ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជុំវិញ​បញ្ហា​EBA​ដែល​កម្ពុជា​កំពុង​ប្រឈម​នឹង​ការ​បាត់បង់

5 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ ៖​ ​​កាលពី​ថ្ងៃ​ទី ១១ កុម្ភៈ ​កន្លង​មក សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយថា ខ្លួន​​បាន​​និង​​កំពុង​​ដំណើរការ​នីតិវិធី​ក្នុង​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​​នូវ​​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើក​លែង​អាវុធ​(EBA)​ពី​កម្ពុជា​ ដែល​បាន​បង្ក​ឲ្យ​​មាន​ការ​ព្រួយបារម្ភ​និង​សោកស្ដាយ​មជ្ឈដ្ឋាន​មួយ​​ចំនួន បើ​ទោះបីជា​ការ​​ដកហូត​នេះ…

រាជធានីភ្នំពេញ ៖​ ​​កាលពី​ថ្ងៃ​ទី ១១ កុម្ភៈ ​កន្លង​មក សហភាព​អឺរ៉ុប​បាន​ចេញ​សេចក្ដី​​ប្រកាស​ព័ត៌មាន​មួយថា ខ្លួន​​បាន​​និង​​កំពុង​​ដំណើរការ​នីតិវិធី​ក្នុង​ការ​ព្យួរ​ជា​បណ្ដោះ​អាសន្ន​​នូវ​​​ប្រព័ន្ធ​​អនុគ្រោះ​ពន្ធ​លើ​ទំនិញ​គ្រប់យ៉ាង​លើក​លែង​អាវុធ​(EBA)​ពី​កម្ពុជា​ ដែល​បាន​បង្ក​ឲ្យ​​មាន​ការ​ព្រួយបារម្ភ​និង​សោកស្ដាយ​មជ្ឈដ្ឋាន​មួយ​​ចំនួន បើ​ទោះបីជា​ការ​​ដកហូត​នេះ មិន​ទាន់​​ចាប់ផ្ដើម​ជា​ផ្លូវការ​ក៏​ដោយ​ ។

ក្នុង​នោះ យោង​​តាម​គេហទំព័រ​ស្ថានទូត​សហរដ្ឋ​អាមេរិក ប្រចាំ​កម្ពុជា បាន​បង្ហាញ​ពី​កង្វល​់​របស់​ខ្លួន ដែល​សហភាព​អឺរ៉ុប​បាន​និង​កំពុង​​​ដំណើរការ​នីតិ​វិធីដក​យក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ពី​កម្ពុជា ហើយ​សហរដ្ឋអាមេរិក​ក៏​បាន​បញ្ជាក់​ថា កម្ពុជា​នៅ​តែ​មានឱកាស​ក្នុង​ការ​ទទួល​​យក​នូវ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​នេះ​ពី​សហភាព​អឺរ៉ុប​​បន្ត​ទៀត បើសិនជា​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ឥរិយាបថ​​មួយ​ចំនួន ។

នៅ​ក្នុង​សេចក្តីថ្លែងការណ៍​របស់​ស្ថានទូត​សហ​រដ្ឋអាមេរិក ប្រចាំ​កម្ពុជា ​ក៏​បាន​បញ្ជាក់​ច្បាស់​ថា ថ្នាក់ដឹកនាំ​កម្ពុជា​នៅ​មានឱកាស​នៅ​ឡើយ​​នៅ​ក្នុង​ការ​ជៀស​ផុត​ពី​ផលវិបាក អវិជ្ជ​មាន​ផ្នែក​សេដ្ឋកិច្ច​នៃ​ការ​ដក​ការ​អនុគ្រោះ​ពន្ធ EBA ពីព្រោះ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​​​លោកស្រី Cecilia Malmstrom បាន​និយាយ​​ថា វា​ច្បាស់​ហើយ​ថា ចំណាត់ការ​នៅ​ក្នុង​ពេល​​​នេះ មិនមែន​ជា​ការ​សម្រេចចិត្ត​ចុង​ក្រោយ ហើយ​​ក៏​មិនមែន​ទី​បញ្ចប់​នៃ​ដំណើរការ​នីតិវិធី​ដែរ តែ​នាឡិកា​កំពុង​តែ​ដើរទៅ​មុខជា​ផ្លូវការ​ហើយ​ ហើយ EU ត្រូវការ​ឃើញ​វិធានការ​ពិតប្រាកដ ក្នុង​​ពេល​ឆាប់​ៗ​នេះ ។

សមាគម​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​ និង​ស្បែកជើង កម្ពុជា​ក៏​បាន​ស្នើ​ឲ្យ​គណៈ​កម្មការ​​អឺរ៉ុប និង​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប វាយ​តម​្លៃ​ឲ្យ​បាន​​ហ្មត់​ចត់​ ថា​​តើ​នីតិវិធី​បែប​នេះ​​ដែល​​អាច​នាំ​ឲ្យ​មានការ​ព្យួរ​ការ​អនុគ្រោះ​ពន្ធ ក្រោម​​​កម្មវិធី​លើ​គ្រប់មុខ​ទំនិញ​លើកលែង​អាវុធ និង​​មាន​លក្ខណៈ​សមាមាត្រ ហើយ​ពង្រឹង​លទ្ធិ​ប្រជា​ធិបតេយ្យ និង​សិទ្ធិ​មនុស្ស​ក្នុង​ប្រទេស​កម្ពុជាឬអត់ ។

បើ​តាម​​លោក​ ខេន ​លូ បាន​លើក​ឡើង​នៅ​ក្នុង​​សេចក្តី​ថ្លែងការណ៍​របស់​សមាគម​​បានឲ្យ​ដឹង​ថា ការ​ចូលរួម​របស់​សមាគម​រោងចក្រ​កាត់ដេរ នៅ​ក្នុង​កម្មវិធី​គម្រោង​រោងចក្រ​កាន់តែ​ប្រសើរ នៅ​កម្ពុជា​ បាន​រួមចំណែក​ដល់​ការ​អភិវឌ្ឍ​ វប្ប​ធម៌ តម្លាភាព​ និង​អនុលោម​ភាព​ទៅ​តាម​ស្ដង់ដា​​ពលកម្ម​ការងារ​អន្តរជាតិ ។ សមាគម​នឹង​​បន្ត​ធ្វើ​ការងារ​ជិត​ស្និទ្ធ​ជាមួយ​សមាជិក​របស់​ខ្លួន​ដើម្បី​កែ​លម្អ​ឲ្យ​កាន់តែ​ប្រសើរ​ឡើង​ចំពោះ​ទំនាក់ទំនង​វិជ្ជាជីវៈ តាម​រយៈ​ការ​គាំទ្រ​ធ្វើ​ឲ្យ​ការ​ចុះបញ្ជី​ការ​របស់​សហជីព មាន​លក្ខណៈ​សាមញ្ញ​ជាង​​មុន និង​មាន​តម្លាភាព​ជាង​មុន​នៅ​តាម​គ្រប់​រោងចក្រ​ទាំង​អស់ ។ ហេតុ​ដូចនេះ​ផ្អែក​លើ​លទ្ធផល​របស់​វិស័យ​​កាត់ដេរ សមាគម​ជឿ​ថា​ការ​ព្យួរ EBA គឺ​មិន​​ស័ក្តិសម ​និង​មិន​មាន​ហេតុផល​គ្រប់គ្រាន់ ។

សេដ្ឋវិទូ​បណ្ឌិត​ម៉ី កល្យាណ​ ទីប្រឹក្សា​ជាន់​ខ្ពស់​​ឧត្តម​ក្រុមប្រឹក្សា​សេដ្ឋកិច្ចជាតិ​បាន​ថ្លែង​ថា ប្រសិន​​ជា​អឺរ៉ុប​ដក​ប្រ​ព័​ន្ធ​អនុគ្រោះ​ព​ន្ធ​ពី​កម្ពុជា មែន​នោះ កម្ពុជា​​អាច​រង​ផល​ប៉ះពាល់ ប៉ុន្តែ​វា​ក៏​ជា​​ពេល​ដែល​កម្ពុជា​ត្រូវ​ផ្លាស់​ប្តូរ​ផ្នត់គំនិត ពី​ការ​​ពឹងផ្អែក​លើ​គេ​ខ្លាំង​ពេក និង​ត្រូវ​ខិតខំ​ប្រឹង​ខ្លួនឯង​ ។ ​លោក​បណ្ឌិត​បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​តាម​​ទូរស័ព្ទ​នា​ល្ងាច​ថ្ងៃ​ទី​១២ ខែ​កុម្ភៈ​ ម្សិល​មិញ ថា ៖« រឿង​EBA មិនមែន​ជា​រឿង​ថ្មី​ទេ ហើយ​បញ្ហា​សេដ្ឋកិច្ច​វា​ពាក់​ព័​ន្ធ​នយោបាយ កា​ទូត ហេតុនេះ​ការ​ដែល​គេ​ដក​EBA​យើង មក​ពី​យើង​មាន​​បញ្ហា​ ហើយ​តែ​ការ​ដក​EBA​ពិតជា​កើត​មាន គ្រាន់តែ​មុន​​និង​ក្រោយ ដូច្នេះ​យើង​ត្រូវ​តែ​ពឹងផ្អែក​ខ្លួនឯង និង​​ធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច របស់​យើង »​។

លោក​បន្ត​ថា ៖« ​រាជ​រដ្ឋាភិបាល​បានដឹង​ពី​រឿង​​នេះ​យូរហើយ ហេតុនេះ​យើង​ត្រូវ​តែ​ពឹង​ខ្លួន​ឯង ទោះជា​សាកល​ភាវូបនីយកម្ម​ត្រូវ​ពឹង​គ្នា​ទៅ​​វិញ​ទៅ​មក​ក្តី ក៏​យើង​ត្រូវ​តែ​ប្រឹង​ដែរ និង​មិន​ត្រូវ​​ពឹងផ្អែក​លើ​គេ​ពេក​ទេ ទាំង​ជំនួយ​ឥត​សំណង ក៏​ដូច​ជា​EBA​ ​»។​ លោក​បន្ត​ថា ៖« ​ក្រសួង​សេដ្ឋ​កិច្ច និង​ហិរញ្ញវត្ថុ​បាន​ធ្វើការ​កែទម្រង់​ហើយ ការ​កែ​ទម្រង់​ពិតជា​ធ្វើ​ឲ្យ​មានការ​ឈឺចាប់ តែ​យើង​ត្រូវ​តែ​ធ្វើ​ »​។ លោក​បណ្ឌិត ​ម៉ី កល្យាណ ​បាន​បន្ត​ថា ការ​​លុប​ចោល​ស្ថាប័ន​មួយ​ចំនួន​កាលពី​ពេល​ថ្មី​ៗ​នេះ ជា​រឿង​រយៈពេល​ខ្លី តែ​បញ្ហា​ចំពោះ​មុខ​គឺ​យើង​​ត្រូវធ្វើ​ការងារ​​សម្រាប់​​រយៈពេល​វែង​នៅ​ក្នុង​​សេដ្ឋកិច្ច​របស់​យើង​ ។ សេដ្ឋកិច្ច​របស់​យើង​ត្រូវ​​តែ​ធ្វើ​ពិពិធ​កម្ម និង​ត្រូវ​តែ​ដោះស្រាយ​បញ្ហា​ប្រឈម​​ទាក់ទង​ផ្លូវ តម្លៃ​អគ្គិសនី ធនធានមនុស្ស​ដែល​​ជា​បញ្ហា​ជា​យូរ​មក​ហើយ ៕

អត្ថបទសរសេរ ដោយ

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ