រាជធានីភ្នំពេញ ៖ ប្រជាពលរដ្ឋដែលខ្ចីប្រាក់នៅតាមបណ្ដាគ្រឹះស្ថានហិរញ្ញវត្ថុនានា គួរតែទៅត្រួតពិនិត្យប្រវត្តិឥណទានរបស់ខ្លួនឲ្យបានគ្រប់ៗគ្នា ដើម្បីផ្ទៀងផ្ទាត់ភាពត្រឹមត្រូវ ហើយបើសិនជារបាយការណ៍ចេញនោះខុសប្រក្រតីនឹងអ្វីដែលខ្លួនមាន អាចដាក់ពាក្យតវ៉ា ឬស្នើឲ្យមើលឡើងវិញ និងក៏ជាការងាយស្រួលដើម្បីស្នើសុំឥណទានបន្ថែមទៀតដែរ ខណៈបច្ចុប្បន្ននេះមានប្រជាពលរដ្ឋតិចតួចណាស់ដែលបានមកពិនិត្យរបាយការណ៍របស់ខ្លួន ។
ប្រធាននាយកប្រតិបត្តិនៃការិយាល័យឥណទានកម្ពុជា ហៅកាត់ថាCBC លោក អឿ សុធារ័ត្ន បានមានប្រសាសន៍ថា ការមកត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ឬឆែកប្រវត្តិប្រើប្រាស់ឥណទានរបស់ប្រជាពលរដ្ឋម្នាក់ៗ ក៏អាចនឹងងាយស្រួលសម្រាប់ប្រជាពលរដ្ឋ ក្នុងការទទួលបានឥណទានបន្ថែមពីធនាគារ ឬមីក្រូហិរញ្ញវត្ថុសម្រាប់យកទៅប្រើប្រាស់ពង្រីកអាជីវកម្ម និងមុខរបររបស់ពួកគាត់ផងដែរ ដូច្នេះហើយ ពលរដ្ឋគួរតែឆែកសុខភាពហិរញ្ញវត្ថុឲ្យបានគ្រប់ៗគ្នា ។
លោកបន្តថា ការិយាល័យឥណទានកម្ពុជា ផ្ដោតជាចម្បងជាមួយនឹងរបាយការណ៍ឥណទានអតិថិជន ដែលអនុញ្ញាតឲ្យសមាជិកដែលជាធនាគារពាណិជ្ជ និងមីក្រូហិរញ្ញវត្ថុ អាចស្វែងយល់ពីអតិថិជនរបស់ពួកគេ កាន់តែច្បាស់ និងធ្វើការសម្រេចចិត្តលើការផ្ដល់ឥណទានប្រកបដោយប្រសិទ្ធភាព និងទំនួលខុសត្រូវ ។
លោកថា ៖« ប្រព័ន្ធនេះ ក៏បានជួយដល់អតិថិជនទូទៅក្នុងការស្នើសុំ និងស្វែងយល់អំពីព័ត៌មានឥណទានរបស់ពួកគេឲ្យកាន់តែប្រសើរឡើង ដែលនឹងជួយពួកគេក្នុងការត្រៀមខ្លួនសម្រាប់ស្នើសុំកម្ចី ។ មិនតែប៉ុណ្ណោះ ប្រព័ន្ធក៏ចូលរួមចំណែកដល់ស្ថិរភាពនៃវិស័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចផងដែរ » ។ លោកបន្ថែមថា សម្រាប់ការត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ក៏មិនខុសពីសុខភាពរាងកាយដែរ គឺត្រូវការត្រួតពិនិត្យដើម្បីទប់ស្កាត់ និងការពារ។
លោក អឿ សុធារ័ត្ន មានប្រសាសន៍ថា ៖« សម្រាប់អ្នកមានប្រវត្តិធ្លាប់ប្រើប្រាស់ឥណទាន នៅតាមគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារ គួរតែមកត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ដើម្បីឲ្យដឹងពីប្រវត្តិរបស់ខ្លួន ហើយនិងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងរបាយការណ៍របស់ការិយាល័យ និងផ្ទៀងផ្ទាត់ជាមួយនឹងខ្លួនគាត់ផ្ទាល់ និងអាចដឹងថាតើគាត់អាចទទួលបានឥណទានពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងធនាគារផ្សេងទៀតបានដែរឬទេ »។ លោកបញ្ជាក់ថា រហូតមកដល់ពេលនេះ ការិយាល័យឥណទាន បានសហការជាមួយធនាគារ អេស៊ីលីដា និងមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ ក្នុងការផ្ដល់សេវាឆែកសុខភាពហិរញ្ញវត្ថុ នៅតាមសាខាមួយចំនួនរបស់គ្រឹះស្ថានទាំងពីរ ក៏ប៉ុន្តែរយៈពេលប៉ុន្មានខែកន្លងមកនេះ មានប្រជាពលរដ្ឋតិចណាស់ដែលបានយល់ដឹង និងមកត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុ ក៏ដូចជាឆែករបាយការណ៍ឥណទានរបស់ពួកគាត់ ។
លោក គា បូរាណ ប្រធានប្រធាននាយកប្រតិបត្តិនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អេ អឹម ខេ បានមានប្រសាសន៍ផងដែរថា ៖« នៅក្នុងកិច្ចសហប្រតិបត្តិការនេះ យើងនឹងផ្ដល់សេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុជូនអតិថិជន ដែលជំហានដំបូង នឹងបើកនៅសាខាចំនួន៥ ក្នុងនោះរួមមានសាខាការិយាល័យកណ្ដាល សាខាចោមចៅ សាខាខេត្តកណ្ដាល សាខាខេត្តកំពង់ចាម និងសាខាខេត្តសៀមរាប »។ លោកថា ៖« យើងនឹងព្យាយាមពង្រីកសេវាត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុនេះ ឲ្យបានគ្រប់សាខានៅទូទាំងប្រទេស ដើម្បីឲ្យអតិថិជនរបស់ខ្លួនអាចមកត្រួតពិនិត្យសុខភាពហិរញ្ញវត្ថុរបស់ពួកគាត់បានគ្រប់សាខារបស់យើង »។
លោកបន្តថា បច្ចុប្បន្ននេះ អេអឹមខេ បានផ្ដល់សេវាទៅដល់អតិថិជនជាង៧៦ម៉ឺននាក់ និងមានសាខាគ្រប់ដណ្ដប់គ្រប់ស្រុក និងឃុំទូទាំងប្រទេស ដូច្នេះសេវាហិរញ្ញវត្ថុនេះ នឹងជួយដល់អតិថិជនក្នុងការស្វែងយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់ខ្លួន លើកកម្ពស់ចំណេះដឹងផ្នែកហិរញ្ញវត្ថុ និងត្រៀមខ្លួនរួចរាល់ប្រកបដោយការទទួលខុសត្រូវក្នុងការទទួលបានប្រាក់កម្ចី ពីស្ថាប័នហិរញ្ញវត្ថុ ។ លោកបន្ថែមថា សម្រាប់វិស័យមីក្រូហិរញ្ញវត្ថុនៅក្នុងប្រទេសកម្ពុជា នាពេលបច្ចុប្បន្ននេះ មិនមានសញ្ញាណាបង្ហាញពីបញ្ហានោះទេ ហើយវិស័យមីក្រូហិរញ្ញវត្ថុ នឹងនៅតែល្អប្រសើរទាំងប្រាក់បញ្ញើ និងឥណទាន តែទោះជាយ៉ាងណាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៕
ចែករំលែកព័តមាននេះ