ប្រទេសថៃ៖ ភ្នាក់ងារសារព័ត៌មាន Bangkok Post បានឲ្យដឹងកាលពីថ្ងៃទី២ មេសា កន្លងមកថា ជនជាតិអ៊ឺរ៉ុបកំពុងតែប្រញាប់ចូលមកកាន់ប្រទេសថៃបន្ទាប់ពីចូលនិវត្តន៍ដើម្បីជៀសវាងពីការចំណាយដ៏ខ្ពស់ និងអាកាសធាតុត្រជាក់ ។
លោក Helmut Buchberger ដែលជានាយកគ្រប់គ្រងក្រុមហ៊ុន Difference Living Co បាននិយាយថា អចលនទ្រព្យដែលផ្តល់សេវាកម្មសម្រាប់អ្នកចូលនិវត្តន៍កំពុងតែផ្គត់ផ្គង់តម្រូវការក្នុងវិស័យផ្ទះ ។
លោក Butchberger បាននិយាយថា ការធ្វើដំណើរជុំវិញអាស៊ីអាគ្នេយ៍បានឲ្យលោកដឹងថាមនុស្សចាស់ជរាអាចរស់នៅយ៉ាងសប្បាយក្នុងប្រទេសថៃបន្ទាប់ពីចូលនិវត្តន៍ព្រោះការចំណាយក្នុងប្រទេសនេះទាបជាងប្រទេសអាល្លឺម៉ង់ដល់ទៅ៥ដង ។
លោកបានបន្តថា ស្ថានការមើលថែមនុស្សចាស់ក្នុងអ៊ឺរ៉ុបបានបង្ខំឲ្យមនុស្សជាច្រើនស្វែងរកបរិស្ថានរស់នៅថ្មី។ ជម្ងឺដែលជាប់ទាក់ទិននឹងអាយុបានធ្វើឲ្យមានមនុស្សចាស់ជាច្រើនចាកចេញពីអ៊ឺរ៉ុប និងទៅប្រទេសដែលមានអាកាសធាតុក្តៅវិញ។ វាបានបង្កឲ្យមានកំណើនតម្រូវការក្នុងទីផ្សារផ្ទះផងដែរ។
ប្រទេសថៃត្រូវបានព្យាករណ៍ថានឹងមានប្រជាជនចាស់ជរាយ៉ាងច្រើនក្នុងឆ្នាំ ២០២១ ពេលដែលប្រជាជនអាយុលើស៦០ឆ្នាំកើនដល់ ១៣.១លាននាក់ ឬស្មើ២០%នៃប្រជាជនសរុប។ យោងតាមក្រុមប្រឹក្សាជាតិសេដ្ឋកិច្ចនិងសង្គមបានឲ្យដឹងថា ចំនួនប្រជាជនដែលមានអាយុលើសពី៦០ឆ្នាំកំពុងកើនឡើងពី ១១.៨លាននាក់ ឬស្មើ ១៧.១%នៃប្រជាជនសរុបក្នុងឆ្នាំ ២០១៧។
លោក Buchberger បានបន្តថា «ដើម្បីទទួលប្រជាជនចាស់ជរា ពួកយើងបានសាងសង់ផ្ទះផ្សេងៗសម្រាប់ការមើលថែមនុស្សចាស់»។
គម្រោងទាំងនេះជាអាផាតមិនដែលមានបីជាន់ដែលរួមមានសួនច្បារ ហាងកាហ្វេ សួនច្បារលើដំបូល និងបារ រួមជាមួយនឹងជណ្តើរយោងចំនួនបីផងដែរ ។ អាផាតមិននីមួយៗមានគ្រឿងសង្ហារឹមស្រាប់ និងមានម៉ាស៊ីនត្រជាក់ដែលអ្នករស់នៅអាចគ្រប់គ្រងសីតុណ្ហភាពបានរៀងៗខ្លួនផងដែរ ៕
ចែករំលែកព័តមាននេះ