រាជធានីភ្នំពេញ ៖ ក្នុងពេលថាមពលអគ្គិសនីនៅក្នុងប្រទេសកម្ពុជា កំពុងមានបញ្ហា មិនអាចផ្គត់ផ្គង់បានគ្រប់តម្រូវការរបស់អ្នកប្រើប្រាស់ ប្រមុខដឹកនាំរាជរដ្ឋាភិបាលកម្ពុជាបានប្រកាសថា កម្ពុជាត្រូវការរោងចក្រអគ្គិសនី ដែលប្រើប្រាស់បច្ចេកវិទ្យាថ្មី ទំនើបនាពេលអនាគត ដើម្បីផ្គត់ផ្គង់អោយគ្រប់ទៅតាមតម្រូវការប្រើប្រាស់នាពេលបច្ចុប្បន្ន ។
កម្ពុជានាពេលនេះកំពុងប្រឈមនូវកង្វះខាតភ្លើងប្រើប្រាស់ ដោយសារតែតម្រូវការកាន់តែខ្ពស់ ដូចជានៅទីក្រុងភ្នំពេញ សៀមរាប និងក្រុងព្រះសីហនុ ជាដើម ដែលពីមុនការប្រើប្រាស់តែជាង២០មេហ្កាវ៉ាត់ ប៉ុន្តែពេលនេះ ត្រូវការភ្លើងជាង១០០មេហ្កាវ៉ាត់ ។ នេះបើតាមការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន នាយរដ្ឋមន្ត្រីកម្ពុជានាឱកាសចុះជួបសំណេះសំណាលជាមួយកម្មករ-កម្មការិនីប្រមាណជាង១ម៉ឺននាក់មកពីរោងចក្រ សហគ្រាសចំនួន៦ នៅក្នុងខេត្តពោធិ៍សាត់ នាថ្ងៃទី ២០ មីនា ២០១៩ ម្សិលមិញនេះ។
សម្ដេចមានប្រសាសន៍ថា គ្រាន់តែនៅក្នុងវិស័យសំណង់មួយប៉ុណ្ណោះ កំណើននៃការប្រើប្រាស់ថាមពលអគ្គិសនីនៅក្នុងខែមករា និងកុម្ភៈឆ្នាំ ២០១៩ បានកើនឡើងប្រហែល ៧០០ភាគរយធៀបនឹងខែមករានិងខែកុម្ភៈឆ្នាំ២០១៨កន្លងទៅ ។ សម្ដេចតេជោ ថ្លែងបញ្ជាក់ថា «ចំនុចនេះហើយ ដែលធ្វើអោយតម្រូវការនៃការប្រើប្រាស់ភ្លើងនៅកម្ពុជាបានកើនឡើងច្រើន លើសពីការព្យាករណ៍របស់រាជរដ្ឋាភិបាលកាលពីមុននោះ » ។ សម្ដេចតេជោបន្តថា ដំណោះស្រាយបន្ទាន់ក្នុងការផ្គត់ផ្គង់ភ្លើងនៅទីក្រុងជាបណ្តោះអាសន្ននៅពេលនេះ រដ្ឋាភិបាលកំពុងរៀបចំ អោយនាំចូលកប៉ាល់ផលិតអគ្គីសនីពីប្រទេសតួគី ដែលអាចផ្តល់ភ្លើងប្រើប្រាស់បានប្រមាណ ២០០មេហ្កាវ៉ាត់ មកផ្គត់ផ្គង់ក្នុងទីក្រុង ទម្រាំមានរោងចក្រផលិតអគ្គីសនីថ្មីថែមទៀត ចាំដកកប៉ាល់តួគី ចេញវិញ ។ ទោះបីយើងទិញកប៉ាល់ផលិតអគ្គីសនីពីតួគីថ្លៃបន្តិចមែន ប៉ុន្តែប្រជាពលរដ្ឋមិនទទួលផលប៉ះពាល់ដោយសារថ្លៃភ្លើងទេ។
តាមគេហទំព័ររបស់សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាសម្តេចបានជំរុញអោយក្រសួងរ៉ែ និងថាមពល សហការជាមួយអាជ្ញាធរអគ្គិសនីកម្ពុជា ជ្រើសរើសយករោងចក្រផលិតអគ្គិសនីដែលមានលក្ខណៈបច្ចេកវិទ្យាទំនើបដូចជារោងចក្រដែលប្រើប្រាស់ហ្គាស (Gas) ដែលប្រសើរជាងធ្យូងថ្ម ព្រោះយូរទៅវាមានតម្លៃកាន់តែខ្ពស់ដែលបង្កការលំបាក ។ ដូច្នេះយើងត្រូវការរោងចក្រផលិតអគ្គិសនីបែបទំនើបសម្រាប់កម្ពុជានាពេល
អនាគត ។
យោងទៅតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនី ក្នុងឆ្នាំ២០១៨កន្លងទៅ ការនាំចូលប្រភពថាមពលអគ្គិសនីមកផ្គត់ផ្គង់នៅកម្ពុជា មានប្រភពពីប្រទេសសំខាន់ៗចំនួនបី រួមមាន ប្រទេសវៀតណាម មានការនាំចូលច្រើនជាងគេ ដែលមានទំហំរហូតដល់២៧៧មេហ្កាវ៉ាត់ ពីប្រទេសថៃ មានទំហំ ១៣៥មេហ្កាវ៉ាត់ និងពីប្រទេសឡាវនាំចូលប្រមាណ៣០មេហ្កាវ៉ាត់ផងដែរ ។ ដោយឡែកក្នុងឆ្នាំ ២០១៩នេះ ផែនការនាំចូលថាមពលអគ្គិសនីពីប្រទេសជិតក៏ប្រហាក់ប្រហែលនឹងឆ្នាំ ២០១៨កន្លងទៅដែរ ។
បើតាមរបាយការណ៍របស់អាជ្ញាធរអគ្គិសនីកម្ពុជាដដែលនេះ បានបង្ហាញផងដែរថា ប្រភពថាមពលក្នុងស្រុក សម្រាប់ឆ្នាំ ២០១៨កន្លងទៅនេះ កម្ពុជាផលិតបានប្រមាណ ២.២០៧មេហ្កាវ៉ាត់ ឬស្មើនឹង ៨៦,៤៥ភាគរយនៃតម្រូវការសរុប ។ សម្រាប់ឆ្នាំ ២០១៩នេះ កម្ពុជានឹងផលិតបានថាមពលអគ្គិសនីសរុបប្រមាណ២.៤២៨មេហ្កាវ៉ាត់ ឬស្មើនឹង៧៨,៨៥ភាគរយនៃតម្រូវការសរុប ហើយឆ្នាំ ២០១៩នេះដែរ កម្ពុជា ត្រូវការថាមពលអគ្គិសនីសរុបប្រមាណ ២.៨៧០មេហ្កាវ៉ាត់ ដែលមានកំណើនប្រមាណ ១៦,១២ភាគរយ ។
គួរបញ្ជាក់ថា បច្ចុប្បន្ន កម្ពុជាទទួលបានអគ្គិសនីសម្រាប់ផ្គត់ផ្គង់ ពីប្រភព ៦សំខាន់ៗ ដូចជា ពីវារីអគ្គិសនី រោងចក្រកអគ្គិសនីដើរដោយធ្យូងថ្ម រោងចក្រអគ្គិសនីដំណើរការដោយថាមពលពន្លឺព្រះអាទិត្យ ( សូឡា ) , ប្រភពអគ្គិសនីពីរោងចក្រជីវម៉ាស់, ប្រេងខ្មៅ និងប្រភពនាំចូលពីប្រទេសជិតខាងមួយចំនួនតូចទៀតផងដែរ៕
ចែករំលែកព័តមាននេះ