ខេត្តសៀមរាប ៖ ជនបរទេស៣នាក់ទៀត ព្រួតគ្នាវាយជនជាតិអាល្លឺម៉ង់ម្នាក់ បណ្តាលឱ្យរបួសធ្ងន់ (បែកមាត់ និងបាក់ជើង) ខណៈកំពុងផឹកស្រាឌឺដងដាក់គ្នានៅហាងឌ្រីងបារ ក្នុងក្រុងសៀមរាប ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យអន្តោប្រវេសន៍ នៃស្នងការនគរបាលខេត្តធ្វើការឃាត់ខ្លួនបាន ភ្លាមៗ រួចយកមកសួរនាំនៅការិយាល័យជំនាញ ។
ហេតុការឃាត់ខ្លួនជនបរទេស៣នាក់បានកើតឡើងនៅវេលាម៉ោងប្រហែល២៤និង១០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៨ ស្ថិតនៅចំនុចមុខហាង ឌ្រីងបារ ក្នុងភូមិ ស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង- ខេត្តសៀមរាប ។
តាមប្រភពពីសមត្ថកិច្ចការិយាល័យជំនាញបានប្រាប់ថា ជនសង្ស័យទាំង៣នាក់ ជាជនបរទេសបានធ្វើសកម្មភាពព្រួតគ្នាវាយទៅលើជនរងគ្រោះជាជនបរទេសម្នាក់ដែរឈ្មោះ MARIOMAEHLMEYER ភេទប្រុស កើតឆ្នាំ១៩៧៦ ជនជាតិអាល្លឺម៉ង់ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរអ្នកជំនាញផ្នែកអ៊ិនធើណិត ស្នាក់នៅបន្ទប់ជួល ភូមិ វិហារចិន សង្កាត់ ស្វាយដង្គំក្រុងខេត្តសៀមរាប បណ្តាលឱ្យសន្លប់ និងរងរបួសបាក់ឆ្អឹងប្រអប់ជើងខាងឆ្វេង បែកមាត់រង្គើធ្មេញមុខ ត្រូវបានសមត្ថកិច្ចយើងបញ្ជូនទៅសង្គ្រោះនៅគ្លីនិក ។
ចំណែកជនសង្ស័យទាំងបីនាក់ដែលត្រូវបានកម្លាំងនគរបាលយើងឃាត់ខ្លួនបញ្ជូនមកកាន់ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តធ្វើការសាកសួរនោះមាន១-ឈ្មោះ STRAHIHJADACKOVIC ភេទប្រុស កើតឆ្នាំ១៩៨៥ ជនជាតិស៊ែប៊ី កាន់លិខិតឆ្លងដែនលេខ០០៩៥១៧២៤១ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួលភូមិថ្មី សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ ២ឈ្មោះ JAIYESH FAUJDAR ភេទប្រុស កើតឆ្នាំ១៩៨៤ ជនជាតិឥណ្ឌា កាន់លិខិតឆ្លងដែនលេខ Z៣៧៧៩១៣១ មុខរបរអ្នកគ្រប់គ្រងសណ្ឋាគារ៨៤ ស្នាក់នៅសណ្ឋាគារ៨៤ ភូមិវិហារចិន សង្កាត់ ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។ ៣- ឈ្មោះ MARKO VITOROVIC ភេទប្រុស កើតឆ្នាំ១៩៨៩ ជនជាតិ ស្លូវ៉ានៀ (មិនមានលិខិតឆ្លងដែនជាប់ខ្លួន) មុខរបរធ្វើការតាមប្រព័ន្ធអ៊ិនធើណិត ស្នាក់នៅបន្ទប់ជួល ភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុង-ខេត្តសៀមរាប ។
បច្ចុប្បន្នជនសង្ស័យទាំង០៣នាក់ត្រូវបានលោកកើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តសៀមរាបសម្រេចឱ្យឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី ៕
ចែករំលែកព័តមាននេះ