ខេត្តឧត្តរមានជ័យ ៖ គ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងរវាងម៉ូតូបុកជាមួយរថយន្ត បណ្តាលឱ្យមនុស្ស២នាក់បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតរងរបួសស្រាល ដែលហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី៦ កុម្ភៈ ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦៨Bក្នុងភូមិកណ្តែក សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្តរមានជ័យ។
ភាគីខាងម៉ូតូមួយគ្រឿងជិះគ្នា៣នាក់ម៉ាកហុងដាឌ្រីម ធុនC១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បន្ទាយមានជ័យ ១Q-៦៦៨៧ បើកបរដោយឈ្មោះរុំ វូង ភេទប្រុស អាយុ២៧ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងអ្នករួមដំណើរចំនួន២នាក់ ក្នុងនោះម្នាក់ឈ្មោះផន ចុង ភេទប្រុស អាយុ២២ឆ្នាំ បានស្លាប់នៅនឹងកន្លែងកើតហេតុ និងម្នាក់ទៀតឈ្មោះផន បូណា ភេទប្រុស អាយុ២៥ឆ្នាំ បានរងរបួសស្រាល ។ ជនរងគ្រោះទាំង៣នាក់រស់នៅភូមិតាលាវ ឃុំតាសោម ខេត្តសៀមរាប ។
ចំណែករថយន្ដមួយគ្រឿងម៉ាកកាម៉ារី (កាលី) ពាក់ផ្លាកលេខ បាត់ដំបង ២A-៤៨៥៥ បើកបរដោយឈ្មោះកូវ ហឺយ ភេទប្រុស អាយុ៤១ឆ្នាំ មុខរបរកសិករ រស់នៅភូមិចំបក់ហែរ ឃុំកំពុងថ្កូវ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។
ប៉ូលិសអធិការក្រុងសំរោងបានឱ្យដឹងថា មុនពេលកើតហេតុ គេឃើញម៉ូតូមួយគ្រឿង និងរថយន្តមួយគ្រឿងខាងលើធ្វើដំណើរក្នុងទិសដៅបញ្ច្រាសគ្នា លុះមកដល់ចំណុចកើតហេតុជាផ្លូវកោង ស្រាប់តែម៉ូតូបើកបរក្នុងល្បឿនលឿនមិនប្រកាន់ស្តាំជ្រុលទៅបុករថយន្តទាំងពេញទំហឹង បណ្តាលឱ្យស្លាប់២នាក់ និងរបួសស្រាលម្នាក់ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានធ្វើការត្រួតពិនិត្យ និងវាស់វែងនៅកន្លែងកើតហេតុ និងយកម៉ូតូ និងរថយន្តទៅរក្សាទុកនៅអធិការក្រុង ចំណែកសពជនរងគ្រោះទាំង២នាក់ត្រូវបានសមត្ថកិច្ចប្រគល់ទៅឱ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី៕
ចែករំលែកព័តមាននេះ