ខេត្តបាត់ដំបង ៖ យុវជន២នាក់បានត្រូវនគរបាលការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលខេត្តឃាត់ខ្លួន កាលពីវេលាម៉ោង៥ល្ងាចថ្ងៃទី៩ ខែមីនា ក្រោយពីសង្ស័យថាជនទាំង២នាក់ បានប្រើប្រាស់កាំបិតដេញកាប់គូបដិបក្សរបស់ខ្លួន បណ្ដាលឱ្យរងរបួសធ្ងន់ចំនួន៥នាក់ កាលពីដើមសប្ដាហ៍មុននេះ ។ នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល លោក ឈឿង គឹមសុង បានឲ្យដឹងថា យុវជនទាំង២នាក់នេះ ម្នាក់ឈ្មោះ បូរី (ហៅយក្ស ហៅសល់) អាយុ២១ឆ្នាំ ជាជនដៃដល់ នៅភូមិអណ្តូងព្រីង សង្កាត់អូរម៉ាល់ ក្រុងបាត់ដំបង និងម្នាក់ទៀតឈ្មោះ រ៉ើយ សារ៉ាន អាយុ២៤ឆ្នាំ នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ជាអ្នកបើកម៉ូតូ ។
លោកនាយការិយាល័យថ្លែងថា ជនទាំង២នាក់នេះត្រូវសង្ស័យថា បានប្រើប្រាស់កាំបិតដេញកាប់យុវជន៥នាក់បណ្ដាលឲ្យរងរបួសធ្ងន់ដែលមាន ៖ ១-ឈ្មោះ ភី សុធារ៉ា ហៅចិន អាយុ១៩ឆ្នាំ នៅភូមិជាមន្ត្រី ឃុំត្រែង ស្រុករតនមណ្ឌលរងរបួសស្លាបប្រចៀវខាងស្តាំ ២-ឈ្មោះ កែវ វ៉ាន់នី អាយុ១៧ឆ្នាំ នៅភូមិជាមន្ត្រី ឃុំត្រែង រងរបួសស្លាបប្រចៀវខាងស្តាំ ៣-ឈ្មោះ ភី សុខហៃ អាយុ២១ឆ្នាំ នៅភូមិត្រែង ឃុំត្រែង រងរបួសបាក់ដៃឆ្វេង ៤-ឈ្មោះ កែវ ឆដា អាយុ១៨ឆ្នាំ នៅភូមិ គីឡូ ឃុំត្រែង របួសលើស្លាបប្រចៀវខាងស្តាំនិង៥-ឈ្មោះ ឃួម សុខខេង អាយុ១៩ឆ្នាំ នៅភូមិទឹកសាប ឃុំផ្លូវមាស ស្រុករតនមណ្ឌល រងរបួសស្មាខាងឆ្វេង ។
លោកនាយការិយាល័យបញ្ជាក់ថា ហេតុការណ៍ដេញកាប់នេះ កើតឡើងកាលពីវេលារំលងអធ្រាត្រឈានចូលថ្ងៃទី៣ ខែមីនាកន្លងទៅ នៅភូមិច្រាបក្រសាំង សង្កាត់វត្តគរ ក្រុងបាត់ដំបង ខណ:ក្រុមជនរងគ្រោះកំពុងជិះម៉ូតូតាមផ្លូវ ។ បើតាមការសួរនាំត្រូវបានប្រាប់ថា ភាគីជនដៃដល់ខឹងភាគីរងគ្រោះដែលជិះម៉ូតូកាត់មុខពួកខ្លួនហើយរោទ៍ម៉ាស៊ីនខ្លាំងៗ ទើបជិះម៉ូតូដេញតាមកាប់តែម្ដង ។
ក្រោយពេលឃាត់ខ្លួន ជនដៃដល់ទាំង២នាក់ ឆ្លើយថា ពួកខ្លួនពិតជាបានជិះម៉ូតូតាមកាប់ក្រុមជនទាំង៥នាក់នោះមែន ដោយសារខឹងក្រុមនេះជិះម៉ូតូហើយរោទ៍ម៉ាស៊ីនខ្លាំងៗនៅចំពោះមុខខ្លួន។នៅយប់កើតហេតុនោះ ពេលពួកខ្លួនកំពុងអង្គុយនៅចុងស្ពានថ្មចាស់ខាងមុខសាលាខេត្ត ស្រាប់តែជនទាំង៥នាក់ជិះម៉ូតូមកដល់រោទ៍ម៉ាស៊ីនម៉ូតូខ្លាំងៗ ក្នុងគោលបំណងបង្ករឿងរួចក៏ជិះហួសទៅ ទើបពួកខ្លួនខឹងជិះដេញតាមដល់ចំណុចកើតហេតុក៏ទាញកាំបិតកាប់តែម្ដង លុះនៅថ្ងៃទី៩ ខែមីនា ស្រាប់តែសមត្ថកិច្ចមកឃាត់ខ្លួនតែម្ដង ។
លោកឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងនគរបាលខេត្ត មានប្រសាសន៍ថា ជាមួយនឹងការឃាត់ខ្លួនក្រុមជនដៃដល់នេះ សមត្ថកិច្ចដកហូតដាវសាមូរៃ៉បានចំនួន៣ដើម និងម៉ូតូ២គ្រឿង ។បើតាមប្រវត្តិ ក្រុមក្មេងទំនើងទាំងនេះសុទ្ធតែធ្លាប់ប៉ះទង្គិចគ្នានាពេលកន្លងមកនាពេលយប់ ។ យុវជនទាំង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ៕
ចែករំលែកព័តមាននេះ