រាជធានីភ្នំពេញ ៖ រថយន្តដឹកដីមួយគ្រឿងបុកជាមួយម៉ូតូមួយគ្រឿងយ៉ាងពេញទំហឹងក្នុងទិសដៅបញ្ច្រាសគ្នា បណ្តាលឲ្យស្លាប់មនុស្ស២នាក់ និងរងរបួសធ្ងន់នារីម្នាក់ ចំណែកឯរថយន្តបង្កបើករត់ទាំងភ័យបណ្តាលឱ្យក្រឡាប់ធ្លាក់ចូលប្រឡាយទឹកស្អុយ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៦ ខែមីនា ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ៣កែងផ្លូវ៣០ម៉ែត្រ ដែលស្ថិតនៅភូមិព្រៃកីខ សង្កាត់ពងទឹក ខណ្ឌដង្កោ ។
រថយន្តដឹកដីមួយគ្រឿង ពណ៌ទឹកក្រូច ពាក់ស្លាកលេខ ព្រៃវែង ៣A-០០៤៨ បើកបរដោយបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ចំណែកម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ (បុរសម្នាក់ និងស្រី២នាក់) ម៉ាកស៊ុយហ្ស៊ុយគីឡែត ពណ៌ក្រហមលាយពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ ១HN-៧៤៣៥ ស្លាប់បុរសម្នាក់ និងស្ត្រីម្នាក់ រីឯស្ត្រីម្នាក់ទៀតរងរបួសធ្ងន់។
សមត្ថកិច្ចបានឆែកឆេរនៅក្នុងម៉ូតូឃើញមានឯកសារនិងអត្តសញ្ញាណប័ណ្ណមានឈ្មោះ ស៊ុំ សុភាព ភេទប្រុស អាយុ២៨ឆ្នាំ ភូមិចាន់ល្អង ឃុំឈូកខ្សាច់ ស្រុកបារាយណ៍ ខេត្តកំពង់ធំ។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះប្រុសស្រីចំនួន៣នាក់ជិះម៉ូតូមួយគ្រឿងធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង បន្ទាប់មកគេឃើញរថយន្តដឹកដីធុនធំមួយគ្រឿងបើកបរក្នុងទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ រថយន្តដឹកដីបានបត់ឆ្វេងចូលតាមបណ្តោយផ្លូវ៣០ម៉ែត្រ ស្រាប់តែម៉ូតូជនរងគ្រោះជាន់ហ្វ្រាំងមិនជាប់បានបុករថយន្តដឹកដីពេញទំហឹង បណ្ដាលឲ្យដួលទាំងម៉ូតូទាំងមនុស្សធ្វើស្លាប់ប្រុសម្នាក់និងស្ត្រីម្នាក់នៅជាប់គ្នា ចំណែកស្ត្រីម្នាក់ទៀតរងរបួសធ្ងន់ត្រូវបានរថយន្តឯកជនមកដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។
ប្រភពដដែលបានបន្តថា ចំណែករថយន្តដឹកដីខាងលើបានបើករត់ប្រមាណជាច្រើនពាន់ម៉ែត្រ ដោយភ័យផងបានបើកធ្លាក់ប្រឡាយទឹកស្អុយ បណ្តាលឲ្យក្រឡាប់ផ្ងារជើងឡើងលើ រីឯអ្នកបើកបររថយន្តមិនឃើញនៅកន្លែងកើតហេតុនោះទេ។
ក្រោយពេលកើតហេតុ ជំនាញចរាចរខណ្ឌដង្កោ បានប្រគល់អោយជំនាញចរាចរណ៍រាជធានីភ្នំពេញធ្វើការវាស់វែងនិងស្ទូចរថយន្តនឹងម៉ូតូរងគ្រោះយកទៅរក្សាទុកដើម្បីរងចាំការដោះស្រាយ ចំណែកឯសពជនរងគ្រោះទាំង២នាក់ត្រូវបានជំនាញចរាចរណ៍អោយរថយន្តដឹកយកទៅតម្កល់ទុកនៅវត្តរង់ចាំសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕
ចែករំលែកព័តមាននេះ