រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ហៅកាត់ថា CDC បានសម្រេចអនុម័តសម្រាប់គម្រោងវិនិយោគនានានៅកម្ពុជាចំនួន ១០ គម្រោងដែលមានទឹកប្រាក់វិនិយោគសរុបប្រមាណជិត៣០០លានដុល្លារអាមេរិក និងអាចបង្កើតការងារក្នុងស្រុកច្រើនជាង ៥៤០០ កន្លែង។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាចុះថ្ងៃទី២១ ធ្នូ ២០១៨ ។
បើតាមគេហទំព័រផ្លូវការរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឲ្យដឹងថាស្ថាប័នមួយនេះបានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរដល់ក្រុមហ៊ុនចំនួន ១០ ក្នុងនោះរួមមាន ១. ក្រុមហ៊ុន FAR EAST IMPORT EXPORT CO.,LTD. គម្រោងបង្កើតរោងចក្រផលិតស្រា និងស្រាបៀរ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ១៣,១៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤៦០កន្លែង ។ ទី២ ក្រុមហ៊ុន GO FRESH F & B CO.,LTD. គម្រោងបង្កើតរោងចក្រផលិតទឹកក្រូច ទឹកផ្លែឈើ ទឹកបរិសុទ្ធ និងនំស្រួយ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិតាឌូ សង្កាត់ រកាក្រៅ ក្រុងដូនកែវ ខេត្តតាកែវ មានទុនវិនិយោគប្រមាណ ១៧,៥៨លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៨២១កន្លែង។ ទី៣ ក្រុមហ៊ុន LIEFENG OUTDOORS (CAMBODIA) CO.,LTD គម្រោងបង្កើតរោងចក្រដេរអាវសុវត្ថិភាព តង់ និងកាបូបគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិពេជចង្វា ឃុំបឹងត្រាញ់ខាងជើង ស្រុកសំរោង ខេត្តតាកែវ មានទុនវិនិយោគ ប្រមាណ ៥,៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១.៦០១កន្លែង ។
សម្រាប់ក្រុមហ៊ុនទី ៤ ជារោងចក្រផលិត និងផ្គុំដំឡើងអំពូលភ្លើងពណ៌សម្រាប់តាំងលម្អគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិត្រពាំងជ្រៃ សង្កាត់កាកាបទី២ ខណ្ឌពោធិ៍សែនជ័យ (អតីតខណ្ឌដង្កោ) រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ៥,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១៨កន្លែង ។ ទី៥ គឺជាគម្រោងសាងសង់ខ្សែបញ្ជូនអគ្គិសនីតង់ស្យុងខ្ពស់ ២៣០KV ពីស្ថានីយវារី អគ្គិសនីស្ទឹងតាតៃ ក្នុងខេត្តកោះកុង មករាជធានីភ្នំពេញ ត្រង់ចំណុចស្ថានីយបែកចាន មានទុនវិនិយោគប្រមាណ ១៣៦,៦៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៣៤កន្លែង ។
ក្រុមហ៊ុនទី៦ជាគម្រោងបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក “កែវ ដប ចាន ប្រអប់ ថង់មានទីតាំងវិនិយោគស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៩៥លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៨កន្លែង ។ ទី៧ គម្រោងបង្កើតរោងចក្រផលិតស្បោងប្លាស្ទិក និងបោះពុម្ព ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ៣ ក្រុម៨ ភូមិទួលកី សង្កាត់ភ្លើងឆេះរទេះ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,២៣លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១៥៧កន្លែង ។
សេចក្តីប្រកាសព័ត៌មានរបស់ CDC ដដែលបានបញ្ជាក់ថា គ្រោងទី៨ គឺគម្រោងធ្វើអាជីវកម្មថ្មអារ (ថ្មម៉ាប) ដែលមានទីតាំងវិនិយោគស្ថិតនៅតំបន់ភ្នំជំរាល ភូមិព្រៃជ្រៅ ឃុំក្បាលទឹក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង មានទុនវិនិយោគប្រមាណ ៤,៦៤លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៩៦កន្លែង។ ចំណែក ទី ៩ គម្រោងបង្កើតរោងចក្រផលិតក្រដាសវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិស្រះកែវ ឃុំកំពង់ព្រះ ស្រុកសង្កែ ខេត្តបាត់ដំបង មានទុនវិនិយោគប្រមាណ ១១,១១លាន ដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៤០១កន្លែង និងទី ១០ ជាគម្រោងសាងសង់ និងធ្វើអាជីវកម្មសណ្ឋាគារថ្នាក់ផ្កាយ៥ ចំនួន៦០០បន្ទប់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិលេខ៨ ឃុំសំពៅលូន ស្រុកកោះធំ ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៩៤,៥លានដុល្លារអាមេរិកនិងអាចបង្កើតការងារបានចំនួន ១.២២១កន្លែង ។
យោងតាមខ្លឹមសាររបស់ក្រុមប្រឹក្សាភិបាល បានបង្ហាញថា គម្រោងភាគច្រើនដែលបានអនុម័តអោយវិនិយោគ ជាគម្រោងរោងចក្រ ឧស្សាហកម្ម ខណៈវិស័យនេះ កំពុងដើរតួនាទីយ៉ាងសំខាន់ នៅក្នុងវិស័យសេដ្ឋកិច្ចកម្ពុជា និងបានផ្ដល់ការងារជូនពលរដ្ឋក្នុងស្រុករាប់លាននាក់ផងដែរ ។ ដោយសារតែវិស័យនេះមានសារសំខាន់សំខាន់កំណើនសេដ្ឋកិច្ចជាតិ រដ្ឋាភិបាលកម្ពុជា ក៏បានលើកទឹកចិត្តនិងជំរុញអោយមានការវិនិយោគបន្ថែម ដើម្បីផ្ដល់ឱកាសការងារជាច្រើនទៀតដល់ពលរដ្ឋនិងដើម្បីទប់ស្កាត់ការធ្វើចំណាកស្រុកទៅក្រៅប្រទេស៕
សូមបញ្ជាក់ថារយៈពេល៦ខែ ដើមឆ្នាំ២០១៨ នេះ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តជាបន្តបន្ទាប់លើការវិនិយោគពីបរទេសសរុបចំនួន ១០៦គម្រោង ដែលមានទំហំទឹកប្រាក់ប្រមាណ ៣.៥០០លានដុល្លារ និងអាចបង្កើតការងារបានជិត ១០ម៉ឺនកន្លែងនៅប្រទេសកម្ពុជា ៕
ចែករំលែកព័តមាននេះ