ខេត្តតាកែវ ៖ «ពុទ្ធគិរីកម្ពុជា»គឺទីដាក់តម្កល់ព្រះពុទ្ធរូប៨,៤ម៉ឺនអង្គឯណោះច្រើនជាងគេនៅកម្ពុជា ។ តាំងតែពីពេលចាប់ផ្តើមកសាងដំបូង រហូតមកដល់ពេលនេះបានទាក់ទាញអ្នកទេសចរច្រើនឡើងជាលំដាប់ទៅទស្សនា ។ ពុទ្ធគិរីកម្ពុជាស្ថិតនៅស្រុកត្រាំកក់ ខេត្តតាកែវ ។
ព្រះភិក្ខុបញ្ញាសិរីកែវ កក្កដា ចៅអធិការវត្តពុទ្ធគីរីកម្ពុជាមានសង្ឃដីកាកាលពីពេល ថ្មីៗកន្លងមកថា «ការបង្កើតវត្តពុទ្ធគីរីកម្ពុជានេះឡើងមានបំណងចង់លើកស្ទួយវិស័យព្រះពុទ្ធសាសនា ដើម្បីឱ្យមានការចាប់អារម្មណ៍ពីប្រជាពលរដ្ឋ ពិសេស ក្មេងៗជំនាន់ក្រោយឱ្យដក់ក្នុងចិត្តថា តាំងពីដូនតាមកប្រកាន់ខ្ជាប់នូវព្រះពុទ្ធសាសនា ឬដើរតាមមាគ៌ាព្រះសម្មាសម្ពុទ្ធ ។
ត្រង់ចំណុចនេះអាត្មាគ្រាន់តែជាកោសិកាមួយចូលរួមជួយដល់រាជរដ្ឋាភិបាលបន្ថែមទៀត ដែលបច្ចុប្បន្នយើងមានក្រសួងធម្មការនិងសាសនា ។ អ៊ីចឹងអាត្មាភាពគ្រាន់តែជាផ្នែកមួយនៃការពង្រីក ឬក៏ជួយផ្សព្វផ្សាយព្រះពុទ្ធសាសនា »។ ចំពោះឈ្មោះ «ពុទ្ធគិរីកម្ពុជា» ព្រះចៅអធិការបញ្ជាក់ឲ្យដឹងន័យថា«កន្លែងដែលកកើតនេះគឺកែប្រែពីព្រៃភ្នំធម្មតា អមពោរពេញរុក្ខជាតិក្លាយជារូបព្រះពុទ្ធ ក្លាយជាទៅភ្នំព្រះ» ។
ហេតុអ្វីបានជាត្រូវកសាងព្រះពុទ្ធរូបដល់ទៅ៨៤.០០០អង្គ? ព្រះចៅអធិការបញ្ជាក់ថា«៨៤.០០០គឺជាធម៌របស់ព្រះសម្មាសម្ពុទ្ធដែលមានចែងនៅក្នុងគម្ពីរព្រះត្រ័យបិដកទាំង១១០ព្រះគម្ពីរ មានព្រះវិន័យ,ព្រះវិសូត្រ និងព្រះអភិធមមានរហូតដល់៨៤.០០០ ដែលប្រើជាភាសាមញ្ញ៨៤.០០០ព្រះធម្មក្ខន្ធ ។ ដូចនេះអាត្មាភាពដាក់រូបព្រះអង្គនៅតាមជម្រាលភ្នំទាំងមូលមានដល់៨៤.០០០នេះគឺតំណាងឱ្យធម៌ព្រះសម្មាសម្ពុទ្ធ ដែលមាននៅក្នុងគម្ពីរបិដកទាំង១១០ព្រះគម្ពីរ »។
នៅថ្ងៃអនាគតព្រះចៅអធិការមានគម្រោងអភិវឌ្ឍភ្នំនៅ ក្បែៗ ពុទ្ធគិរីដាក់ជាពុទ្ធប្រវត្តិជារឿង កងៗ(ដំណើររឿង)ចាប់ពីព្រះអង្គប្រសូតរហូតដល់ព្រះអង្គចូលបរិនិព្វាន ។ សព្វថ្ងៃវត្តពុទ្ធគិរីកម្ពុជាទើបតែដាក់ព្រះពុទ្ធរូបបានពាក់កណ្តាល៤២.០០០អង្គក្នុងចំណោមព្រះពុទ្ធរូបសរុប៨៤.០០០អង្គ ។ វត្តពុទ្ធគិរីកម្ពុជានឹងរៀបចំធ្វើពិធីបុណ្យពុទ្ធាពិសេករយៈពេល៧ថ្ងៃ៧យប់ចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ ខែមីនា ។ វត្តពុទ្ធគិរីកម្ពុជាបង្កើតឡើងរយៈពេលជិត២ឆ្នាំហើយ ។
ក្នុងរយៈពេលកន្លងមកមានអ្នកទេសចរមួយចំនួនបានថតរូបក្នុងបរិវេណពោរពេញដោយព្រះពុទ្ធរូបផុសតាមហ្វេសប៊ុក ធ្វើឱ្យមហាជនទូទៅរិះគន់ថាវាមិនសមរម្យ ។ គេបានសំណូមពរដល់ព្រះចៅអធិការឲ្យដាក់បម្រាម ។
ទាក់ទងចំណុចនេះ ព្រះភិក្ខុព្រះភិក្ខុបញ្ញាសិរីកែវ កក្កដា ឲ្យដឹងថា វត្តបានដាក់បម្រាមនៅតាមផ្លូវចូលហើយ ។ «រឿងកើតឡើងកន្លងមក ដោយសារបុគ្គលមួយចំនួនមានការយល់ដឹងមានកម្រិត ហើយរឿងនេះបើពុទ្ធបរិស័ទបន្តោសអាត្មា វាក៏ត្រូវខ្លះ និងមិនត្រូវទាំងស្រុងនោះទេ ព្រោះយើងគិតថាជាបុគ្គលដែលបានប្រព្រឹត្ត ។ រឿងនេះអាត្មាបានរៀបចំដាក់ស្លាកសញ្ញានិងមានសណ្តាប់ធ្នប់ប្រុងប្រយ័តគ្រប់យ៉ាងមិនឱ្យមានកើតឡើងបន្តទៀត។ ឯរឿងអនាម័យ និងបរិស្ថានរៀបចំឱ្យខ្លាំងក្លាជាងមុន» ៕
ចែករំលែកព័តមាននេះ