ខេត្តព្រៃវែង ៖ ផ្ទះក្បឿង១ខ្នង សង់ពីឈើប្រក់ក្បឿងជញ្ជាំងស្លឹក ទំហំ៧ម៉ែត្រគុណនឹង៨ម៉ែត្រ ត្រូវភ្លើងឆេះអស់ទាំងស្រុង ដោយសារតែការធ្វេសប្រហែសរបស់ម្ចាស់ផ្ទះ ។ ហេតុការណ៍នេះ បានកើតឡើង កាល ពីវេលាម៉ោង១០និង៥០នាទីព្រឹក ថ្ងៃទី២៨ មករា នៅចំណុចភូមិព្រៃចំការត្បូង ឃុំស្វាយជ្រំ ស្រុកមេសាង ខេត្តព្រៃវែង ដោយម្ចាស់ផ្ទះមានឈ្មោះ នាង នាទ ភេទប្រុស អាយុ៤៩ឆ្នាំ មានប្រពន្ធឈ្មោះ ប៊ឹម ឡៃ អាយុ៣៤ឆ្នាំ ។
សមត្ថកិច្ចបានឱ្យដឹងថា អគ្គិភ័យនេះមិនបានបណ្តាលឱ្យមានគ្រោះថ្នាក់ដល់មនុស្ស ឬសត្វនោះទេ ដោយគ្រាន់តែធ្វើឱ្យខូចខាតទ្រព្យសម្បត្តិមួយចំនួន រួមមាន មាស២តម្លឹងកន្លះ លុយចំនួន២លាន១សែនរៀល និងស្រូវ៣តោន ។
ចំណែកមូលហេតុដែលបណ្តាលឱ្យកើតមានអគ្គិភ័យនេះ គឺបណ្តាលមកពីកូនស្រីម្ចាស់ផ្ទះ បង្កាត់ភ្លើងធ្វើម្ហូប នៅផ្ទះបាយខាងក្រោយ (លើផ្ទះ) ហើយពេលធ្វើម្ហូបរួចក៏ដើរចោល ដោយមិនបានពន្លត់ភ្លើង ទើបធ្វើឱ្យរងើកភ្លើងឆេះរាលកើតទៅជាអគ្គិភ័យឆេះផ្ទះតែម្តង ៕
ចែករំលែកព័តមាននេះ