដ៏ខ្លាំងក្លានេះបានចាប់ផ្ដើមលើកដំបូងតែប៉ុន្មាននាទីប៉ុណ្ណោះបានបំផ្លាញផ្ទះសម្បែងរបស់ប្រជាពលរដ្ឋនៅឃុំតាក្រី ស្រុកកំរៀង នេះអស់ជាង៦០ខ្នង ខូចខាតរថយន្តកសិផល និងទ្រព្យសម្បត្តិអស់ជាច្រើនទៀតផងដែរ។
ក្រៅពីស្រុកកំរៀង នៅតាមបណ្ដាស្រុកដទៃទៀត ក្នុងខេត្តបាត់ដំបង ក៏រងការបំផ្លិចបំផ្លាញដោយសារខ្យល់កន្ត្រាក់ខុសរដូវនេះជាបន្តបន្ទាប់ផងដែរ ក្នុងរយៈពេលជាង១ខែកន្លងទៅនេះ ដែលធ្វើឲ្យផ្ទះសម្បែងរបស់ប្រជាពលរដ្ឋរាប់រយខ្នងបានរងការខូចខាត និងប៉ះពាល់ផលដំណាំប្រជាកសិករអស់ជាច្រើន រហូតដល់ពេលនេះមានការស្លាប់មនុស្សទៀងផង។
ទោះយ៉ាងណា ក្រោយពីគ្រោះធម្មជាតិបានបំផ្លិចបំផ្លាញលំនៅឋាន និងផលដំណាំ អាជ្ញាធរនិងសាខាកាកបាទក្រហមខេត្តក៏បានចុះពិនិត្យ ដើម្បីជួយសង្គ្រោះបឋមភ្លាមៗដល់គ្រួសាររងគ្រោះនៅតាមមូលដ្ឋានជាបន្តបន្ទាប់ផងដែរ៕
ចែករំលែកព័តមាននេះ