ខេត្តកណ្តាល ៖ ប្រភពពីមន្ត្រីតុលាការបានថ្លែងថា សំណុំរឿងដែលម្ចាស់ការ៉ាសសាំងដេប៉ូ «រស្មី ពិសី» លួចសាំង (រង្វាស់រង្វាល់)ពីអតិថិជនដែលចូលចាក់សាំងរាល់ថ្ងៃនោះ បានបញ្ជូនមកកាន់សាលាដំបូងខេត្តកណ្តាល កាលពីថ្ងៃទី២៨ ធ្នូ ២០១៨ ខណៈម្ចាស់ការាស់នេះ អត់មានវត្តមានមកតាមសំណុំរឿងទេ មិនដឹងជ្រុះពាក់កណ្តាលផ្លូវ ឬយ៉ាងណាទេ ។
លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល និងជាអ្នកចុះសម្របសម្រួលនីតិវិធីជាមួយជំនាញខាងកាន់កុងត្រូលបានអោយដឹងថា សំណុំរឿងបានបញ្ជូនមកដល់ហើយ លោកកំពុងចាត់ការទៅតាមផ្លូវច្បាប់ ។ មជ្ឍដ្ឋានជាច្រើនបានរង់ចាំមើលថា ម្ចាស់ការ៉ាស់សាំងដេប៉ូ «រស្មី ពិសី» ដែលជំនាញកាន់កុងត្រូលចុះទៅត្រួតពិនិត្យរកឃើញលួចសាំងពីពួកគាត់នោះ មានទោសដែរទេ ឬក៏អ្នកក្រលួចមាន់មួយក្បាលយកមកធ្វើម្ហូបចិញ្ចឹមក្រពះមានទោស ដល់អ្នកមានទ្រព្យធន់ មានអំណាចលួចសាំង (រង្វាស់រង្វាល់) ជារៀងរាល់ថ្ងៃ បែរអត់មានទោសទៅវិញ ។
ទោះបីជាជំនាញខាងកាន់កុងត្រូលរកឃើញថា ការ៉ាស់សាំងដេប៉ូតេលា «រស្មី ពិសី» ក្រុងតាខ្មៅលួចសាំងពីអថិតិជនក្តី ក៏បានបើកដំណើរការដដែល មិនដឹងមានអ្វីនៅពីក្រោយ បន្ទាប់ពីត្រួតពិនិត្យរួច ។ ជាពិសេសថៅកែការ៉ាស់សាំង មិនមានការឃាត់ខ្លួនឡើយ ។ ទោះបីការ៉ាស់សាំងនោះ ធ្លាប់មានវិធានការណែនាំពីជំនាញកាន់កុលត្រូលម្តង រួចមកហើយនោះ ។
មជ្ឈដ្ឋានទូទៅ កំពុងមានការរិះគន់ពីសំណាក់ជំនាញកាន់កុងត្រូល ដែលចុះទៅត្រួតពិនិត្យរកឃើញថា «ការ៉ាស់សាំងបានបន្លំយកសាំងធម្មតា លក់ជាសាំង ស៊ុបពែ ថែមទាំងលក់មិនគ្រប់លីត្រជូនអ្នកប្រើប្រាស់»។ ពោលគឺលួចសាំងពីអតិថិជនតែម្តង ។ ក្នុងប្រតិបត្តិការណ៏ចុះត្រួតពិនិត្យនេះ ដឹកនាំដោយលោក ងួន សុមល្លីវង្ស អនុប្រធាននាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្ម លោក គ្រី បូរិន អនុប្រធានមន្ទីរពាណិជ្ជកម្មកាន់កុងត្រូលខេត្តកណ្តាល លោក ហ៊ិន ង៉ែត អនុប៉ុស្តិសាខាកាន់កុងត្រូលខេត្តកណ្តាល ដោយមានការសម្របសម្រួលនីតិវិធីពីសំណាក់ លោក ឯក ស៊ុនរស្មី ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តកណ្តាល។
ហេតុការណ៍ចុះត្រួតពិនិត្យនេះ ធ្វើឡើងកាលពីព្រឹកថ្ងៃទី១៤ វិច្ឆិកា ២០១៨ នៅចំណុចការ៉ាស់សាំង ដេប៉ូ រស្មី ពិសី ដែលស្ថិតនៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល រហូតមកដល់ថ្ងៃទី១៩ វិច្ឆិការ ២០១៨ នៅតែបើកដំណើរការជាធម្មតា ។
ប្រភពព័ត៌មានបានលួចបង្ហើបអោយដឹងថា ទោះបីជាខាងតុលាការសម្រេចអោយបិទទីតាំងការ៉ាស់សាំងនោះបណ្តោះអាសន្នក៏ដោយ ក៏ខាងកាន់កុងត្រូលស្នើរមិនអោយបិទទេ ដោយឧ្យស្ថានីយកែតម្រូវ និងធ្វើកិច្ចសន្យាបន្តទៀត និងមានមេធាវីការពារធានា ។
ការស្នើរសុំរបស់ខាងកាន់កុងត្រូលមិនអោយខាងតុលាការបិទការ៉ាស់សាំងនោះបណ្តោះអាសន្ន មជ្ឈដ្ឋានទូទៅកំពុងរិះគន់យ៉ាងចាស់ដៃថា មិនដឹងមានអ្វីនៅពីក្រោយខ្នង ឬក៏ជំនាញកាន់កុងត្រូលមានការឃុំឃិតគ្នាជាមួយថៅកែការ៉ាស់សាំងនោះ ។
អ្នកច្បាប់មួយរូបសុំមិនបញ្ចេញឈ្មោះ បានបញ្ជាក់ថា ច្បាប់ស្តីពីមាត្រាសាស្ត្រកម្ពុជា មាត្រា៤៥ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៦(ប្រាំមួយ) ថ្ងៃ ទៅ១(មួយ) ខែ និងពិន័យជាប្រាក់ពី១.០០០.០០០(មួយលាន) រៀល ទៅ៥.០០០.០០០(ប្រាំលាន)រៀល ចំពោះជនណាដែល បង្កើន បន្ថយ ឬបន្លំ រង្វាស់រង្វាល់នៃឧបករណ៏មាត្រាសាស្ត្រ ដែលបានដាក់សញ្ញាត្រួតពិនិត្យរួច ឬ ប្រើប្រាស់ កាន់កាប់ សម្រាប់ក្នុងសកម្មភាពពាណិជ្ជកម្ម ឬលក់ ដាក់តាំងដើម្បីលក់ ឬចែកចាយនូវឧបករណ៏មាត្រាសាស្ត្រដែលខ្លូន បានដឹងថាបានបង្កើន បន្ថយ ឬបន្លំ ។
ក្នុងករណីមិនរាងចាលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារ និងពិនយ័ជាប្រាប់ទ្វេរដង ។
ចែករំលែកព័តមាននេះ