រាជធានីភ្នំពេញ ៖ កម្លាំងនគរបាលផ្នែកប្រឆាំងគ្រឿងញៀនខណ្ឌពោធិ៍សែនជ័យសហការជាមួយកម្លាំងនគរបាលផ្នែកអន្តរាគមន៍ខណ្ឌបានចុះបង្ក្រាបការជួញដូរនិងប្រើប្រាស់គ្រឿងញៀនមួយករណី ។ ដោយបានធ្វើការចាប់ខ្លួនស្ត្រីដែលជាអ្នកជួញដូរម្នាក់ដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់រួមជាមួយជនសង្ស័យដែលជាអ្នកប្រើប្រាស់ថ្នាំញៀនម្នាក់ទៀតផងដែរ ។ ការចាប់ខ្លួននេះបានធ្វើឡើងកាលពី វេលាម៉ោង២រសៀល ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ នៅចំណុចមុខបន្ទប់ជួល លេខ៩៥ ស្ថិតនៅក្នុងភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។
ជនសង្ស័យឈ្មោះ អេង ស្រីណែត ភេទស្រី អាយុ២៣ឆ្នាំ មុខរបរមិនពិតប្រាកដ សា្នក់នៅបន្ទប់ជួលភូមិព្រៃបឹង សង្កាត់កន្ទោក ខណ្ឌពោធិ៍សែនជ័យ ។នគរបានដកហូតបានថ្នាំញៀនចំនួន១១កញ្ចប់ និងទូរស័ព្ទដៃមួយគ្រឿងម៉ាកស្កាយវីយូ ព្រមទាំងថង់សម្រាប់ច្រកថ្នាំញៀនមួយចំនួនទៀត ។
ស្ត្រីរូបនេះគឺជាអ្នកជួញដូរគ្រឿងញៀននិងជាអ្នកផ្តល់ទីតាំងសម្រាប់អ្នកទៅទិញគ្រឿងញៀនប្រើប្រាស់នៅក្នុងបន្ទប់របស់ខ្លួន ។ ចំណែកអ្នកប្រើប្រាស់ឈ្មោះ ម៉ាង ចាន់ឌី ភេទប្រុសអាយុ២៣ ឆ្នាំ មុខរបរជាងម៉ាស៊ីន មានទីលំនៅភូមិ ព្រៃសំរោង ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា នៅមុនឈាន ដល់ការឃាត់ខ្លួនជនសង្ស័យខាងលើនោះបាន គឺប្រជាពលរដ្ឋបានរាយការណ៍ប្រាប់ពីសកម្មភាពរបស់ក្រុមជនសង្ស័យខាងលើជូនដល់កម្លាំងនគរបាលបានដឹង ។ ក្រោយពេលទទួលបានដំណឹងនេះភ្លាមកម្លាំង នគរបាលខាងលើបានចុះទៅធ្វើការចាប់ខ្លួនបានជាបន្តបន្ទាប់រួចបាននាំទៅធ្វើការសាកសួរ និងកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕
ចែករំលែកព័តមាននេះ